ភ្នំពេញ៖ Wing ដែលជាធនាគារឯកទេសមួយដែលតែងតែតម្កើងខ្លួនថាឈានមុខគេក្នុងសេវាកម្មវេរលុយ បែរជារងការរិះគន់ថា ជាក្រុមហ៊ុនខ្វះសុជីវធម៌ទៅវិញ។ សារបែកធ្លាយនេះបែកចេញពី វគ្គបណ្តុះបណ្តាល និងថ្លែងអំណរគុណភ្នាក់ងារវីង កាលពីថ្ងៃទី ០១ វិច្ឆកា ២០១៩ ថ្មីៗនេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ។ក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលនេះ ភ្នាក់ងារទាំងអស់មិនត្រូវអនុញ្ញាតឲ្យយកទូរសព្ទដៃចូលឡើយ។ សារបែកធ្លាយនេះ និយាយរិះគន់ចំៗចំពោះក្រុមហ៊ុនវេរលុយ អុីម៉ាន់នី។ដែលសារសម្លេងប្រមាណ៣០វិនាទីនៅក្នុងកម្មវីធីបណ្តុះបណ្តាលនោះមានខ្លឹមសារថា «ឃើញហើយថាភ្នាក់ងារeMoney ចាប់ផ្តើមបិទឈប់ធ្វើបណ្តើរៗ មិនមែនទេ គឺឈប់តាំងពីឆ្នាំមុនម្លេះ»។តាមរយៈការសាកសួរដោយផ្ទាល់ចំពោះភ្នាក់ងារវីងម្នាក់ដែលបានចូលរួមក្នុងកម្មវិធីនេះដែរដោយសុំមិនបញ្ចេញឈ្មោះបាននិយាយថា៖ «ទោះបីជានាងខ្ញុំជាភ្នាក់ងារវីង តែខ្ញុំក៏មិនពេញចិត្តចំពោះការលើកឡើងវាយប្រហារគេឯងបែបនេះដែរ ព្រោះបងស្រីខ្ញុំផ្ទះជាប់ខ្ញុំជាភ្នាក់ងារ ទ្រូម៉ាន់នី ពេលឮការបកស្រាយ វាយប្រហារលើសពីការពិតបែបនេះ ពិតជាពិបាកទទួលយកណាស់ព្រោះផ្ទះបងស្រីខ្ញុំមានអតិថិជនច្រើនជាងខ្ញុំផង។ »ចំពោះសម្លេងបែកធ្លាយនេះ ក្រុមការងារយើងក៏បានទាក់ទងទៅក្រុមហ៊ុនអុីម៉ាន់នី និងក្រុមហ៊ុនទ្រូម៉ាន់នីចំពោះសម្លេងបែកធ្លាយនេះដើម្បីបញ្ជាក់ តែខាងក្រុមហ៊ុនអុីម៉ាន់នីមិនអាចទាក់ទងបាន។
ដោយឡែកក្រុមហ៊ុនទ្រូម៉ាន់នី លោក ឈន់ សកល បានលើកឡើងថា៖ «លោកមិនយកចិត្តទុកដាក់ចំពោះការផ្សព្វផ្សាយខ្វះសីលធម៌ និងគ្មានវិជ្ជាជីវៈ ដូចដែលក្រុមហ៊ុនវីងកំពុងធ្វើបែបនេះទេ ម្យ៉ាងប្រហែលដោយសារក្រុមហ៊ុនWing ខ្លួនឯងកំពុងភ័យខ្លាច ហើយកំពុងបាត់បង់អតិថិជន ទើបប្រើយុទ្ធសាស្រ្តវាយប្រហារគេឯងបែបនេះ»។គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមហ៊ុនដែលបម្រើសេវាកម្មវេរលុយកំពុងមានការប្រកួតប្រជែងខ្លាំងគួរឲ្យកត់សម្គាល់ ក្នុងនោះមាន ធនាគារឯកទេសវីង ក្រុមហ៊ុនអុីម៉ាន់នី និងក្រុមហ៊ុនទ្រូម៉ាន់នី ដែលបានប្រកាសខ្លួនថាជាក្រុមហ៊ុនឈានមុខគេ ដែលមានបណ្តាញភ្នាក់ងារច្រើនជាងគេបំផុតនៅកម្ពុជា ៕