អាជីវកម្មចំនួន៣បែបថ្មីស្រឡាង បង្កើតដំបូងទទួលអ្នកវិនិយោគរាប់លានដុល្លារ ប៉ុន្តែបែក្ស័យធុនទៅវិញងើបមិនរួច
មានឃ្លាមួយគេនិយមនិយាយជាទូទៅថា អាជីវកម្មបង្កើតថ្មីប្រមាណជា៩៨%នឹងត្រូវបិទទ្វាទៅវិញ នៅក្នុងកំឡុងពេល៥ឆ្នាំដំបូង ពាក្យដែលគេថានេះមិនសូវជាខុសឡើយ ព្រោះជួនកាលទៅអាជីវកម្មខ្លះចាប់ផ្ដើមដោយគំនិតល្អ ខ្លះឈានរកចំណូល ឬទុនបានរាប់លានដុល្លារទៀតប៉ុន្តែជាអកុសលត្រូវប្រកាសបិទទ្វា ឬក្ស័យធនទៅវិញ។
តួរយ៉ាងគំនិតអាជីវកម្មខាងផ្នែកបច្ចេកវិទ្យា៣នេះ ថ្វីត្បិតថាមានលក្ខណៈប្លែកថ្មី ក៏ពិតមែនប៉ុន្តែត្រូវបានបិទទ្វា និងប្រកាសក្ស័យធនទៅវិញ ដោយមូលហេតុផ្សេងៗគ្នា។
១.គំនិតជួលកង់អគ្គសនី Ofo
ស្រដៀងទៅនឹងគំនិតរកស៊ីរបស់ Uber ឬ PassApp នោះទេ វាជាគំនិតក្នុងស្វែងរកកង់អគ្គិសនីជិះ គ្រាន់តែកង់ Ofo ត្រូវប្រើប្រាស់ការស្កេន QR Code ដើម្បីដោះសោ បង់លុយបានជិះ។ ចាប់ផ្ដើមបានតែពីរបីឆ្នាំប៉ុណ្ណោះក្រុមហ៊ុនមួយនេះបានពង្រីកខ្លួនមិនតិចជាង២០ប្រទេសឡើយ ហើយកើបលុយជាង២ពាន់លានដុល្លារ ប៉ុន្តែក្រោយពីលេចចេញដៃគូរប្រកួតប្រជែងកាន់តែមានច្រើនទៅៗ ដូចជា Mobike ដែលជាដៃគូរប្រកួតប្រជែងធំជាដើម Ofo ពិបាកនឹងរកប្រាក់ចំណេញក៏ប្រកាសខ្លួនក្ស័យធនតែម្ដងទៅ។
២.ទូរស័ព្ទអេក្រង់មុខក្រោយYotaphone
នេះជាគំនិតមួយប្លែក ដែលក្រុមហ៊ុនស្មាតហ្វូនរបស់រុស្ស៊ីមួយ បានផលិតស្មាតហ្វូនដែលមានអេក្រង់មុខផងក្រោយផងដោយឱ្យឈ្មោះថា Yotaphone យ៉ាងណាក៏ដោយក្រុមហ៊ុននេះក៏ត្រូវប្រកាសក្ស័យធុនបិទទ្វាទៅវិញ។ ហេតុផលនៃការបិទទ្វារនេះសាមញ្ញទេគឺដោយហេតុតែមានអតិថិជនតិច មិនរួចខ្លួននិងដំណើរប្រតិបត្តិការអាជីវកម្ម ស្របពេលដែលមានរឿងក្តីក្ដាំជាមួយក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងផលិតឱ្យខ្លួន ដោយត្រូវបង់លុយឱ្យគេប្រមាណជាជិត ២០០លានដុល្លារ។
៣.កូនរ៉ូបូតតូច Anki
ក្រុមហ៊ុនមួយនេះចេញមកពីជង្រុកបច្ចេកវិទ្យារបស់អាមេរិក តែម្ដងគឺតំបន់ Silicon Valley ដោយចាប់ផ្ដើមបង្កើតតាំងតែពីឆ្នាំ២០១៣មកម្លេះ ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកស្រឡាញ់ចូលចិត្តបច្ចេកវិទ្យា។ លក្ខណៈពិសេសរបស់រូបូតនេះ គឺវាប្រៀបបានដូចជាសត្វចញ្ចឹមនាពេលអនាគតអ៊ីចឹង តែវាអាចនិយាយជាមួយយើងបានព្រមទាំងយល់ពីអារម្មណ៍របស់មនុស្សតាមរយៈបច្ចេកវិទ្យា AI ឬបញ្ញាសុប្បនិម្មិតនោះ ហើយក៏ដោយសារលក្ខណៈពិសេសយ៉ាងនេះហើយទើបធ្វើឱ្យមានអ្នកវិនិយោគដាក់ទុនរហូតដល់ទៅ ២០០លានដុល្លារ។
យ៉ាងណាក៏ដោយក្រុមហ៊ុនមួយនេះមានវាសនាមិនល្អនោះទេ ដោយត្រូវប្រកាសក្ស័យធុនបិទទ្វាក្រុមហ៊ុន រំសាយបុគ្គិលិក ក៏ព្រោះតែចាយលុយវិនិយោគអស់លែងមានខ្ទង់ចំណាយបន្តទៀត ហើយមិនមានការកុម្ម៉ង់ទិញ៕