ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ១៦ ខែ កក្កដា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ លោកអ្នកកើតឆ្នាំកណ្តុរដំណើរជីវិតជួបនូវលើកំណាត់ផ្លូវរដិបរដុបច្រើនបន្តិចចាប់តាំងតែពីខែ មិថុនាមក។ សម្រាប់ឈានមកដល់ ខែ កក្កដា នេះក៏ពុំទាន់មានអ្វីដែលល្អប្រសើរនៅឡើយដែរ។សម្រាប់រឿងផ្ទាល់ខ្លួននោះក៏មានជួបនូវឧបសគ្គ និង រឿងរាវយាយីច្រើន។ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចុះប្រកបការងារ ឬ ចាប់ផ្តើមដំណើរការក្នុងរឿងរាវសំខាន់អ្វីមួយផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញបើលោកអ្នកចង់បើកហាងថ្មីឬចេញប្រកបជំនួញអ្វីមួយជាឱកាសល្អប្រពៃហើយ។
សម្ព័ន្ធស្នេហាប្រុសស្រីមានភាពស្រស់ស្រាយ ហើយបើមានបញ្ហាល្អក់កករផ្លូវចិត្តចំពោះគ្នាក៏បានផ្លាស់ប្តូរមកផ្អែមល្ហែមវិញដែរ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកនៅតែខ្ពស់ត្រដែតដដែលទេ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការបង្កើតកិច្ចការសំខាន់ៗណាមួយពីព្រោះថាតែងនឹងហុចផលមកវិញគ្រាន់គាប់បំណង ។យ៉ាងណាក្តីបើលោកអ្នកតំអក់រង់ចាំដល់ពេលក្រោយឃើញថានឹងជួបនូវផលលំបាកជាងនេះជាក់ពុំខាន។ការប្រកបការងារមានភាពរលូនល្អគួរសម ពោលគឺពុំមានឧបសគ្គអ្វីចូលមករារាំងបិទបាំងនាំជួបការលំបាកក្នុងការដោះស្រាយនោះឡើយ។អ្នកប្រកបរបររកស៊ីជួញដូរបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃមិនគាប់ប្រសើរទេប៉ុន្តែបើចង់បោះទុនតូចធំសម្រាប់ខ្លួនឯងវិញឃើញថាគាប់ប្រសើរជាង។ សម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់អាចនឹងមានក្រុមមនុស្សចាប់អារម្មណ៍ ហើយបើចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងតែងងាយឆាប់យល់ចិត្តគ្នាផង៕
ឆ្នាំខាល
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះបើលោកអ្នកមានអ្វីមួយគ្រោងទុកឬបម្រុងចរចាទៅកាន់ក្រុមមនុស្សកុំសង្ឃឹមពេក ពីព្រោះថាការខកបំណង និងការមិនចុះសម្រុងគ្នានោះឃើញថាមានខ្ពស់ជាងសព្វមួយដង។ការប្រកបការងារពុំអាចយកចិត្តឆេវឆាវដាក់មុខបានទេប្រយ័ត្នកើតរឿងរាវធំដោយប្រការណាមួយ។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃជួបការលំបាកហើយពិសេសការជួញជិតឱ្យប្រយ័ត្នជម្លោះវិវាទថែមទៀត។ រីឯបញ្ហាប្រុសស្រីដែលមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នជួបរឿងកម្មក្រាសនៅពេលក្រោយ៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។អ្នកកើតឆ្នាំទន្សាយអំឡុងពេលនេះដំណើរជីវិតរបស់លោកអ្នកលូតលាស់សន្សឹមទៅមុខគ្រាន់ជាទីគាប់ចិត្ត ហើយបើចង់ធ្វើអ្វីមួយគឺតែងទទួលលទ្ធផលដូចពាក្យចាស់”ដាក់ចុះដុះតាមដៃ”ដូច្នេះដែរ។ក្នុងអំឡុងថ្ងៃនេះការប្រកបការងាររបស់លោកអ្នកតែងជួបនូវបញ្ហារាំងស្ទះ ហើយក្រុមមនុស្សបៀតបៀនយាយីនោះឃើញថាក៏មានផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់ថែម។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំង និង ប្រទាំងប្រទើសគ្នាច្រើន៕
ឆ្នាំរោង
រាសីស្រុតចុះ។ក្នុងអំឡុងពេលនេះលោកអ្នកដែលមានការងារលំនឹងហើយមិនផ្តល់ផលល្អក្នុងការផ្លាស់ប្តូរការងារសោះឡើយ ពីព្រោះប្រយ័ត្នជួបរឿងដូចពាក្យចាស់ថា”ទន្សាយក៏រួច ត្រីរ៉ស់ក៏រួច” ។នៅថ្ងៃនេះបើទោះបីធ្វើអ្វីតែងកើតនូវបញ្ហារាំងស្ទះ ហេតុនេះត្រូវអត់ធ្មត់ទើបរឿងរាវទាំងនេះមិនអាចចូលយាយីកើត។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេព្រោះតែងអង្គុយស្ងាបច្រើនជាង។ រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះអ្វីៗមានភាពល្អប្រសើរ ហើយបើលោកអ្នកចង់ធ្វើអ្វីមួយគឺមានការលូតលាស់ទៅមុខសន្សឹមៗគ្រាន់គាប់ប្រសើរផងដែរ។បើលោកអ្នកចង់ជជជែកកិច្ចការងារអ្វីក៏ដោយងាយឆាប់ចប់និងទទួលបានផលលឿនទៀតផង។ក្រៅពីនេះលោកអ្នកអាចទទួលការជួយជ្រោមជ្រែងអ្វីមួយឱ្យសប្បាយចិត្តថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។ សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេ ហើយពិសេសងាយកើតជម្លោះវិវាទដោយសារម្នាក់ៗចង់ចាញ់ឈ្នះគ្នារៀងៗខ្លួន៕
