ហោរាសាស្រ្ត ប្រចាំថ្ងៃ អង្គារ ទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃទី ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​នៅតែ​ស្រុតចុះ​ដដែល​ទេ ម្ល៉ោះហើយ​រាល់​ការរស់នៅ​តែង​ជួប​នូវ​បញ្ហា​រកាំរកូស និង​មាន​បញ្ហា​ច្រើន​ត្រូវ​ឆ្លងកាត់​។​ចំពោះ​ការប្រកប​ការងារ​វិញ​ឃើញថា​លូតលាស់​ទៅមុខ​យឺត ហើយ​ពិសេស​ងាយ​ទទួលរង​ដូច​ពាក្យចាស់​ថា​”​ធ្វើ​ច្រើន​ខុស​ច្រើន​ថែមទៀត​”​។​ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនទាន់​ភ្លឺ​ថ្លា​ប៉ុន្មាន​ទេ​គឺ​អួអាប់​ណាស់ ហើយ​ពិសេស​បើ​ចង់​ជួញដូរ​រយៈពេល​យូរអង្វែង​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះថា​ជួប​នូវ​បញ្ហា​ច្រើន ។​ ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ទៅមុខ​យឺត​តែ​ងាយ​ថយក្រោយ​ដូចនេះ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​រហូត​ក្លាយជា​រឿង​បែកបាក់​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងាត់ស្ងៀម ហើយ​ធ្វើ​អ្វី​ត្រូវ​ប្រយ័ត្នប្រយែង​ទើប​ពុំមាន​បញ្ហា​ចោទឡើង​។​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​សត្រូវ​លាក់​មុខ​តាម​វាយប្រហារ​ដោយ​ប្រការ​ណាមួយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​រកាំ​ចិត្តច្រើន ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ព្រោះ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​។
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​គ្នា និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដូចនេះ​នាំឱ្យ​កើត​បញ្ហា​ប្រទាំង​ប្រទើស​នោះ​មិនតិច​ឡើយ​៕

ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនសូវ​ល្អប្រសើរ​ប៉ុន្មាន​ទេ​គឺ​អ្នកខ្លះ​បាន​ជួបប្រទះ​នូវ​ឧបសគ្គ​ច្រើន​ផង​។​។​ដោយឡែក​ការប្រកប​ការងារ​លោក​អ្នកធ្វើ​អ្វី​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍ និង​មិនត្រូវ​យកចិត្ត​ក្តៅ​ដាក់ខ្លួន​ឡើយ​ពីព្រោះថា​ផល​អាក្រក់​នោះ​មាន​ចំពោះមុខ​ច្រើនជាង​សព្វមួយដង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហា​ស្មុគស្មាញ និង​ពិសេស​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់កាស​ឡើយ​ប្រយ័ត្ន​ទារ​វិញ​មិន​បានកើត​ជំលោះ​វិវាទ​ថែមទៀត​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ប្រុស​ប្រកែក​ស្រី​ប្រកាន់​ស្រួល​មិន​ស្រួល​ខូច​កិត្តិយស​ហើយ​ជាប់​ទោសពៃរ៍​ឥតអំពើ​៕

After Footer (Active) - damrei Mr1 Zone2

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ថ្ងៃនេះ​ឃើញថា​បើ​ចង់​ពឹងពាក់​ឬ​ចង់ឱ្យ​នរណា​ជួយ​ក្នុង​រឿង​អ្វីមួយ​តែងមាន​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​ជួយ​ជ្រោមជ្រែង​។​ការប្រកប​ការងា​រវិ​ញ​ទោះ​ធ្វើ​អ្វី​ងាយ​ឆាប់​ចប់​និង​ទទួលលទ្ធផល​លឿន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ចូរ​លោកអ្នក​គប្បី​បង្កើន​ការទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទទួលផល​ប្រយោជន៍​មកវិញ​យ៉ាងច្រើន​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ថែទាំ​ចំណង​ស្នេហ៍​ទើប​មិន​កើតរឿង​បែកបាក់​នៅ​គ្រា​ខាងមុខ​៕

​ឆ្នាំរោង​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ លោកអ្នក ងាយ​កើត​នូវ​បញ្ហា​តប់​ប្រ​ម៉​ល់ ហេតុនេះ​ត្រូវ​ចេះ​ទប់ចិត្ត សង្កត់​អារម្មណ៍​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​ការប្រកប​ការងា​រវិ​ញ​ត្រូវ​ចេះ​ដោះស្រាយ​រឿង​ចាស់​ឬ​រឿង​អ្វីមួយ​ឱ្យបាន​ល្អ​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​គឺ​ដូច​សព្វមួយដង​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ព្រោះតែ​ពាក្យសម្តី​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង ម្ល៉ោះហើយ​ការកើត​រឿង​រាវ​ប្រទាំង​ប្រទើស​ងាយ​ផ្ទុះឡើង​ណាស់​៕

