ហោរាសាស្រ្ត ប្រចាំថ្ងៃ ព្រហស្បតិ៍ ទី ០៨ ខែ កក្កដា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីល្អជាមធ្យម។ស្ត្រីកើតឆ្នាំកណ្តុរ ក្នុង ខែមិថុនា កន្លងមកគឹជាខែមិនល្អ ឬខែឆុង និងពិសេសជាខែមានគ្រោះថែមទៀត ម្ល៉ោះហើយធ្វើឱ្យហត់នឿយទាំងកាយ និង ចិត្ត។ឈានចូលខែកក្កដានេះបើទោះបីដួងរាសីខែនៅតែស្រុតចុះពិតមែន ប៉ុន្តែក៏នៅល្អប្រសើរជាងខែកន្លងមក។សម្រាប់បុរសខែថ្មីនេះទទួលរងផលលំបាកច្រើនជាងស្ត្រីវិញ ម្ល៉ោះហើយគប្បីអត់ធ្មត់ និង ប្រយ័ត្នប្រយែង។នៅថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិច ម្ល៉ោះហើយទោះធ្វើអ្វីក៏តែងមិនសម្រេចតាមគោលដៅឬមានការជឿនលឿនទៅមុខដូចគាប់បំណងនោះឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក៏ដូច្នេះដែរការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺនសម្បើមណាស់ដែរ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីជួបបញ្ហាប្រទាំងប្រទើសក៏ច្រើន ឯការផ្អែមល្ហែមក៏ច្រើន៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ឆ្លងចូលខែកក្កដានេះ លោកអ្នកកើតឆ្នាំគោគឺជាខែដួងរាសីមិនល្អទាំងស្ត្រីនិងបុរស។សម្រាប់បុរសទទួលរងផលប៉ះទង្គិចច្រើនជាងស្ត្រី ២ដង ។ហេតុនេះរឿងរាវខ្លះអាចកើតឡើងស្មានមិនដល់ថែមទៀត។ក្រៅពីនេះលោកអ្នកត្រូវយកចិត្តទុកដាក់ខាងសុខភាព និងការបើកបរក៏ត្រូវប្រុងប្រយ័ត្នដូចគ្នា។ការប្រកបការងារនៅថ្ងៃនេះ បើទោះធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានការប្រយ័ត្នប្រយែងនិងមិនត្រូវទុកចិត្តមនុស្សដោយជឿជាក់សម្តីគេងាយៗនោះឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្នុងថ្ងៃនេះមានភាពប្រទាំងប្រទើសច្រើននិងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីយកភាពចង់ចាញ់ឈ្នះគ្នាដាក់ក្នុងចិត្តច្រើនពេកបើពុំនោះទេកើតមានតែភាពរកាំរកូសឥតឈប់ឈរឡើយ៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំខ្លាក្នុងខែមិថុនាកន្លងមកដួងរាសីល្អគួរសម ប៉ុន្តែឆ្លងចូលខែកក្កដានេះគឺដំណើរជីវិតបានធ្លាក់ស្រុតចុះបន្តិចវិញ ម្ល៉ោះហើយទោះធ្វើអ្វីៗក៏ពុំហុចផលដូចគ្រាកន្លងមកឡើយ។នៅថ្ងៃនេះកិច្ចការងារតូចធំ បើអត់ដំណើរការយូរមកហើយ អាចចាប់ផ្តើមនាពេលនេះបានវិញហើយ ពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីគាប់ចិត្ត។សម្រាប់លោកអ្នកដែលប្រកបរបររកស៊ីជួញដូរក្នុងពេលនេះមានការរីកលូតលាស់គួរសម ហើយបើចង់ពង្រីកមុខរបរថ្មីឬមានការបណ្តាក់ទុនរកស៊ីក្នុងអ្វីមួយតែងផ្តល់ផលល្អៗមកខ្លួនវិញយ៉ាងដូចសមប្រកប។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបភាពរកាំចិត្ត និង មិនសូវទុកចិត្តទុកគ្នាប៉ុន្មានទេគឺភាពប្រចែប្រច័ណ្ឌកំពុងចូលលុកលុយច្រើន៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ក្នុងខែកក្កដានេះឃើញថាដំណើរជីវិតរបស់លោកអ្នកកើតឆ្នាំទន្សាយដួងរាសីបានឡើងខ្ពស់ ពិសេសស្ត្រីធ្វើឱ្យមានការផ្លាស់ប្តូរមកល្អប្រសើរច្រើនរឿង ក្នុងនេះមិនថាជារឿងប្រាក់កាស រឿងការងារនិងសូម្បីតែរឿងផ្ទាល់ខ្លួនក្តី។ការប្រកបការងារថ្ងៃនេះបើទោះបីលោកអ្នកធ្វើ អ្វីមួយច្រើនតែមិនសម្រេចលទ្ធផល និងបើមានការជជែកអ្វីមួយក៏ច្រើនមានទាស់ពាក្យសម្តីគ្នាផង។អ្នកប្រកប របរ រកស៊ីជួញដូរ ការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការលេចចេញប៉ាតភាពរកាំរកូសខ្លះៗដោយសារការប្រចែច័ណ្ឌកំពុងបិទបាំងមុខ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ក្នុងខែកក្កដានេះលោកអ្នកកើតឆ្នាំរោងទទួលរងប៉ះទង្គិចទៅលើបុរសច្រើនដោយសារជាខែដួងរាសីស្រុតចុះ ហើយក៏ជាខែជួបគ្រោះទៅលើបុរសដែរ។លោកអ្នកទទួលផលប៉ះពាល់ទាំងក្នុងតួនាទីការងារ ការទទួលរងគាបសង្កត់ បញ្ហាប្រាក់កាសមានការរាំងស្ទះ រឿងផ្ទាល់ខ្លួន ពិសេសបញ្ហាស្នេហា និងរួមទាំងសុខភាពផង។ការប្រកបការងារថ្ងៃនេះវិញផលល្អនិងអាក្រក់នៅលាយឡំគ្នា ម្ល៉ោះហើយចូរប្រយ័ត្នប្រយែងបញ្ហាការធ្វើដំណើរទាំងផ្លូវឆ្ងាយនិងផ្លូវជិតបន្តិច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានបញ្ហាមិនល្អនិងផលប៉ះទង្គិចច្រើនយាយី ដូចនេះទោះធ្វើអ្វីត្រូវមានចិត្តអត់ធ្មត់ហើយធ្វើមិនដឹងមិនឮខ្លះទើបប្រសើរហោង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងប្រទាំងប្រទើសចំពោះគ្នាច្រើន៕
ឆ្នាំម្សាញ់
ដួងរាសីខ្ពស់ត្រដែត។ស្ត្រីកើតឆ្នាំម្សាញ់ក្នុងខែកន្លងមកទទួលរងផលលំបាកនិងបញ្ហាញាំញីច្រើន ប៉ុន្តែឆ្លងចូលខែថ្មីដំណើរជីវិតងើបប្រសើរឡើងវិញ។ទោះបីយ៉ាងណាក្តីចំពោះបុរសកើត ឆ្នាំម្សាញ់គ្រោះនៅតែយាយីបន្តទៀត ពិសេសលោកអ្នកអាចទទួលរងប៉ះពាល់ទាំងខាងសុខភាព និង ផ្លូវចិត្ត។ការប្រកបការងារនៅថ្ងៃនេះវិញឃើញថារឿងរាវអាក្រក់បានរត់ចេញឬហោះរំលង ហើយផលល្អនឹងចូលមកជំនួសវិញហើយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់ធ្វើទំនាក់ទំនងមុខរបរអ្វីមួយអាចហុចលទ្ធផលគ្រាន់បើជាងមុនបន្តិចវិញ ប៉ុន្តែយ៉ាងណាចំណូលកុំរំពឹងពេកព្រោះនៅតែចោទជាបញ្ហាដដែលទេ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការផ្អែមល្ហែមនិងកំពុងរីកលូតលាស់ទៅមុខប្រពៃណាស់៕
ឆ្នាំមមី
រាសីស្រុតចុះ។អ្នកកើតឆ្នាំសេះក្នុងខែកក្កដានេះដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយបញ្ហាការងារ ប្រាក់កាស ចៅហ្វាយនាយ កូនចៅ បរិវារ បរិពារ បានយកចិត្តទុកដាក់ និងងាកមកយល់ចិត្តឡើងវិញ។ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយនាំឱ្យទទួលរងការប៉ះទង្គិច និងគាប់សង្កត់ផ្លូវចិត្តច្រើនបន្តិច។ អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានចិត្តត្រជាក់ហើយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយព្រោះមានតែផ្តល់ផលអាក្រក់ជាងល្អ។ សម្ព័ន្ធស្នេហាកំលោះក្រមុំកុំឃើញថ្មីចង់ចោលចាស់ប្រយ័ត្នកម្មពៀរវាឆ្លងម្តងម្នាក់ហើយត្រូវមកដេកឈឺចាប់នៅពេលក្រោយវិញ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។អ្នកកើតឆ្នាំពពែបានឆ្លងផុតដួងរាសីឡើងខ្ពស់ ហើយខែនេះជាខែសម្ពង្ស ដែលដំណើរជីវិតនៅតែល្អប្រសើរ ហើយធ្វើអ្វីក៏មានការរីកចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។ថ្ងៃនេះ ការប្រកបការងារអ្វីលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចដែរព្រោះក្រុមមនុស្សអាក្រក់តាមយាយីនោះក៏មានច្រើន។អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកផលចំណូលណាស់ដែរ ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទថែមទៀត។ រីឯបញ្ហាស្នេហាកំលោះក្រមុំកុំចង់សាកល្បងកាមគុណប្រយ័ត្នត្រូវមករែកពន់ភាពទុក្ខសោកនាពេលក្រោយ ហើយនាំជីវិតមិនភ្លឺស្វាងតាមអ្វីដែលជីវិតខ្លួនត្រូវមាន៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ការរស់នៅបើចង់ពឹងពាក់អ្នកដទៃឱ្យជួយក្នុងរឿងអ្វីមួយតែងហុចជាផលល្អៗមកវិញគ្រាន់ជាទីពេញចិត្ត។ថ្ងៃនេះធ្វើអ្វីងាយឆាប់ចប់ និង ទទួលលទ្ធផលលឿនផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញចូរលោកអ្នកគប្បីបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើនព្រោះអាចទទួលផលប្រយោជន៍មកវិញយ៉ាងច្រើនជាក់ជាពុំខាន។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីត្រូវចេះយកចិត្តទុកដាក់ថែទាំចំណងស្នេហ៍ទើបមិនកើតរឿងបែកបាក់នៅគ្រាខាងមុខ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ក្នុងខែកក្កដានេះសម្រាប់ស្ត្រីកើត ឆ្នាំមាន់ ដំណើរជីវិតប្រែមកល្អប្រសើរវិញ តែសម្រាប់បុរសនៅតែជួបនូវឧបទ្រពយាយីនៅឡើយ ពោលគឺនៅតែមានរឿងរាវមិនល្អយាយី មិនទាន់ឆ្លងផុតឡើយ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថានៅតែល្អប្រសើរដដែលទេ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចា បណ្តាក់ទុន ឬចុះហត្ថលេខាអ្វីមួយផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីដែរតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនត្រូវអសាបង់ប្រាក់កាសដោយប្រការណាមួយ។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការស្រុះស្រួលនិងផ្អែមល្ហែមល្អប្រពៃ៕
ឆ្នាំច
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំច ក្នុងខែ មិថុនា កន្លងមកជាខែដួងរាសីឡើងខ្ពស់ ប៉ុន្តែឆ្លងចូលខែ កក្កដានេះដួងរាសីបានធ្លាក់ស្រុតចុះ ម្ល៉ោះហើយបានចាប់ផ្តើមប្រែប្រួលពីរឿងរាវដែលល្អបានប្រែមកមិនល្អវិញ ។ការប្រកបការងារថ្ងៃនេះពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុងហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទគ្នាថែមទៀត។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផុយស្រួយជម្លោះវិវាទ ណាស់គប្បីប្រយ័ត្នប្រយែង៕
ឆ្នាំកុរ
រាសីស្រុតចុះ។ ក្នុងខែនេះល្អណាស់សម្រាប់ស្ត្រីបុរសកើតឆ្នាំជ្រូក ក្នុងនេះលោកអ្នកអាចទទួលដំណឹងល្អ និង រឿងរាវល្អៗចូលមក។រាល់កិច្ចការងារបើលោកអ្នកមានការប្រឹងប្រែងនិងពុះពារតែងសម្រេចជោគជ័យ។ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារលោកអ្នកមិនត្រូវស្រវ៉ាការងារធំដុំពេកឡើយពីព្រោះថាផលតែងឆ្លើយតបមិនដូចគាប់បំណងនោះប៉ុន្មានឡើយ។ចំណែកការប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃនោះឃើញថាពិបាកពិតមែនតែលោកអ្នកក៏ជួបភាពសុខដុមមិនមានអ្វីចូលមកបៀតបៀនយាយីនាំពិបាកទប់ទល់នោះដែរ។ បញ្ហាគូស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាជាញឹកញាប់៕