ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ២៨ ខែ មេសា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំកណ្តុរនៅពេលឈានដល់ ខែ ឧសភា ដួងរាសីខែរបស់លោកអ្នកធ្លាក់ចុះមកត្រឹមកម្រិត មធ្យមវិញ ហេតុនេះធ្វើឱ្យជួបស្ថានភាពលំបាកជាងនេះ។សម្រាប់ខែមេសាដួងរាសីខ្ពស់ត្រដែតធ្វើឱ្យបញ្ហាខ្លះបើទោះបីលំបាកប៉ុន្តែក៏នៅអាចឆ្លងកាត់បានដែរ។ដោយឡែកនៅថ្ងៃនេះវិញរាសីល្អជាមធ្យមដំណើរជីវិតរបស់លោកអ្នកងាយជួបបញ្ហាត្រូវគេវាយប្រហារណាស់ ដូចនេះគប្បីប្រយ័ត្នប្រយែងការងារដោយមិនត្រូវធ្វើឱ្យមានកំហុសច្រើនឡើយ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលកម្រៃណាស់ ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសច្រើន ។ ចំណែកសេចក្តីស្នេហាប្រុសស្រីគឺតែងកើតមានរឿងរកាំចិត្ត និង ពិសេសចង់ចាញ់ឈ្នះគ្នាច្រើនទៀតផង៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅខែនេះលោកអ្នកទទួលរងការនឿយហត់ច្រើនចាប់តាំងតែពីដើមខែមក។សម្រាប់ឆ្លងដល់ខែក្រោយដំណើរជីវិតនឹងល្អប្រសើរជាងនេះបន្តិចវិញ។នាថ្ងៃនេះដោយសារដំណើរជីវិតជួបភាពរដិបរដុប ដូចនេះចូរប្រយ័ត្នការត្រូវរិះគន់ឬត្រូវគេថាស្តីបន្ទោសដោយប្រការណាមួយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរទោះធ្វើអ្វីលោកអ្នកគួរធ្វើសន្សឹមៗកុំបំបោលប្រយ័ត្នដូចពាក្យចាស់ថា”កាន់តែលឿនកាន់តែខុស ហើយក្រែងមិនបានដូចសេចក្តីប្រាថ្នា”។ សម្ព័ន្ធស្នេហាប្រុសស្រីឲ្យប្រយ័ត្នភាពផ្អែមល្ហែមប្រែជាជូរចត់វិញព្រោះតែការប្រចែប្រច័ណ្ឌច្រើន៕
ឆ្នាំខាល
រាសីល្អជាមធ្យម។សម្រាប់ស្ត្រីបើលោកអ្នកឧស្សាហ៍ឈ្លោះប្រកែកជាមួយអ្នកដទៃឬសូម្បីតែស្វាមីក្តីគប្បីចេះធ្វើគធ្វើថ្លង់មិនដឹងឮរឿងរាវខ្លះប្រយ័ត្នបណ្តែតបណ្តោយកើតជារឿងធំណាមួយរកនឹកស្មានមិនដល់។ការប្រកបការងារពុំមានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពិតមែន ប៉ុន្តែរឿងរាវដែលកើតឡើងមួយចំនួនគឺតែងកើតចេញមកពីលោកអ្នកខ្លួនឯងផ្ទាល់តែប៉ុណ្ណោះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកផលចំណូលបន្តិច ហើយបើមានការជួញឆ្ងាយទៀតសោតចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេ ។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំងាយទាំងប្រេះស្រាំនិងងាយទាំងបែកបាក់ផង៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំទន្សាយ ដួងរាសីខែមេសានេះស្រុតចុះ ប៉ុន្តែនៅពេលឆ្លងចូលខែក្រោយដួងរាសីបានផ្លាស់ប្តូរមកត្រឹមកម្រិតមធ្យមវិញ។នៅថ្ងៃនេះលោកអ្នកបើធ្វើអ្វីតែងបង្ហាញលទ្ធផលឱ្យឃើញគ្រាន់ជាទីកក់ក្តៅផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ការរកផលចំណូល មានភាពសុខដុមនិងលោកអ្នកអាចរកផលកម្រៃចូលគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើលោកអ្នកចង់ធ្វើការជ្រើសរើសគូស្រករជាឱកាសល្អប្រពៃ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំរោងនៅពេលឈានដល់ខែក្រោយដួងរាសីត្រឹមកម្រិតមធ្យមទេ ម្ល៉ោះហើយបើចង់សម្រុកធ្វើអ្វីមួយនៅចុងខែមេសានេះក៏ល្អដែរពីព្រោះថាកំពុងស្ថិតនៅក្នុងដួងរាសីខ្ពស់ត្រដែតនៅឡើយ។ក្នុងថ្ងៃនេះដោយសារយីអ៊ុនងើបឡើងខ្ពស់ ដូចនេះបើទោះលោកអ្នកចេញដំណើរទៅប្រកបការងារតូចធំតែងអាចទម្លុះទម្លាយ បើទោះបីមិនតិចក៏ច្រើនដែរ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ ហើយបើមានបើករបរថ្មីៗផងក៏តែងសមដូចប្រកបជានិច្ច។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខលឿនតែយ៉ាងណាឱ្យប្រយ័ត្នការថយក្រោយវិញសឹងតែក្លាយជាសត្រូវស៊ីសាច់ហុតឈាមគ្នាទៀតផង៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតមិនល្អប្រសើរទេ ហេតុនេះបើអាចពន្យាពេលបានក៏ប្រសើរដែរ។លោកអ្នកអាចមានអ្វីបាំងចិត្តធ្វើឱ្យជួបនូវបញ្ហារកាំចិត្តច្រើន។អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនលោកអ្នកមិនគប្បីចាប់កំហុសឬរិះគន់អ្នកដទៃច្រើនឡើយប្រយ័ត្នឥតការអ្វីសោះនាំគេគុំគួនហើយជួបផលលំបាកដល់អាត្មាខ្លួននៅពេលក្រោយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយចំណូលបន្តិចប៉ុន្តែការចំណាយមានខ្ពស់និងធូរណាស់។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីត្រូវចេះយកចិត្តទុកដាក់ថែទាំចំណងស្នេហ៍ទើបមិនកើតរឿងបែកបាក់នៅគ្រាខាងមុខ៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកត្រូវអត់ធ្មត់និងប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។ការប្រកបការងារពុំសូវចុះសម្រុងជាមួយអ្នកដទៃទេ ម្ល៉ោះហើយផលលំបាកតាមយាយីនៅចំពោះមុខច្រើនជាងសព្វមួយដង។ សម្រាប់អ្នកអាជីវករទោះជួញទីជិតឆ្ងាយមិនសូវផ្តល់ផលប្រយោជន៍អ្វីឡើយ ហើយទោះខិតខំប៉ុនណាក៏ពុំទទួលផលដូចជាទីគាប់ចិត្តដែរ ហើយអ្វីដែលអ្នកទទួលបានច្រើនបំផុតគឺខាតបង់កម្លាំងច្រើនជាង។ រីឯបញ្ហាស្នេហាកំលោះក្រមុំកុំលេងម៉េះម៉ោះច្រើនប្រយ័ត្នកើតជាជម្លោះវិវាទមានតែពាក់មុខយក្សដាក់គ្នា៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ អ្វីក៏ដោយលោកអ្នកតោងតែចងចាំថាត្រូវតស៊ូមានះទើបបញ្ហាអាក្រក់ទាំងឡាយរត់ចេញ ហើយលោកអ្នកអាចរស់នៅសុខដុមជាងនេះ។ការប្រកបការងារលោកអ្នកមានការហត់នឿយច្រើនមកហើយ ប៉ុន្តែយ៉ាងណាមិនត្រូវរាថយឡើយបើពុំនោះផលលំបាកកាន់តែរត់ចូលច្រើនឡើងជាក់ជាពុំខាន។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញហើយបើលោកអ្នកចង់បើករបរអ្វីមួយតែងសមដូចប្រកបជានិច្ច។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខហើយបើចង់ទំនាក់ទំនងស្នេហាថ្មីៗផងតែងគាប់ប្រសើរណាស់៕
ឆ្នាំវក