ឆ្នាំមមី
រាសីស្រុតចុះ។ថ្ងៃនេះសម្រាប់បុរសកើតឆ្នាំសេះគប្បីប្រយ័ត្នប្រយែងបញ្ហាសុខភាពបន្តិច។ទោះបីយ៉ាងណាសម្រាប់ស្ត្រីវិញលោកអ្នកអាចសម្រុកបានទាំងក្នុងរឿងការងារ បញ្ហាប្រាក់កាស និងរឿងផ្ទាល់ខ្លួនព្រោះថាតែងទទួលផលល្អត្រឡប់មកវិញគ្រាន់ស្រួលខ្លួនផង។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីត្រូវចេះគ្រប់គ្រងខ្លួនឯងឱ្យបានល្អពីព្រោះថាងាយជួបនូវរឿងរាវយាយីជាងសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និង ពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។ រីឯបញ្ហាស្នេហាប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាដោយមិនសូវចេះអត់ឱនឱ្យគ្នាឡើយ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អក្នុងការជជែកចរចាឬតថ្លៃក្នុងរឿងអ្វីមួយ។ក្រៅពីនេះក៏ផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារ និងការគ្រប់គ្រងបញ្ហាប្រាក់កាសអ្វីមួយផងក៏អាចចាប់ផ្តើមពេលនេះពេញបានផងដែរ។ការប្រកបការងារអ្វីតែងផ្តល់ផលល្អនិងហុចជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផង។ អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេពីព្រោះផលល្អៗនឹងហុចមកវិញគ្រាន់ជាទីកក់ក្តៅ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងស្រស់ស្រាយប្រពៃ៕
ឆ្នាំវក
រាសីល្អជាមធ្យម។ក្នុងអំឡុងពេលនេះលោកអ្នកកើតឆ្នាំស្វាផលល្អ និង មិនល្អនៅតែលាយឡំគ្នានៅឡើយ ហើយពិសេសផលមិនល្អហាក់មានច្រើនជាង ធ្វើឱ្យដំណើរជីវិតជួបនូវបញ្ហាប្រទាំងប្រទើស និងមានបញ្ហាឧបសគ្គនៅរារាំងផ្លូវច្រើននៅឡើយគប្បីអត់ធ្មត់បន្តិច។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកទទួលរងសម្ពាធច្រើនបន្តិច ហើយកិច្ចការងារមួយចំនួនស្រាយមិនចេញទៀតផង។លោកអ្នកទាល់តែខិតខំខ្លាំងទើបសម្រចជោគជ័យការងារមួយចំនួនទៅរួច។អ្នកអាជីវករថ្ងៃនេះទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើចង់ជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។នៅក្នុងពេលនេះលោកអ្នកអាចលេចចេញនូវបញ្ហាសុខភាពដែលភាគច្រើនផ្តើមចេញមកពីបញ្ហាបរិស្ថានជុំវិញខ្លួន ហេតុនេះគប្បីមានការប្រុងប្រយ័ត្នបន្តិចទើបគ្មានបញ្ហាចោទឡើង។ថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយធ្វើឱ្យរាល់ការបំពេញការងារទោះតិចច្រើនក៏តែងមានភាពរលូនល្អគួរជាទីពេញចិត្ត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ។ រីឯគូគ្រងប្តីប្រពន្ធនិងគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕
ឆ្នាំច
រាសីស្រុតចុះ។លោកអ្នកកើតឆ្នាំចក្នុងថ្ងៃនេះឱ្យប្រយ័ត្នបញ្ហាអារម្មណ៍កើតជារឿងរាវទាស់ទែងជាមួយអ្នកដទៃដោយប្រការណាមួយ។ការប្រកបការងារមានទាំងរឿងរាវល្អ និង អាក្រក់នៅលាយឡំគ្នាដែលធ្វើឱ្យលោកអ្នកមានទាំងរឿងរាវសប្បាយចិត្តនិងរឿងរាវទុកក្ខលំបាកតែងកើតឡើងទន្ទឹមគ្នា។នៅថ្ងៃនេះអ្នកធ្វើជំនួញបើចង់បណ្តាក់ទុនរកស៊ីលើអ្វីមួយតោងតែមានការប្រយ័ត្នប្រយែងពីព្រោះថាផលមិនល្អនោះមានច្រើន ហើយពិសេសអាចនឹងជួបបញ្ហាលំបាកនាគ្រាខាងមុខថែមទៀត។ សម្ព័ន្ធស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចាក់ដោតនាំកើតជម្លោះវិវាទ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំជ្រូកនៅក្នុងខែកក្កដានេះដំណើរជីវិតរបស់លោកអ្នកមានភាពរលូនល្អច្រើនផ្នែកក្នុងនេះមិនថាជាកិច្ចការងារ ឬបញ្ហាប្រាក់កាសមានការរីកចម្រើនឈានទៅមុខជានិច្ច។ ការប្រកបការងារ របស់លោកអ្នកគាប់ប្រសើរគួរសម ហើយបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់គ្រាន់កក់ក្តៅផ្លូវចិត្ត។អ្នកប្រកបរបររកស៊ីជួញដូរ បើចង់សាកល្បងជួញឆ្ងាយក៏តែងផ្តល់ផលល្អៗមកវិញផងដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងមានភាពស្រស់ស្រាយប្រពៃ៕