សម្តេចតេជោ ហ៊ុន សែន ៖ ត្រឹមតែរយៈពេល២៥ឆ្នាំប៉ុណ្ណោះ ប្រទេសកម្ពុជាទទួលវិនិយោគទុនជប៉ុន២,៥ពាន់លាន$
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថាក្នុងក្របខណ្ឌនៃការវិនិយោគផ្ទាល់ពីជប៉ុន ផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតពីឆ្នាំ១៩៩៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០១៩ (រយៈពេល២៥ឆ្នាំ) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជី គម្រោងវិនិយោគ របស់ក្រុមហ៊ុនជប៉ុន ចំនួន១៣៧គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ២,៥ពាន់លានដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន ថ្លែងឲ្យដឹងសិក្ខាសាលា ស្ដីអំពីបរិយាកាសវិនិយោគនៅកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នេះថាគម្រោងវិនិយោគទាំងអស់ផ្ដោតសំខាន់លើផ្នែកផលិតគ្រឿងបង្គុំអគ្គិសនីនិងអេឡិកត្រូនិក គ្រឿងបង្គុំរថយន្ត និងសម្ភារៈបរិក្ខាបច្ចេកទេស កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។
ក្រៅពីគម្រោងវិនិ-យោគ ដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាខាងលើ ក៏មានវត្តមាននៃសកម្មភាពធុរកិច្ចជប៉ុនទាំងធំ ទាំងតូច ចំនួនប្រមាណ១.៧០០ក្រុមហ៊ុន ដែលមានសកម្មភាព ក្នុងវិស័យជាច្រើនដូចជាវិស័យធនាគារ អាកាសចរណ៍ ភោជនីយដ្ឋាន ជាដើម។
សម្តេចបន្ថែមថា ចំពោះវិស័យធនាគារ បច្ចុប្បន្នមានធនាគារដែលមានភាគហ៊ុនជប៉ុនចំនួន៦ កំពុងមានប្រតិបត្តិការនៅកម្ពុជា ក្នុងនោះធនាគារមីហ្ស៊ូហូជាធនាគារជប៉ុនលំដាប់អន្តរជាតិដំបូងគេបង្អស់ ដែលបានទទួលអាជ្ញាប័ណ្ណធនាគារពាណិជ្ជនៅកម្ពុជាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧។ សម្តេចតេជោបន្ថែមថា ចំណែកវិស័យទេសចរណ៍ ក្នុងត្រីមាសទី១ ឆ្នាំ២០១៩ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរ ជប៉ុនប្រមាណជាង៦ម៉ឺននាក់ ដែលតួលេខនេះមានការកើនឡើងប្រមាណ២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។
កំណើននៃប្រជាជនកម្ពុជាមកប្រទេសជប៉ុនក៏មានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ នេះបើយោងតាមព័ត៌មានដែលយើងទទួលបានពីស្ថានទូតជប៉ុនប្រចាំកម្ពុជា គឺបើធៀបនឹងឆ្នាំ២០១៧ នៅឆ្នាំ២០១៨កន្លងទៅកំណើននៃការផ្តល់ទិដ្ឋាការដល់ប្រជាជនកម្ពុជាមានការកើនឡើងប្រមាណ៣៤%។
រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា និងកំពុងអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលជាយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មី សំដៅ ធ្វើពិពិធកម្មសេដ្ឋកិច្ច និងកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០២៥។
គោលនយោបាយនេះបានកំណត់ប្រភេទឧស្សាហកម្មអាទិភាពចំនួន៥ រួមមាន៖ ១.ឧស្សាហកម្ម ឬកម្មន្តសាលថ្មីៗ ដែលមានចរិតជាការបើកច្រកចូលទីផ្សារ ផ្ដល់តម្លៃបន្ថែមខ្ពស់ មានភាពច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ២.សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាព ៣.ផលិតកម្ម កសិ-ឧស្សាហកម្មដែលបម្រើឱ្យការនាំចេញ និងទីផ្សារក្នុងស្រុក ៤.ប្រភេទឧស្សាហកម្មគាំទ្រ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍ និងកាត់ដេរ ព្រមទាំងឧស្សាហកម្ម បម្រើឱ្យខ្សែចង្វាក់ផលិតកម្មតំបន់ ដែលជាឧស្សាហកម្មតភ្ជាប់ទៅទីផ្សារ ឬខ្សែចង្វាក់តម្លៃសកល ៥.ប្រភេទឧស្សាហកម្មបម្រើឱ្យខ្សែចង្វាក់ផលិតកម្មតំបន់ និងមានចរិតយុទ្ធសាស្ត្រនាពេលអនាគត៕