ការចេញផ្សាយមួយពី World Stop Exports បានឲ្យដឹងថាក្នុងនាមជាប្រទេសមួយ ដែលមានទីតាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាប្រទេសស្ថាបនិកសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ថៃជាប្រទេសមួយមានសេដ្ឋកិច្ចរីកចម្រើន មានការនាំចេញផលិតផលជាច្រើនទៅកាន់ពិភពលោក។ ជាប្រទេសមួយជាប់ចំណាត់ថ្នាក់លេខ២៣នៃប្រទេសដែលមានសេដ្ឋកិច្ចនាំចេញធំជាងគេក្នុងសកល និងលំដាប់លេខ៣២ជាប្រទេស ដែលមានប្រព័ន្ធសេដ្ឋកិច្ចមមាញឹកជាងគេ នេះបើយោងតាម Economic Complexity Index (ECI)។
គិតត្រឹមឆ្នាំ២០១៧ ការនាំចេញរបស់ប្រទេសថៃមានប្រមាណ២១៥ប៊ីលានដុល្លារ ឯការនាំចូលមាន១៦០ប៊ីលានដុល្លារ នេះជាសញ្ញាបង្ហាញពីភាពវិជ្ជមាននៃជញ្ជីងពាណិជ្ជកម្មរបស់ប្រទេសមួយនេះ។ សមតុល្យពាណិជ្ជកម្មមានតម្លៃប្រមាណ៥៤.៨ប៊ីលានដុល្លារGDP គិតត្រឹមឆ្នាំ២០១៧ មានរហូតទៅដល់៤៥៥ប៊ីលានដុល្លារ ខណៈGDP per Capita មាន ៦,៥៩៣.៨២ ដុល្លារអាមេរិកសម្រាប់មនុស្សម្នាក់ នេះបើយោងតាមគេហទំព័រ atlas.media។
ក្រុមផលិតផលទាំងអស់ខាងក្រោម បង្ហាញពីតម្លៃខ្ពស់នៃប្រាក់ដុល្លារក្នុងការនាំចេញរបស់ផលិតផលថៃទៅកាន់បណ្តាប្រទេសនានា។ ផលិតផលលំដាប់កំពូលចំនួន១០ ដែលថៃនាំចេញទៅកាន់ទីផ្សារបរទេសមានដូចជា៖
១.គ្រឿងម៉ាស៊ីន រួមទាំងកុំព្យូទ័រ គិតជាទឹកប្រាក់ប្រមាណ៤២.៩ប៊ីលានដុល្លារ ដែលវាស្មើប្រមាណ១៧.២%នៃការនាំចេញសរុប
២.ម៉ាស៊ីន និងបរិក្ខារអេឡិចត្រូនិច គិតជាទឹកប្រាក់ប្រមាណ៣៥ប៊ីលានដុល្លារ ស្មើប្រមាណ១៤%
៣.យានយន្ត គិតជាទឹកប្រាក់ប្រមាណ៣០.៤ប៊ីលានដុល្លារ ស្មើប្រមាណ១២.២%
៤.កៅស៊ូ គិតជាទឹកប្រាក់ប្រមាណ១៥.៥ប៊ីលានដុល្លារ ស្មើប្រមាណ៦.២%
៥.ផលិតផលប្លាស្ទិច គិតជាទឹកប្រាក់ប្រមាណ១៤.៥ប៊ីលានដុល្លារ ស្មើប្រមាណ៥.៨%
៦.ត្បូង និងរ៉ែ គិតជាទឹកប្រាក់ប្រមាណ១១.៩ប៊ីលានដុល្លារ ស្មើប្រមាណ៤.៨%
៧.រ៉ែឥន្ធនៈ និងប្រេង គិតជាទឹកប្រាក់ប្រមាណ១០.៦ប៊ីលានដុល្លារ ស្មើប្រមាណ៤.២%
៨.សាច់សត្វ គ្រឿងសមុទ្រវេចខ្ចប់ គិតជាទឹកប្រាក់ប្រមាណ៦.៦ប៊ីលានដុល្លារ ស្មើប្រមាណ២.៦%
៩.ជីធម្មជាតិសម្រាប់កសិកម្ម គិតជាទឹកប្រាក់ប្រមាណ៦.១ប៊ីលានដុល្លារ ស្មើប្រមាណ២.៥%
១០.និងគ្រាប់ធញ្ញជាតិ គិតជាទឹកប្រាក់ប្រមាណ៥.៧ប៊ីលានដុល្លារ ស្មើប្រមាណ២.៣%
គោលដៅនៃការនាំចេញរបស់ថៃមានដូចជា៖ ប្រទេសចិន សហរដ្ឋអាមេរិក ជប៉ុន ម៉ាឡេស៊ី ហុងកុង សិង្ហបុរី វៀតណាម អូស្រា្តលី ឥណ្ឌូនេស៊ី ហ្វីលីពីន កម្ពុជា ឥណ្ឌា អាល្លឺម៉ង់ កូរ៉េខាងត្បូង ឡាវ មីយ៉ាន់ម៉ា តៃវ៉ាន់ ស្ទើរគ្រប់ប្រទេសនៅអឺរ៉ុប និងបណ្តាប្រទេសមួយចំនួនទៀត៕