ក្រោយ​​ជំនួប​ពិភាក្សា​របស់​សម្តេចតេជោ និងប្រតិភូជប៉ុន​ មានធនាគារ​ធំ​ក្នុង​ប្រទេសជប៉ុន​នឹងធ្វើការវិនិយោគនៅកម្ពុជា

ប្រធានសាខា​ទូទាំង​សាកលលោក​ នៃ​ធនាគារ​ជប៉ុន​ Mizuho​ បាន​សន្យា​នឹង​ជំរុញ​អ្នក​វិនិយោគ​ជប៉ុន​កាន់តែ​ច្រើន​ មក​វិនិយោគ​នៅ​កម្ពុជា​។ នេះ​បើ​តាម​ការ​ឲ្យដឹង​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​ និង​សម្តែង​ការគួរសម​ជាមួយ​សម្ដេច​តេជោ​ ហ៊ុន​ សែន ​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃទី២៩​ ខែឧសភា​កន្លងមក​នេះ​ លោក​សេ​ជី​ អ៊ី​ម៉ៃ​ អនុប្រធាន​ធនាគារ​ Mizuho​ បាន​ជម្រាបសួរ​ជូន​សម្ដេច​ថា ​នៅ​ឆ្នាំ២០១៣​ ក្រុមហ៊ុន​របស់​លោក​បានសម្រេច​ ក្នុង​ការបង្កើត​ការិយាល័យ​របស់​ខ្លួន​នៅក្នុង​ទីក្រុង​ភ្នំពេញ​ ហើយ​នៅ​ឆ្នាំ២០១៧​ ក្រុមហ៊ុន​របស់​លោក​បាន​ទទួល​អាជ្ញាប័ណ្ណ​ ពី​ធនាគារជាតិនៃកម្ពុជា​ក្នុង​ការ​បើក​ធនាគារ​មី​ហ៊្សូហូ​ក្នុង​រាជធានី​​ភ្នំពេញ​តែម្ដង​។

លោក​បាន​ឲ្យដឹង​ថា​ “រហូតមកដល់​ពេលនេះ​ ធនាគារ​របស់​លោក​បាន​ប្រតិបត្តិ​ការ​ពីរ​ឆ្នាំ​មក​ហើយ​ ដូច្នេះ​លោក​បាន​គូសបញ្ជាក់​ថា​គាត់​ពិតជា​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការជំរុញ​ធ្វើ​យ៉ាងម៉េច​ឲ្យ​ភ្ញៀវ​របស់​ធនាគារ​ ជាពិសេស​ពី​ប្រទេស​ជប៉ុន​ទៅ​បណ្ដាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា​”។ លោក​បន្ត​ថា​ “លោក​នឹង​ខិតខំ​លើកទឹកចិត្ត​ដល់​ភ្ញៀវ​ដទៃទៀត​ ឲ្យ​ទៅ​ប្រទេស​កម្ពុជា​ដើម្បី​ដាក់​ទុន​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។ លោក​ក៏បាន​គូសបញ្ជាក់​ផង​ដែរ​ថា​ ធនាគារ​របស់​លោក​នឹង​ចាប់ផ្ដើម​ធ្វើការ​ពីទី​ក្រុង​តូក្យូ​ទៅ​ទីក្រុង​ភ្នំពេញ​តែម្ដង​ ដោយ​មិន​ឆ្លងកាត់​ទីក្រុង​បាងកក​នោះ​ទេ​។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​ស្វាគមន៍​ និង​ចង់​ឲ្យ​ធនាគារ​នេះ​មានការ​បណ្ដាក់ទុន​ដោយធ្វើ​ការ​ផ្ទាល់​ ពីទី​ក្រុង​តូក្យូ​ទៅ​ទីក្រុង​ភ្នំពេញ​ ដោយ​មិនបាច់​ឆ្លងកាត់​ទីក្រុង​បាងកក​ប្រទេស​ថៃ​នោះ​ទេ​។ សម្តេច​តេជោ​បាន​មានប្រសាសន៍​ សម្ដេច​បានសម្រេច​មក​ប្រទេស​ជប៉ុន​នេះ​មុន​មួយថ្ងៃ​ នៃ​សន្និសីទ​អន្តរជាតិ​ទី២៥ស្តី​ពី​ អនាគត​អាស៊ី​ដើម្បី​ចូលរួម​ក្នុង​សិក្ខាសាលា​ដែល​មាន​សារៈសំខាន់​នេះ​។

​សម្តេច​តេជោ​បាន​មានប្រសាសន៍​ថា​ “ប្រទេស​ជប៉ុន​នៅតែ​មាន​សក្កា​នុ​ពល​ច្រើន​បន្ថែម​ទៀត​ ដូច្នេះហើយ​សូមឲ្យ​ធនាគារ​ បន្ត​ផ្ដល់​ឥណទាន​ដល់​ក្រុមហ៊ុន​ដែល​អាច​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ជាពិសេស​ក្រុមហ៊ុន​ដែល​ផលិត​ និង​កែច្នៃ​ផលិតផល​វត្ថុធាតុដើម​របស់​ប្រទេស​កម្ពុជា​ ក្នុង​ការនាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន​ ដែល​នេះ​គឺជា​អ្វី​ដែល​សម្ដេច​ចង់​ឃើញ​ ឲ្យ​មានការ​នាំចេញ​ឲ្យបាន​ច្រើន​ពី​ផលិតផល​របស់​កម្ពុជា​ ទៅកាន់​ប្រទេស​ជប៉ុន​។

សេ​ជី​ អ៊ឺ​ម៉ៃ​ បាន​បន្ត​ឲ្យដឹង​ផង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​លោក​កំពុង​ខិតខំ​ជំរុញ​ធ្វើ​យ៉ាងណា​ឱ្យ​វិនិយោគ​ជប៉ុន​ បន្តម​កដាក់​ទុន​ក្នុង​ប្រទេស​កម្ពុជា​បាន​ច្រើនជាង​មុន​ ជាពិសេស​នឹង​ខិតខំ​ជំរុញ​ឲ្យ​សហគ្រាស​តូច​ និង​មធ្យម​ពី​ប្រទេស​ជប៉ុន​ទៅ​បន្ត​បណ្ដាក់ទុន​ ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​ខាងមុខ​៕