ហោរាសាស្រ្ត ប្រចាំថ្ងៃ សៅរ៍ ទី ១៧ ខែ កក្កដា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ៨កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីល្អជាមធ្យម។ថ្ងៃនេះបើលោកអ្នកប៉ងប្រាថ្នាអ្វីមួយធំគឺពុំសូវឆ្លើយតបដូចគាប់បំណងទេ ប៉ុន្តែបើជាការប៉ងធ្វើអ្វីដែលតិចតួចនោះលទ្ធផលត្រឡប់បែរជាទទួលបានគ្រាន់កក់ក្តៅវិញ ។ការប្រកបការងារនៅថ្ងៃនេះដែរកុំសូវឈោងចាប់កិច្ចការធំពេកពោលគឺយកល្អគប្បីធ្វើកម្រិតកិច្ចការប្រចាំថ្ងៃបានហើយ ។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកត្រូវរែកពន់ភាពលំបាកលំបិនមិនតិចដែរទេព្រោះតែចំណូលតិច ឯការចំណាយវិញគ្រប់សារពើ។ រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីមានចិត្តស្រាលផ្ទុកកំហឹងក្នុងខ្លួននាំកើតតែរឿងរាវឥតមានធូរស្បើយ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះថាងាយកើតនូវបញ្ហាមិនល្អចូលយាយីជាងសព្វមួយដង។ការប្រកបការងារលោកអ្នកធ្វើអ្វីកុំសង្ឃឹមពេកពីព្រោះថាពុំឆ្លើយតបដូចគាប់បំណងនោះឡើយ ពិសេសពេលវេលាម៉ោង ១,០០-២,៥៩វិនាទីរសៀលស្ថានភាពមានការលំបាកខ្លាំងតែម្តង។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។ រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេឱ្យប្រយ័ត្នជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំខាល
រាសីល្អជាមធ្យម។អ្នកកើតខ្លាទាំង ស្ត្រី បុរស នៅថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរលូនខ្លះ និងរដិបរដុបខ្លះ ម្ល៉ោះហើយទោះធ្វើអ្វីមួយមិនអាចធ្វេសប្រហែសបានឡើយគប្បីមានការប្រយ័ត្នប្រយែង ក្រែងមានរឿងរាវមិនល្អរត់ចូលមកដោយមិនបានតាំងចិត្ត។ក្រៅពីនេះបើទោះបីលោកអ្នកប្រកបការងារអ្វីមួយច្រើនតែងមិនសម្រេចលទ្ធផល និង បើមានការជជែកអ្វីមួយក៏ច្រើនមានទាស់ពាក្យសម្តីគ្នាផង។អ្នកប្រកប របរ រកស៊ីជួញដូរ ការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការលេចចេញប៉ាតភាពរកាំរកូសខ្លះៗដោយសារការប្រចែច័ណ្ឌកំពុងបិទបាំងមុខ៕
ឆ្នាំថោះ
រាសីស្រុតចុះ។អំឡុងពេលនេះបើជួបស្ថានការណ៍លំបាកលោកអ្នកមិនត្រូវនៅស្ងៀមឡើយ អាចសម្លឹងរកកិច្ចការថ្មី ឬ បណ្តាក់ទុនទៅលើអ្វីមួយទើបអាចរកប្រាក់កាសគ្រាន់ចាយវាយទៅរួច។ក្នុងពេលនេះដែរលោកអ្នកនៅមានរឿងរាវខ្លះ បាំងភ្នែក បាំងច្រមុះ នៅឡើយ ដូចនេះបើទោះធ្វើអ្វីក៏តែងមិនឆ្លើយតបដូចបំណងផង។អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានចិត្តត្រជាក់ហើយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយព្រោះមានតែផ្តល់ផលអាក្រក់ជាងល្អ។ សម្ព័ន្ធស្នេហាកំលោះក្រមុំកុំឃើញថ្មីចង់ចោលចាស់ប្រយ័ត្នកម្មពៀរវាឆ្លងម្តងម្នាក់ហើយត្រូវមកដេកឈឺចាប់នៅពេលក្រោយវិញ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ទាំងស្ត្រីបុរសលោកអ្នកតោងតែចេះបើកចិត្តទូលាយចំពោះរឿងរាវខ្លះពីព្រោះថាពេលខ្លះអ្នកសម្លឹងឃើញថាពុំល្អ តែវាមិនដូច្នេះទេគឺអាចនឹងត្រឡប់មានផលល្អច្រើននៅគ្រាខាងមុខផង។ការប្រកបការងារឃើញថាពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរកត់សម្គាល់ទេគឺដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរពុំផ្តល់ផលល្អក្នុងការបណ្តាក់ទុនធំប៉ុន្មានឡើយ គួរមានការគិតឱ្យបានគ្រប់ជ្រុងជ្រោយមុនធ្វើអ្វីមួយព្រោះ បើបោះទុនទៅហើយមិនងាយដកដើមមកវិញឡើយ ហើយស្រួលមិនស្រួលកប់ដើមសូន្យឈឹងតែម្តង។ គូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការប្រឆាំងគ្នាច្រើនព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងដឹកមុខ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។បើលោកអ្នកបានសម្រុកការងារចាប់តាំងតែពីដើមសប្តាហ៍រហូតដល់ចុងសប្តាហ៍នេះគប្បីរកពេលសម្រាកលំហែកាយខ្លះពីព្រោះថាវាមិនជះផលអាក្រក់ណាមួយដល់សុខភាពផង។នៅថ្ងៃនេះលោកអ្នកជួបបញ្ហាមិនល្អយាយីច្រើន ដូចនេះទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលកើត។អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកប្រកបជំនួញទីជិតឆ្ងាយគប្បីត្រូវមានចិត្តត្រជាក់ ហើយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយព្រោះមានតែផ្តល់ផលអាក្រក់ជាងល្អទេ។ សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការជឿនលឿនទៅមុខ តែងាយថយក្រោយពិសេសការកើតជម្លោះវិវាទក៏ងាយកើតមានឡើងណាស់ផង៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ដំណើរជីវិតរបស់លោកអ្នកកើតឆ្នាំសេះនៅថ្ងៃនេះពុំត្រូវចូលដោះស្រាយរឿងអ្នកដទៃដោយមិនបានពិចារណាវែងឆ្ងាយឡើយពីព្រោះថាផលអាក្រក់ងាយកើតឡើងនាំសោកស្តាយនាពេលក្រោយ។ដោយឡែកបើលោកអ្នកមានការប្រកបការងារមិនថាជាការងាររាជការឬក្រុមហ៊ុនឯកជនក្តីមានភាពប្រទាំងប្រទើសខ្លះៗផងដែរព្រោះតែក្រុមមនុស្សចាំចាប់កំហុស និង ព្យាបាទយាយី។អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែនតែក៏មានភាពសុខដុមប្រពៃណាស់ផង។ រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួច ឯបើថយក្រោយវិញនោះឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែង៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ក្នុងខែនេះអ្នកកើតឆ្នាំពពែដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយធ្វើឱ្យលោកអ្នកចង់ធ្វើអ្វីមួយក៏មានការចម្រើនលូតលាស់ និងទទួលផលឆ្លើយតបគ្រាន់កក់ក្តៅមកវិញ។ដោយឡែកនៅថ្ងៃនេះការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរវិញចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរ។ រីឯបញ្ហាស្នេហាប្រុសស្រីជួបរឿងការយល់ខុសនិងភាពប្រចែប្រច័ណ្ឌចូលលុកលុយមិនស្ទើរដែរទេ៕
ឆ្នាំវក