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំស្វាទោះបីឆ្លងចូលខែឧសភាខាងមុខដំណើរជីវិតនៅតែល្អប្រសើរពីព្រោះថាដួងរាសីខែនៅតែខ្ពស់ត្រដែតដដែលទេ។ដោយឡែកនៅថ្ងៃនេះវិញអ្នកប្រកបការងារដួងរាសីរបស់លោកអ្នកស្ថិតនៅលើផ្លូវរដិបរដុបបន្តិចតែយ៉ាងណាបើមានការប្រយ័ត្នប្រយែងនិងបំពេញការងារម៉ត់ចត់នោះតែងចៀសផុតផលលំបាកទាំងពួងផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកចូរប្រយ័ត្នក្រុមមនុស្សស្និទ្ធស្នាលកើតជារឿងអាក់អន់ចិត្ត ហើយខ្លះអាចឈានដល់ការគុំគួនសងសឹកណាមួយមកវិញ។ការធ្វើដំណើរផ្លូវឆ្ងាយឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេបន្តិចពីព្រោះងាយជួបប្រទះណាស់ផង។ រីឯបញ្ហាស្នេហាកំលោះក្រមុំកុំចង់សាកល្បងឬឈ្លក់នឹងល្បែងកាមគុណប្រយ័ត្នកើតជាបញ្ហាណាមួយហើយមានតែអាប់ឱនកេរ្តិ៍ឈ្មោះហើយឈានដល់ខូចអនាគតភ្លឺស្វាងអសារឥតការ។
ឆ្នាំរកា
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះបើទោះបីមានបញ្ហាអ្វីលោកអ្នកត្រូវរក្សាភាពនឹងធឹង ហើយត្រូវតាំងចិត្តធ្វើជាមនុស្សគថ្លង់ខ្លះទើបប្រសើរ។ចំពោះការងារអ្វីដែលលោកអ្នកបំពេញពុំសូវផ្តល់ជាផ្លែផ្កាប៉ុន្មានទេពិសេសផលអាក្រក់ៗនៅបង្កប់ជាប់ជាមួយផលល្អជានិច្ច។បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវលោភលន់មិនមើលមុខក្រោយឡើយ បើមិនដូចច្នេះនឹងនាំផលលំបាកណាមួយមកវិញ។ចំណែកការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកុំយកភាពរឹងមានះ ហើយយកការចាញ់ឈ្នះដាក់ខ្លួនច្រើនពេកបើពុំនោះកើតមានតែរឿងរាវចំពោះគ្នាប៉ុណ្ណោះ៕
ឆ្នាំច
រាសីល្អជាមធ្យម។ទាំងបុរស ស្ត្រីដំណើរចាកចេញក្រៅផ្ទះមានបញ្ហាអាក្រក់យាយីបន្តិច ពីព្រោះមនុស្សនៅជុំវិញខ្លួនចាំតែចាប់កំហុសនិងបង្កជម្លោះប៉ុណ្ណោះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពរលូនល្អជាសន្សឹមៗទៅមុខតែយ៉ាងណាបញ្ហារកាំចិត្តតែងមកយាយីច្រើនផង ដូចនេះត្រូវចេះធ្វើមិនដឹងមិនឮចំពោះរឿងរាវ ខ្លះទើបប្រសើរ។ អ្នកប្រកបរបររកស៊ីជួញដូរត្រូវប្រុងប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមព្រោះងាយធ្លាក់ក្នុងកលឧបាយគេណាស់ផង។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីពុំត្រូវផ្តោះផ្តងដោយសម្តីផ្លែផ្កាដាក់គ្នាឡើយប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការប្រេះស្រាំខ្លាំងក្លា ៕
ឆ្នាំកុរ
រាសីស្រុតចុះ។ការរស់នៅងាយត្រូវគេមាក់ងាយណាស់ តែត្រូវធ្វើមិនដឹងមិនឮខ្លះទើបប្រសើរ។នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកជួបនូវកំណាត់ផ្លូវរដិបរដុបច្រើន ពិសេសងាយកើតនូវជម្លោះវិវាទផងគប្បីប្រយ័ត្នប្រយែង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃឃើញថាមិនដូចរំពឹងទេ ពីព្រោះថាការជួញដូរទីជិតឆ្ងាយតែងខកបំណងក្នុងការរកផលកម្រៃណាស់។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកើតការរកាំចិត្តគ្នាច្រើន ហើយពិសេសងាយកើតរឿងប្រេះឆាគ្នាទៀតផង៕