ហោរាសាស្រ្ត ប្រចាំថ្ងៃ អង្គារ ទី ១៦ ខែ មីនា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃទី ៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតមិនគាប់ប្រសើរប៉ុន្មានទេ ពោលគឺដួងរាសីល្អជាមធ្យមដែលបញ្ហាអាចប្រែក្រឡាស់ពីល្អមកអាក្រក់និងអាក្រក់មកល្អវិញបានគ្រប់ពេលវេលា។ក្រៅពីនេះបើទោះបីលោកអ្នកប្រកបការងារអ្វីមួយច្រើនតែងមិនសម្រេចលទ្ធផលនិងបើមានការជជែកអ្វីមួយក៏ច្រើនមានទាស់ពាក្យសម្តីគ្នាផង។អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការលេចចេញប៉ាតភាពរកាំរកូសខ្លះៗដោយសារការប្រចែច័ណ្ឌកំពុងបិទបាំងមុខ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះលោកអ្នកកើតឆ្នាំគោការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីមានការបន្ថែមភាពប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា និងបើនៅផ្ទះសម្បែងឱ្យប្រយ័ត្នពាក្យសម្តីបង្កឱ្យមានទំនាស់ណាមួយឡើង។នៅថ្ងៃនេះលោកអ្នកជួបបញ្ហាមិនល្អយាយីច្រើន ដូចនេះទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលកើត។អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកប្រកបជំនួញទីជិតឆ្ងាយគប្បីត្រូវមានចិត្តត្រជាក់ ហើយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយព្រោះមានតែផ្តល់ផលអាក្រក់ជាងល្អទេ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការជឿនលឿនទៅមុខ តែងាយថយក្រោយពិសេសការកើតជម្លោះវិវាទក៏ងាយកើតមានឡើងណាស់ផង៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំខ្លានៅសប្តាហ៍នេះបើតាមក្បួនហោរាសាស្ត្រចិនបញ្ជាក់ថាជួបប្រទះបញ្ហារាំងស្ទះនិងភាពតានតឹងច្រើន។សម្រាប់ស្ត្រីជួបឧបសគ្គ ហើយការពិបាកចិត្តនោះក៏មានច្រើនដែរ។ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារដោយសារដួងរាសីខ្អស់ត្រដែតនោះធ្វើឱ្យ មានការជឿនលឿននិងមានភាពសុខដុមគួរសម។ការធ្វើជំនួញ ទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញគ្រាន់គាប់ប្រសើរជាងមុនវិញ។ រីឯបញ្ហាស្នេហាប្រុសស្រីមានផ្អែមល្ហែម និងស្រស់ស្រាយចំពោះគ្នាប្រពៃ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំទន្សាយក្នុងខែមីនានេះដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតមានភាពជឿនលឿនទៅមុខគ្រាន់ជាទីកក់ក្តៅ និង ធ្វើអ្វីៗតែងហុចជាលទ្ធផលឱ្យឃើញមកវិញដែរ។ក្នុងខែនេះដែរលោកអ្នកមានការលូតលាស់ទាំងការធ្វើជំនួញ កិច្ចការងារ និងបញ្ហាប្រាក់កាស។ដោយឡែកនៅថ្ងៃនេះវិញដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយបើលោកអ្នកចង់ណាត់ចរចាឬទំនាក់ទំនងការងារក៏តែងទទួលផ្លែផ្កាដូចសមប្រកបទៀតផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើមានការប្រឹងប្រែងរត់ឆ្វេងស្តាំមិនបង់កម្លាំងឡើយគឺតែងហុចផ្លែផ្កាមកវិញគ្រាន់គួរជាទីកក់ក្តៅផងដែរ។ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកកើតឆ្នាំរោងមិនត្រូវ សម្តីតូច សម្តីធំ ច្រើនពេកឡើយ បើពុំនោះទេងាយផ្ទុះជារឿងរាវរីករាលដែលអាចឈានដល់ការប្រកាប់ប្រចាក់គ្នាថែមទៀត។ដោយឡែកបើលោកអ្នកមានការប្រកបការងារមិនថាជាការងាររាជការឬក្រុមហ៊ុនឯកជនក្តីមានភាពប្រទាំងប្រទើសខ្លះៗផងដែរព្រោះតែក្រុមមនុស្សចាំចាប់កំហុសនិងព្យាបាទយាយី។អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែនតែក៏មានភាពសុខដុមប្រពៃណាស់ផង។ រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួច ឯបើថយក្រោយវិញនោះឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែង៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំម្សាញ់ក្នុងខែមីនានេះទទួលរងឥទ្ធិពលឧបទ្រពមិនល្អនោះចូលយាយីច្រើន ធ្វើឱ្យដំណើរជីវិតមានភាពល្អក់កករ និង ឧបសគ្គរារាំងចំពោះមុខច្រើន។លោកអ្នកខ្លះអាចមានក្រុមមនុស្សជួយជ្រោមជ្រែងតែភាគច្រើនអាចជួយបានទាល់តែជាអ្នកកើតឆ្នាំផ្សេង បើជាឆ្នាំម្សាញ់ដូចគ្នានោះកាន់តែយ៉ាប់យ៉ឺនថែមទៀត។ទោះបីយ៉ាងណាសម្រាប់ឆ្លងដល់ខែថ្មីគឺខែមេសាដួងរាសីល្អប្រសើរបន្តិចវិញធ្វើឱ្យការរស់នៅមានភាពស្រស់ស្រាយនិងភ្លឺថ្លាឡើងវិញ។ដោយឡែកនៅថ្ងៃនេះការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរវិញចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរ។ រីឯបញ្ហាស្នេហាប្រុសស្រីជួបរឿងការយល់ខុសនិងភាពប្រចែប្រច័ណ្ឌចូលលុកលុយមិនស្ទើរដែរទេ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។នៅក្នុងថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកនៅតែទទួលរងការប៉ះទង្គិចមួយចំនួនយាយីផង ដូចនេះទោះធ្វើអ្វីក៏តោងប្រយ័ត្នប្រយែងដែរពីព្រោះថាផលអាក្រក់ងាយរត់ចូលជាងសព្វមួយដង។ការប្រកបការងារផលល្អនិងអាក្រក់នៅលាយឡំគ្នា ម្ល៉ោះហើយចូរប្រយ័ត្នប្រយែងបញ្ហាការធ្វើដំណើរទាំងផ្លូវឆ្ងាយនិងផ្លូវជិតបន្តិច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានបញ្ហាមិនល្អនិងផលប៉ះទង្គិចច្រើនយាយី ដូចនេះទោះធ្វើអ្វីត្រូវមានចិត្តអត់ធ្មត់ហើយធ្វើមិនដឹងមិនឮខ្លះទើបប្រសើរហោង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងប្រទាំងប្រទើសចំពោះគ្នាច្រើន៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដួងរាសីឡើងខ្ពស់ ដូចនេះបើចង់សម្រេចចិត្តធ្វើអ្វីក៏តែងផ្តល់ផលល្អជាងអាក្រក់វិញផងដែរ។ការប្រកបការងារវិញឃើញថារឿងរាវអាក្រក់បានរត់ចេញឬហោះរំលង ហើយផលល្អនឹងចូលមកជំនួសវិញហើយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់ធ្វើទំនាក់ទំនងមុខរបរអ្វីមួយអាចហុចលទ្ធផលគ្រាន់បើជាងមុនបន្តិចវិញ ប៉ុន្តែយ៉ាងណាចំណូលកុំរំពឹងពេកព្រោះនៅតែចោទជាបញ្ហាដដែលទេ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការផ្អែមល្ហែមនិងកំពុងរីកលូតលាស់ទៅមុខប្រពៃណាស់៕
ឆ្នាំវក
