ក្រោយសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិនភ្លាមៗ អាមេរិកបានសម្រចផ្លាស់ប្តូរទីតាំងរោងចក្រពីទឹកដីចិនឆ្ពោះទៅឥណ្ឌា
បន្ទាប់ពីសង្គ្រាមពាណិជ្ជកម្មរបស់អាមេរិក-ចិន បានផ្ទុះកក្រើកពេញពិភពលោក និងធ្វើឲ្យក្រុមហ៊ុនមួយចំនួនរបស់អាមេរិក និងចិន ត្រូវបានខាតដើមទុនអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែអាមេរិកនៅតែងើបរកទីផ្សារនានា ដើម្បីធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចរបស់ខ្លួនមានដំណើរការវិញ។
ថ្មីៗនេះអាមេរិកបានសម្លឹងមើលប្រទេសឥណ្ឌា ដើម្បីធ្វើការផ្លាស់ប្តូររោងចក្រពីទឹកដីចិន និងយកទីតាំងប្រទេសឥណ្ឌា ដើម្បីជាកន្លែងរោងចក្ររបស់ខ្លួន។ ការវិនិយោគលើឧស្សាហកម្មអេឡិចត្រូនិកសកល ត្រូវបានគេដឹងថា មានតម្លៃប្រមាណ២ប៊ីលានដុល្លារ។ បច្ចុប្បន្ន ចិនបានក្តោបក្តាប់ប្រមាណ៨០% នៃទំហំផលិតកម្មសរុប ដែលត្រូវបានគេព្យាករណ៍ថាក្នុងឆ្នាំ២០៣០GDP ចិននឹងកើនដល់៤.៤ទ្រីលានដុល្លារ។
បន្ទាប់ពីមានសន្ទុះនៃការរីកចម្រើនអស់រយៈពេល២៦ឆ្នាំមកនេះ ចិនគេបានកត់សម្គាល់ថាតម្លៃអគ្គិសនីនៅចិនខ្ពស់ជាងនៅឥណ្ឌា៥៧%។ យោងតាមរបាយការណ៍ពី Consumer Electronics and Appliances Manufacturers Association (CEAMA) បញ្ជាក់ថា ការប្រើប្រាស់ផលិតផលអេឡិចត្រូនិករបស់ឥណ្ឌាកំពុងកើន និងបន្តមានកំណើនក្នុងរង្វង់៩.៥% គិតពីឆ្នាំ២០១៥ ដល់២០២១។ ដូចនេះឥណ្ឌាកំពុងមានឱកាសច្រើនដែលអាចនឹងក្តោបក្តាប់ផលិតកម្មអេឡិចត្រូនិកសកលប្រមាណ៣០% ទៅ៤០% ក្នុងរយៈពេល១០ខាងមុខ។
ឥណ្ឌាខុសពីវៀតណាមលើគុណភាពផលិតផល ទោះបីជាគេដឹងថាទំនិញមួយចំនួនផលិតក្នុងកម្រិតគុណភាពទាបមែន ក៏គេមិនសូវជាមានការសូញសាញដូចទំនិញរបស់វៀតណាមដែរ ហេតុនេះហើយទើបទំនិញដែលមានពាក្យថា “Made in India” ត្រូវបានគេស្វាគមន៍ច្រើនជាង “Made in Vietnam”។ ដោយឡែកឥណ្ឌាហាក់ត្រូវបានគេសម្លឹងឃើញពីធនធានដែលមាន ពិសេសធនធានមនុស្ស តម្លៃពលកម្មទាប រីឯបច្ចេកវិទ្យារបស់ឥណ្ឌាមិនអន់ប៉ុន្មានទេបើធៀបនឹងចិន។
ទោះជាយ៉ាងនេះក្តីយើងរងចាំមើលបន្តទៀតទាំងអស់គ្នាថា តើសហរដ្ឋអាមេរិកនឹងទទួលជោគជ័យបិទផ្លូវចិនដោយការដកក្រុមហ៊ុន និងរោងចក្រចេញពីប្រទេសចិននេះបានឬក៏យ៉ាងណា៕