ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ១៥ ខែ តុលា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ៩កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ចរចា ឬស៊ីញ៉េឯកសារក្នុងរឿងអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។ក្រៅពីនេះបើលោកអ្នកមានការសម្រុកការងារពេញទីនោះផ្លែផ្កាតែងហុចមកវិញក៏តែងឆាប់រហ័សផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្ត ហើយត្រូវចេះបើកចិត្តឱ្យទូលាយដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួននោះទើបអ្វីៗល្អប្រពៃបំផុត។ រីឯបញ្ហាស្នេហាប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ទាំងស្ត្រីបុរសមិនត្រូវមាត់ឥតគម្របប្រយ័ត្នកើតរឿងរាវជម្លោះវិវាទ ហើយមកលំបាកនៅគ្រាខាងមុខ។នៅថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិច ម្ល៉ោះហើយទោះធ្វើអ្វីក៏តែងមិនសម្រេចតាមគោលដៅឬមានការជឿនលឿនទៅមុខដូចគាប់បំណងនោះឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក៏ដូច្នេះដែរការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺនសម្បើមណាស់។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីជួបបញ្ហាប្រទាំងប្រទើសក៏ច្រើន ឯការផ្អែមល្ហែមក៏ច្រើន៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយអំណោយផលល្អទាក់ទងនឹង បញ្ហាប្រាក់កាសគឺតែងចម្រើនលូតលាស់ឈានទៅមុខសន្សឹមៗជានិច្ច។ការប្រកបការងារឃើញថាបើចង់ចាប់កាន់កិច្ចការតូចធំគឺតែងហុចជាផ្លែផ្លាមកវិញគ្រាន់ជាទីពេញចិត្ត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅពេលនេះត្រូវរួសរាន់ពីព្រោះថាបើលោកអ្នកខិតខំច្រើនប៉ុនណាផលដែលទទួលបានក៏តែងឆ្លើយតបច្រើនទៅតាមនោះដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ដំណើរជីវិតជួបលើកំណាត់ផ្លូវរដិបរដុបខ្លះៗកើតឡើង ម្ល៉ោះហើយលោកអ្នកអាចជួបជម្លោះវិវាទណាមួយកើតឡើងស្មានមិនដល់។នៅថ្ងៃនេះបើទោះធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានការប្រយ័ត្នប្រយែង និង គិតឱ្យបានគ្រប់ជ្រុងជ្រោយពីព្រោះផលលំបាកងាយធ្លាក់មកត្រូវរែកពន់ណាស់។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយ មានភាពប្រទាំងប្រទើសច្រើននិងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទ។ ឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីយកភាពចង់ចាញ់ឈ្នះគ្នាដាក់ក្នុងចិត្តច្រើនពេកបើពុំនោះទេកើតមានតែភាពរកាំរកូសឥតឈប់ឈរឡើយ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបញ្ហាមិនល្អបានចៀសឆ្ងាយ ហើយរឿងរាវល្អៗបានចូលមកជំនួសវិញ។ ទាំងស្ត្រីបុរសផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ការបណ្តាក់ទុន ការចរចាឬចុះហត្ថលេខាអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។សម្រាប់លោកអ្នកដែលប្រកបរបររកស៊ីជួញដូរក្នុងពេលនេះមានការរីកលូតលាស់គួរសម ហើយបើចង់ពង្រីកមុខរបរថ្មីឬមានការបណ្តាក់ទុនរកស៊ីក្នុងអ្វីមួយតែងផ្តល់ផលល្អៗមកខ្លួនវិញយ៉ាងដូចសមប្រកប។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបភាពរកាំចិត្ត និង មិនសូវទុកចិត្តទុកគ្នាប៉ុន្មានទេគឺភាពប្រចែប្រច័ណ្ឌកំពុងចូលលុកលុយច្រើន៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ដោយសាររាល់ចង្រៃឧបទ្រពបានចាកចេញឆ្ងាយ ម្ល៉ោះហើយរាល់លោកអ្នកធ្វើអ្វីមួយតែងហុចផលឆ្លើយតបគ្រាន់ពេញចិត្តជានិច្ច។នៅថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ ហេតុនេះផ្តល់ផលល្អក្នុងការសម្រុកការងារឬទំនាក់ការងារអ្វីមួយពីព្រោះថាផលល្អៗកំពុងរង់ចាំ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ វិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់បើ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ទាំងស្ត្រីបុរសនៅថ្ងៃនេះងាយជួបរឿងរាវប្រទាំងប្រទើសជាមួយក្រុមមនុស្សណាស់គប្បីមានការប្រយ័ត្នប្រយែង។ការបំពេញការងារមានការរីកលូតលាស់យឺត ហើយទាល់តែខិតខំខ្លាំងបន្តិចទើបទទួលជោគជ័យកិច្ចការធំៗមួយចំនួន។អ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីទោះលោកអ្នកខិតខំប៉ុនណាបានត្រឹមមួយទប់ទល់ ហើយបើឱ្យសល់ធំដុំនោះគ្មាននោះឡើយ។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកើតមានការចាប់កំហុសនិងយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំឱ្យកើតការកាំចិត្តមិនតិចទេ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ឆ្លងចូលសប្តាហ៍នេះលោកអ្នកអាចដកដង្ហើមគ្រាន់ស្រួលខ្លួនបន្តិចវិញ ពីព្រោះតាំងតែឈានចូលខែតុលានេះដួងរាសីស្រុតចុះធ្វើឱ្យដំណើរជីវិតជួបលើកំណាត់ផ្លូវឧបសគ្គច្រើន។ក្នុងពេលនេះដែរលោកអ្នកកើតមានបញ្ហាក្នុងដំណើរជីវិតបន្តិចពិសេសការងារជួបរឿងខ្វាយខ្វល់ច្រើន តែយ៉ាងណាក៏មិនជួបព្យុះភ្លៀងដែលរហូតស្រាយមិនចេញនោះដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ វិញបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនចាញ់បោកគេ។ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារជាមួយមនុស្សចាស់ ឬអ្នកមានតូនាទីអ្វីមួយ។ក្រៅពីនេះក៏ផ្តល់ផលល្អក្នុងរឿងពាក់ព័ន្ធប្រាក់កាសពីព្រោះថាតែងឆ្លើយតបផលល្អជាងអាក្រក់ជានិច្ច។កិច្ចការងារតូចធំលោកអ្នកអាចសម្រុកពេញទីបានហើយ ពីព្រោះថាផលល្អៗតែងហុចមកវិញគ្រាន់ជាទីកក់ក្តៅផ្លូវចិត្ត។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានភាពកាក់កបគួរសម ហើយបើមានជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការជឿនលឿនទៅមុខលឿនតែយ៉ាងណាឱ្យប្រយ័ត្នបើថយក្រោយនោះក៏លឿនវិញដែរ៕
ឆ្នាំរកា
រាសីស្រុតចុះ។ទោះបីធ្វើអ្វីក៏ដោយ លោកអ្នក មិនត្រូវមានក្តីសង្ឃឹមឱ្យខ្លាំងក្លាពេកដែរ ព្រោះថាផលអាក្រក់ៗនោះក៏មានតាមជាប់មួយចំនួនដែលត្រូវពិបាកឆ្លងកាត់។នៅថ្ងៃនេះធ្វើអ្វីក៏ដោយលោកអ្នកបើមានការពិចារណាបានល្អនោះគឺមិននាំឱ្យ បាត់បង់ប្រាក់កាស ត្រូវទទួលរងខូចចិត្តឬខាតពេលវេលាផង។អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកភាពឈ្នានីសឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។ រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវឆេវឆាវខឹងច្រឡោតតោតតូងនាំតែជួបបញ្ហាល្អក់កករឥតឈប់ឈរចំពោះគ្នា ៕
ឆ្នាំច
រាសីល្អជាមធ្យម។ទាំងស្ត្រីបុរសការរស់នៅក្នុងក្រុមគ្រួសារលោកអ្នកគួរប្រកាន់ភាពស្លូតបូតដោយនិយាយឱ្យតិច ធ្វើឱ្យច្រើនទើបគ្មានរឿងរាវចម្រូងចម្រាសកើតឡើង។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខល្អតែក៏ងាយថយក្រោយណាស់ដែរគួរប្រយ័ត្នប្រយែង៕
ឆ្នាំកុរ
រាសីស្រុតចុះ។នាពេលនេះបុរសកើតឆ្នាំជ្រូកដំណើរជីវិតជួបគ្រោះយាយី ម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែង ។សម្រាប់ស្ត្រីវិញឃើញថាដំណើរជីវិតពុំមានអ្វីជាឧបសគ្គច្រើនដូចបុរសទេ ហេតុនេះទោះធ្វើអ្វីៗក៏តែងមានភាពរលូនល្អជានិច្ច។ការប្រកបការងារ បើចង់សម្រេចចិត្តអ្វីមួយ ឬ ធ្វើអ្វីមួយមានការប្រយ័ត្នប្រយែងនោះក៏មិនមានរឿងមិនល្អចូលយាយីនាំដំបៅចិត្តដែរ។ អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយពុំត្រូវមានគំនិតវៀចវេឡើយ បើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំក្នុងពេលនេះជួនត្រូវជួនឈ្លោះធ្វើឱ្យកើតការខ្វាយខ្វល់ឥតសូវស្បើយ៕