រាសីស្រុតចុះ។ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ដូចនេះបើមានបញ្ហាអ្វីសំខាន់លោកអ្នកអាចពន្យាពេលកុំធ្វើថ្ងៃនេះក៏ប្រសើរដែរ ប៉ុន្តែបើមិនចង់ពន្យាពេលក៏ត្រូវប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។ក្នុងពេលនេះដែរលោកអ្នកនៅមានរឿងរាវខ្លះ បាំងភ្នែក បាំងច្រមុះ នៅឡើយ ដូចនេះបើទោះធ្វើអ្វីក៏តែងមិនឆ្លើយតបដូចបំណងផង។អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានចិត្តត្រជាក់ហើយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយព្រោះមានតែផ្តល់ផលអាក្រក់ជាងល្អ។ សម្ព័ន្ធស្នេហាកំលោះក្រមុំកុំឃើញថ្មីចង់ចោលចាស់ប្រយ័ត្នកម្មពៀរវាឆ្លងម្តងម្នាក់ហើយត្រូវមកដេកឈឺចាប់នៅពេលក្រោយវិញ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំមាន់ជិតឆ្លងផុតដួងរាសីខែដែលធ្លាក់ស្រុតចុះខ្លាំងឬជាខែឆុង(តាមភាសាចិន)ពិសេសស្ត្រីទទួលរងគ្រោះច្រើននាកន្លងមក។សម្រាប់ឆ្លងដល់ខែក្រោយដួងរាសីរបស់លោកអ្នកនឹងងើបខ្ពស់បន្តិចវិញធ្វើឱ្យអ្វីៗប្រែប្រួលប្រសើរជាងនេះ។ថ្ងៃនេះ ការប្រកបការងារអ្វីលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចដែរព្រោះក្រុមមនុស្សអាក្រក់តាមយាយីនោះក៏មានច្រើន។អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកផលចំណូលណាស់ដែរ ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទថែមទៀត។ រីឯបញ្ហាស្នេហាកំលោះក្រមុំកុំចង់សាកល្បងកាមគុណប្រយ័ត្នត្រូវមករែកពន់ភាពទុក្ខសោកនាពេលក្រោយ ហើយនាំជីវិតមិនភ្លឺស្វាងតាមអ្វីដែលជីវិតខ្លួនត្រូវមាន៕
ឆ្នាំច
រាសីល្អជាមធ្យម។ការរស់នៅលោកអ្នកតោងតែចេះប្រយ័ត្នប្រយែងរឿងខ្លះពីព្រោះថាពេលខ្លះមើលទៅជារឿងរាវតូចតាចសោះតែវាអាចត្រឡប់រីកជាធំនាគ្រាខាងមុខដោយមិនអាចទប់ទល់ឈ្នះផង។ក្រៅពីនេះចំពោះបុរសត្រូវមានការប្រយ័ត្នប្រយែងឱ្យបានច្រើនជាងប្រក្រតី។ចំពោះការប្រកបការងារវិញតែងទទួលការរាំងស្ទះនិងបញ្ហាច្រើនផង។អ្នកប្រកបរបររកស៊ីជួញដូរពុំផ្តល់ផលល្អក្នុងការបណ្តាក់ទុនធំប៉ុន្មានឡើយគួរមានការគិតឱ្យបានគ្រប់ជ្រុងជ្រោយមុនធ្វើអ្វីមួយព្រោះ បើបោះទុនទៅហើយមិនងាយដកដើមមកវិញឡើយ ហើយស្រួលមិនស្រួលកប់ដើមសូន្យឈឹងតែម្តង។ គូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការប្រឆាំងគ្នាច្រើនព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងដឹកមុខ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំជ្រូកនៅសប្តាហ៍នេះដួងរាសីថ្ងៃដែលខ្ពស់ត្រដែតមានចំនួន២ថ្ងៃគឺថ្ងៃទី១៦នេះនិងថ្ងៃទី២០ខែមីនា។ដោយឡែកថ្ងៃរាសីស្រុតចុះគ្មានទេសប្តាហ៍នេះនិងក្រៅពីនេះជាថ្ងៃល្អជាមធ្យម។ដោយឡែកនៅថ្ងៃនេះការប្រកបការងារផ្តល់ផលល្អបំផុតសម្រាប់ការងារសំខាន់ៗឬការងារចាំបាច់ណាមួយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលាភធ្លាប់តែបោលហួសឬជួបភាពតានតឹងបានផ្លាស់ប្តូរមកធូរស្រាលបន្តិចវិញ ហើយបើមានក្រុមអតិថិជនជំពាក់ប្រាក់កាសគេអាចយកមកសងវិញទៀតផង។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