ការទិញដី ឬវិនិយោគដីទុកចំណេញរយៈពេលវែង ឬខ្លីកំពុងពេញនិយមខ្លាំងនៅកម្ពុជា ដោយសារតែវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងរីកចម្រើន ហើយដីទំនេរច្រើន តម្រូវការសម្រាប់សាងសង់អគារផ្សេងៗ មានផ្ទះ ផ្សារទំនើប រោងចក្រ តំបន់សេដ្ឋកិច្ចច្រើន។ ហើយវាពិតជាអំណោយផលល្អ សម្រាប់អ្នកទិញទុកចំណេញ តែកុំទាន់អាលសប្បាយចិត្ត ចេះតែយកលុយទៅទិញដីឱ្យសោះ ព្រោះអ្នកអាចសាងកំហុស រហូតបាត់ឱកាសចំណេញ និងមានរឿងរ៉ាវជាប់ខ្លួនទៀតផង។
អ្នកជំនាញអចលនទ្រព្យបានថ្លែងថា កំហុសភាគច្រើននៃការទិញដីទុកចំណេញនោះ គឺជឿតាមអ្នកទីផ្សារខ្លាំងពេក តាមការប្រូម៉ូសិនចំណុចល្អៗ ដែលពេលខ្លះវាជារឿងមិនអាចទៅរួច ឬកើតឡើងមិនទៀតទាត់ អាចកើតឡើង ឬមិនកើត ទាក់ទងគម្រោងវិនិយោគក្បែរដីដែលត្រូវទិញ ជំរុញឱ្យដីឡើងថ្លៃ។ មុនសម្រេចចិត្តទិញ ត្រូវតែវិភាគព័ត៌មានដោយខ្លួនឯងឱ្យគ្រប់ជ្រុងជ្រោយ ស៊ូតវិនិយោគយឺត តែមិនប្រថុនប្រថានរហូតខាតដើម ខាតចុងនោះទេ។
កំហុសធំមួយទៀត ចង់ចំណេញលឿនពេក រហូតបង្ខំចិត្តទិញដីដែលមិនទាន់មានព័ត៌មានច្បាស់លាស់ ដែលដីខ្លះមិនស្របច្បាប់ ជាប់ប្លង់នៅធនាគារ ដីមានទំនាស់ ដែលអ្នកលក់គ្មានវិជ្ជាជីវៈខ្លះ មិនបង្ហាញប្រាប់យើងឱ្យបានដឹង ធ្វើឱ្យយើងមានបញ្ហាក្រោយពេលទិញ ឬអាចនិយាយថា ទិញដី តែបានបញ្ហា រឿងរ៉ាវទៅវិញ។ ដូច្នេះមុននឹងទិញ ត្រូវសិក្សាអំពីប្រវត្តិដី ស្ថានភាពដី ស្រប់ច្បាប់ឬទេ ដើម្បីធានាមិនឱ្យមានបញ្ហាក្រោយពេលទិញ។ ជាទូទៅ ការវិនិយោគដីធ្លី កុំរំពឹងចំណេញខ្លីពេក យ៉ាងហោចណាស់ក៏៣ឆ្នាំទៅ៥ឆ្នាំខាងមុខដែរ ព្រោះការវិនិយោគអចលនទ្រព្យ គឺវិនិយោគរយៈពេលវែង។
អ្នកជំនាញរូបនេះបញ្ជាក់ថា ដើម្បីចៀសវាងកំហុសក្នុងការវិនិយោគ ត្រូវវិនិយោគតាមក្បួន មិនចេះតែវិនិយោគតាមចិត្តចង់នោះទេ ជាពិសេសត្រូវប្រឹក្សាយោបល់ជាមួយអ្នកជំនាញឯកទេសផ្នែកដីតែម្តង ព្រោះគាត់ដឹងច្បាស់ថា ដីណាគួរវិនិយោគ និងមិនគួរវិនិយោគ ហើយអត្រាចំណេញខ្ពស់ ឬទាប។ ហើយបុគ្គលសំខាន់មួយទៀតដែលយើងត្រូវការប្រឹក្សាយោបល់នោះ គឺអ្នកតាម្ចាស់ស្រុក ឬអាជ្ញាធរមូលដ្ឋានមាន៖មេឃុំ មេភូមិរស់នៅតំបន់នោះ ដែលគាត់ដឹងប្រវត្តិដីច្បាស់ជាងនរណាអ្នកទាំង ហើយអាចបញ្ជាក់ប្រាប់យើង តើដីនេះគួរទិញ ឬមិនគួរ៕