​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។​អ្នក​កើត​ឆ្នាំម្សាញ់​ដំណើរ​ជីវិត​របស់​លោកអ្នក​ចាប់ផ្តើម​នឿយហត់ និង​ជួប​ស្ថានភាព​លំបាក ហេតុនេះ​ត្រូវ​អត់ធ្មត់​តស៊ូ​ជាមួយ​វា​ទើប​ប្រសើរ​។​ការប្រកប​ការងា​រវិ​ញ​នា​ថ្ងៃនេះ​មិនសូវ​រីកចម្រើន​ទេ​ពោលគឺ​មានការ​ថយក្រោយ​និង​មាន​បញ្ហា​ច្រើន​។​
​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មាន​ការទិញចូល​លក់​ចេញ​រស់​រវើក​គ្រាន់បើ​ហើយ​ផល​កម្រៃ​មាន​ចូល​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ហើយ​ប្រឆាំង​គ្នាច្រើន​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​នាំ​ត្រូវ​ឈឺផ្សារ​ផ្លូវចិត្ត​៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ឆ្នាំ​សេះ​គប្បី​រួសរាន់​បញ្ចប់​ការងារ​នាពេលនេះ​ឱ្យ​ចប់​ពីព្រោះថា​ឆ្លង​ដល់​ខែក្រោយ​ជួប​បញ្ហាលំបាក​ច្រើន​ពីព្រោះថា​ខែមីនា​ដួង​រាសី​ខែ​ធ្លាក់​ស្រុតចុះ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ការប្រកប​ការងារ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​កិច្ចការ​តូចធំ​តែង​ទទួលបាន​លទ្ធផល​គ្រាន់​ពេញចិត្ត​ត្រឡប់មកវិញ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក ឯ​បើ​លោកអ្នក​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​។​ ចំណែក​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ឆ្នាំ​ពពែ​នា​ខែកុម្ភៈ​នេះ​ដួង​រាសី​ខែ​ល្អជា​មធ្យម ហើយ​ឆ្លង​ដល់​ខែមីនា​ដួង​រាសី​ខែ​ខ្ពស់ត្រដែត​ធ្វើឱ្យ​ដំណើរ​ជីវិត​មាន​ភាពរលូន​និង​ទទួល​ជោគ​លាភ​គ្រាន់​ប្រសើរ​ជាង​នេះ​។​ដោយ​ឡែ​នៅថ្ងៃនេះ​វិញ បើ​មាន​កិច្ចការ​តូចធំ​លោកអ្នក​អាច​សម្រុក​ពេញទី​បាន​ហើយពី​ព្រោះថា​ផល​តែង​ហុច​មកវិញ​ច្រើន​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ប្រាក់ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ផងដែរ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ផង​ជាការ​ប្រសើរ​ដោយ​លោកអ្នក​អាច​កើប​ផល​ចំណូល​ត្រឡប់មកវិញ​យ៉ាង​ត្រជាក់ចិត្ត​។​ ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ចម្រើន​លូតលាស់​ទៅមុខ ហើយ​បើជា​ស្នេហា​ថ្មីថ្មោង​ផង​តែង​បានទទួល​ក្តីសង្ឃឹម​ពីគ្នា​យ៉ាង​កក់ក្តៅ​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​ស្វា​នៅ​ខែកុម្ភៈ​នេះ​គឺជា​ខែ​ដួង​រាសី​ធ្លាក់​ស្រុតចុះ​ខ្លាំង​ឬ​ខែ​ឆុង​(​តាម​ភាសា​ចិន​) ហេតុនេះ​ធ្វើឱ្យ​ជួប​បញ្ហាលំបាក​ត្រូវ​ឆ្លងកាត់​ច្រើន​។​ដោយឡែក ការប្រកប​ការងារ​ថ្ងៃនេះ​លោកអ្នក​គប្បី​មានការ​ព្យាយាម​អត់ធ្មត់​បន្តិច​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើតមាន​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​ណាស់​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការមិន​មាត់​ការរក​គ្នាច្រើន​ថ្ងៃ​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនមាន​អ្វី​ជា​ឧបសគ្គ​ធំដុំ​ចូលមក​យាយី​នាំ​ជួប​ផល​លំបាក​ប៉ុន្មាន​ទេ​។​ក្រៅពីនេះ​បើ​លោកអ្នក​មាន​ប្រកបការងារ​អ្វី​មិនត្រូវ​មើលស្រាល​ក្រុមមនុស្ស​ឡើយ​ត្រូវតែ​ប្រុងប្រយ័ត្ន​ជានិច្ច​ពីព្រោះ​គេ​ចាំមើល​តែ​លោកអ្នក​ចន្លោះប្រហោង​ដើម្បី​វាយប្រហារ​ប៉ុណ្ណោះ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ជួប​ភាព​តានតឹង ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​កក់ក្តៅ​ទៅរួច​។​ ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​គួរ​ប្រយ័ត្នប្រយែង​ពា​ក្សស​ម្តី​បន្តិច​ទើប​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ប៉ុន្តែ​យ៉ាងណា​សម្រាប់​ស្ត្រី​មាន​គ្រោះ​យាយី​នៅឡើយ​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មិន​ភ្លឺ​ថ្លា​ដូច​គាប់​បំណង​ប៉ុន្មាន​នោះដែរ​។​ការប្រកប​ការងារ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​អ្វី​ទាស់ខុស​ទេ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ក៏​សម​ដូច​ប្រកប​មួយចំនួន​វិលត្រឡប់​មកវិញ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​តែង​ជួប​សេចក្តី​សុខដុម​ដូច​សព្វមួយដង​ទេ​។ ​រីឯ​បញ្ហា​សម្ព័ន្ធ​គូ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា ៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ឆ្នាំ​ជ្រូក​នៅ​អំឡុង​ខែកុម្ភៈ​ឬ​សូម្បីតែ​ឆ្លង​ចូល​ខែមីនា​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ភ្លឺ​ថ្លា​ពីព្រោះថា​ស្ថិតនៅក្នុង​ខែ​ដួង​រាសី​ល្អ​ដដែល​ទេ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ឃើញថា​ការប្រកប​ការងារ របស់លោក​អ្នក​នៅតែ​ល្អប្រសើរ​ហើយ​បើ​ចង់​ធ្វើ​អ្វី​ផ្លែផ្កា​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​អ្នក​អាជីវករ​នៅថ្ងៃនេះ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​កម្រើក​បន្តិច​ឡើងវិញ ហើយ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​លទ្ធផល​គ្រាន់​ពេញចិត្ត​ដែរ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