រាសីស្រុតចុះ។នៅខែនេះបុរសកើតឆ្នាំស្វាកុំភ្លេចថាជាខែមានគ្រោះ ម្ល៉ោះហើយត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង និងមិនត្រូវជះកំហឹងដល់អ្នកដទៃឡើយប្រយ័ត្នកើតជាបញ្ហាមានរឿងរាវតាំងពីតូចតាចរីករាលដាលដល់ថ្នាក់ទប់ទល់លែងឈ្នះ។ថ្ងៃនេះ ការប្រកបការងារអ្វីលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចដែរព្រោះក្រុមមនុស្សអាក្រក់តាមយាយីនោះក៏មានច្រើន។អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកផលចំណូលណាស់ដែរ ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទថែមទៀត។ រីឯបញ្ហាស្នេហាកំលោះក្រមុំកុំចង់សាកល្បងកាមគុណប្រយ័ត្នត្រូវមករែកពន់ភាពទុក្ខសោកនាពេលក្រោយ ហើយនាំជីវិតមិនភ្លឺស្វាងតាមអ្វីដែលជីវិតខ្លួនត្រូវមាន៕
ឆ្នាំរកា
រាសីល្អជាមធ្យម។អ្នកកើតឆ្នាំមាន់នៅថ្ងៃនេះពុំផ្តល់ផលល្អក្នុងការធ្វើដំណើរឆ្ងាយឬក៏ជួបពិភាក្សារឿងអ្វីមួយពីព្រោះថាផលមិនល្អមានច្រើនជាងផលល្អ។ការប្រកបការងារផលល្អ និង អាក្រក់នៅលាយឡំគ្នា ម្ល៉ោះហើយចូរប្រយ័ត្នប្រយែងបញ្ហាការធ្វើដំណើរទាំងផ្លូវឆ្ងាយនិងផ្លូវជិតបន្តិច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានបញ្ហាមិនល្អនិងផលប៉ះទង្គិចច្រើនយាយី ដូចនេះទោះធ្វើអ្វីត្រូវមានចិត្តអត់ធ្មត់ ហើយធ្វើមិនដឹងមិនឮខ្លះទើបប្រសើរហោង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងប្រទាំងប្រទើសចំពោះគ្នាច្រើន៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។ដំណើរជីវិតរបស់លោកអ្នកកើតឆ្នាំចអំឡុងពេលនេះនៅតែជួបស្ថានភាព លំបាកផ្លូវចិត្ត ហើយអ្វីដែលប៉ងទុក ឬចង់បានត្រឡប់ជាមិនបាន ។ផ្ទុយទៅវិញអ្វីដែលពុំចង់បានវាត្រឡប់ជារត់ចូលមកវិញ។ការប្រកបការងារនៅថ្ងៃនេះវិញឃើញថារឿងរាវអាក្រក់បានរត់ចេញឬហោះរំលង ហើយផលល្អនឹងចូលមកជំនួសវិញហើយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់ធ្វើទំនាក់ទំនងមុខរបរអ្វីមួយអាចហុចលទ្ធផលគ្រាន់បើជាងមុនបន្តិចវិញ ប៉ុន្តែយ៉ាងណាចំណូលកុំរំពឹងពេកព្រោះនៅតែចោទជាបញ្ហាដដែលទេ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការផ្អែមល្ហែមនិងកំពុងរីកលូតលាស់ទៅមុខប្រពៃណាស់៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះជោគសំណាងបានត្រឡប់មកវិញ ម្ល៉ោះហើយរឿងរាវតូចធំមួយចំនួនបានរលាយរលត់ទៅឆ្ងាយ ហើយជោគសំណាងល្អៗបានចូលជំនួសវិញ។សម្រាប់អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីបើមានកិច្ចការអ្វីថ្មីឬសូម្បីតែចាស់ក្តីលោកអ្នកត្រូវរួសរាន់បំពេញ និង មិនត្រូវធ្វេសប្រហែសឡើយមិនដូច្នេះនឹងទទួលរងការស្តីបន្ទោសពីសំណាក់ចៅហ្វាយនាយជាក់ជាពុំខាន។ការធ្វើជំនួញទីជិតឆ្ងាយពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេ គឺដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពជឿនលឿនទៅមុខនិងផ្អែមល្ហែមល្អណាស់៕