ហោរាសាស្រ្ត ប្រចាំថ្ងៃ អាទិត្យ ទី ១៦ ខែ ឧសភា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ៥កើត ខែជេដ្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ លោកអ្នក ប្រកបកិច្ចការទាក់ទងប្រាក់កាស ឬការសម្រេចចិត្តក្នុងការធ្វើកិច្ចសន្យាអ្វីមួយផង។ការប្រកបការងារមិនថាជាចៅហ្វាយនាយ កូនចៅតែងជួយជំរុញកិច្ចការងារឱ្យចម្រើនលូតលាស់ទៅមុខថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកបើមានគម្រោងការធ្វើអ្វីដែលជាកិច្ចការងារសំខាន់អាចចាប់ផ្តើមបានហើយព្រោះផ្លែផ្កាដែលហុចមកវិញក៏តែងដូចជាទីគាប់ចិត្ត។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមដូចទឹកឃ្មុំ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។នៅខែនេះ ដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយដូចពាក្យចាស់ថា “ទឹកឡើងប្រញាប់ដួសទុក”ពីព្រោះថាលោកអ្នកធ្វើអ្វីតែងទទួលជាលទ្ធផលគ្រាន់ជាទីគាប់ចិត្តត្រឡប់មកវិញ។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ឬ ចេញប្រកបកិច្ចការងារអ្វីមួយពីព្រោះថាផលតែងរង់ចាំចំពោះមុខផង។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃពេលនេះឃើញថាមិនគាប់ប្រសើរប៉ុន្មានទេ ប៉ុន្តែបើចង់បោះទុនតូចធំសម្រាប់ខ្លួនឯងវិញគ្រាន់គាប់ប្រសើរជាង។
បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំខាល
រាសីល្អជាមធ្យម។នៅថ្ងៃនេះការប្រកបកិច្ចការងារងាយកើតបញ្ហាមួយចំនួនចំពោះមុខផង ហេតុនេះត្រូវដោះស្រាយទាន់សភាពការណ៍ទើបប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទោះបីថាមានភាពរលូនល្អទៅមុខក្តីតែយ៉ាងណាក៏កើតមានភាពរកាំរកូសមិនតិចដែរទេ ហើយពិសេសលោកអ្នកឱ្យប្រយ័ត្នចំណូលតូចតាចបោលហួសព្រោះរវល់ស្រវ៉ាចាប់តែអាធំ។ការធ្វើដំណើរទីជិតឆ្ងាយជួបតែភាពរកាំចិត្តនិងក្រុមមនុស្សឈ្នានីសច្រើនផង។ រីឯបញ្ហាស្នេហាកំលោះក្រមុំមិនមានការលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីមិនធ្វេសប្រហែស ឬមិនធ្វើអ្វីដែលជាការប្រមាថមើលងាយនោះបញ្ហាមិនល្អក៏មិនអាចរត់ចូលដែរ។ដំណើរជីវិតមិនល្អប្រសើរទេ ហើយបើចង់ធ្វើអ្វីមួយដែលសំខាន់ហើយចង់ធ្វើការពន្យាពេលក៏ប្រសើរដែរ។អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកភាពឈ្នានីសឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមិនត្រូវប្រកាន់ភាពមោហៈទោសៈដាក់ខ្លួននាំតែជួបបញ្ហាល្អក់កករឥតឈប់ឈរតែប៉ុណ្ណោះ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបលើកំណាត់ផ្លូវល្អប្រសើរគួរសម ហេតុនេះចង់ធ្វើអ្វីតែងជឿនលឿនគ្រាន់ជាទីកក់ក្តៅ។ ថ្ងៃនេះដែរផ្តល់ផលល្អសម្រាប់ចុះប្រកបការងារ ឬសម្រេចចិត្តអ្វីមួយតែងហុចជាលទ្ធផលគ្រាន់ជាទីពេញចិត្តផង។ អ្នកប្រកបរបររកស៊ីជួញដូរ បើចង់បើកហាងថ្មីឬប្តូរមុខរបរថ្មីជាឱកាសប្រពៃព្រោះអាចមានការជឿនលឿនគ្រាន់គួរសម។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសេចក្តីស្នេហាប្រុសស្រីមានការចេះអត់ឱនឱ្យគ្នានិងផ្អែមល្ហែមដូចសព្វមួយដង៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការថយក្រោយច្រើនបន្តិច តែយ៉ាងណាបើមាការពុះពារក៏តែងទទួលផលមកវិញដែរ។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេ គឺដូចសព្វមួយដង ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញជួបលើបញ្ហាស្មុគស្មាញនិងពិសេសមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់កាសឡើយប្រយ័ត្នទារវិញមិនបាន កើតជំលោះវិវាទថែមទៀត។ បញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីចង់ទុំមុនស្រគាលប្រយ័ត្នជួបរឿងប្រុសប្រកែកស្រីប្រកាន់ស្រួលមិនស្រួលខូចកិត្តិយស ហើយជាប់ទោសពៃរ៍ឥតអំពើ៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីត្រូវចេះត្រៀមទប់ទល់បញ្ហាពីព្រោះថាផលអាក្រក់ងាយកើតឡើងជាងសព្វមួយដង។នៅថ្ងៃនេះលោកអ្នកងាយទទួលរងផលប៉ះទង្គិច ហើយពិសេសភ្លើងក្រហមតែម្តង។ អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយ ពីព្រោះផលកម្រៃងាយបាត់បង់ជាងសព្វមួយដង ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំគ្មាននរណាជួយកើត៕
ឆ្នាំមមែ
រាសីស្រុតចុះ។ ដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប ម្ល៉ោះហើយឱ្យប្រយ័ត្នបញ្ហាសុខភាពពីព្រោះថាងាយកើតមានជាងសព្វមួយដង។នៅថ្ងៃនេះបើទោះបីដួងរាសីស្រុតចុះ ប៉ុន្តែលោកអ្នកនៅតែអាចធ្វើអ្វីៗបានដែរពីព្រោះថាផលតែងឆ្លើយតបមកវិញគ្រាន់ពេញចិត្ត។អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកមានដំណើរជីវិតជួបផលប៉ះទង្គិចច្រើន ដូចនេះទោះធ្វើអ្វីក៏ដោយប្រយ័ត្នថ្លោះធ្លោយធ្លាក់ក្នុងគ្រោះចាញ់បោកគេ។ការធ្វើដំណើរឆ្ងាយជិតជួបបញ្ហារកាំចិត្តនិងមានបញ្ហាច្រើនចំពោះមុខ។ បញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានភាពសោះកក្រោះងាយទាំងកើតជម្លោះវិវាទនិងងាយទាំងត្រូវរ៉ូវគ្នា៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តទិញផ្ទះសម្បែង លេងហ៊ុន ឬចរចាក្នុងរឿងអ្វីមួយផង។ក្រៅពីនេះបើលោកអ្នកចាប់កិច្ចការងារសំខាន់ៗកាន់តែល្អពីព្រោះថាផលជាផ្លែផ្កាមានច្រើនចំពោះមុខផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញនៅថ្ងៃនេះគឺមានសន្ទុះជឿនលឿនទៅមុខ ហើយត្រូវរក្សាភាពស្ងប់ស្ងាត់ដាច់ខាតបើធ្វើជំនួញបានកាក់កបល្អមិនត្រូវក្អេងក្អាងឡើយបើពុំនោះទេអាចហុចផលអាក្រក់ណាមួយមកវិញជាក់ជាពុំខាន។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕
ឆ្នាំរកា
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកមិនងាយទប់ស្កាត់បញ្ហាកើតឡើងបានឡើយ ម្ល៉ោះហើយត្រូវរក្សាភាពស្ងប់ស្ងៀម និង ធ្វើមិនដឹងមិនឮបញ្ហាខ្លះទើបប្រសើរ។ក្រៅពីនេះលោកអ្នកមិនងាយគេចបញ្ហាបានទេពិសេសរឿងរាវកិច្ចការងារតែម្តង។ អ្នកប្រកបរបររកស៊ីជួញដូរជួបបញ្ហាសៅហ្មងបន្តិចតែមុខរបរមានស្ថានភាព ដូចសព្វមួយដង។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕
ឆ្នាំច
រាសីល្អជាមធ្យម។ចំពោះស្ត្រី នៅក្នុងផ្ទះសម្បែងងាយកើតជម្លោះវិវាទណាស់ចូរចេះធ្វើគធ្វើថ្លង់ខ្លះទើបប្រសើរ។នៅកន្លែងធ្វើការងារតែង មានការចាប់កំហុសគ្នាច្រើន ហើយទាល់តែអត់ឱនឱ្យគ្នាទើបគ្មានបញ្ហាចម្រូងចម្រាសកើតឡើង។អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំឬទិញទំនិញស្តុកទុកលក់រយះពេលខ្លីឬវែងតែងហុចផ្លែផ្កាគួរសមផងដែរ។ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នក្រុមមនុស្សតាមព្យាបាទយាយីដោយប្រការណមួយ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅក្នុងថ្ងៃនេះលោកអ្នកខ្លះងាយជួបបញ្ហាចំពោះមុខណាស់ ហើយធ្វើអ្វីក៏ដោយប្រៀបដូចអុំទូកបញ្ច្រាសទឹកដែលមិនងាយទៅមុខតែងាយថយក្រោយ។ការប្រកបការងារបើមិនខិតខំស្រវាស្រទេញទេពិតជាជួបផលលំបាកខ្លាំងជាក់ជាពុំខាន។អ្នកប្រកបរបររកស៊ីជួញដូរវិញមិនថាលោកអ្នកប្រកបរបរទីជិតឆ្ងាយតែងកើតមានរឿងរកាំរកូស ហើយអាចកើតបញ្ហាជម្លោះច្រើន ដូចនេះបើមិនចេះរំងាប់ចិត្ត ហើយបណ្តោយតាមហិង្សាទេពិតជាកើតរឿងរាវនាំអំពលទុក្ខយកត្រឡប់មកផ្ទះវិញជាក់ជាពុំខាន។ សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយព្រោះតែម្នាក់ៗយកភាពចង់ចាញ់ឈ្នះគ្នាដាក់ខ្លួនច្រើន៕