ហោរាសាស្រ្ត ប្រចាំថ្ងៃ អាទិត្យ ទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃ ៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​លោកអ្នក​អាច​ជួបប្រទះ​នូវ​រឿង​រាវ​ខ្វាយខ្វល់ និង​ពិសេស​អាច​ត្រូវគេ​ចោទប្រកាន់​ក្នុង​រឿង​អ្វីមួយ​ផង​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​ឬ​ខ្ចី​របស់​អ្វីមួយ​ពី​អ្នកដទៃ​ឃើញថា​មិន​ឆ្លើយតប​ដូច​គាប់​បំណង​ទេ​គឺ​តែង​ខកបំណង​ខ្លះៗ​នាំ​មិនសូវ​សុខ​ស្រួល​ចិត្ត​ឡើយ​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនឃើញ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំឆ្លូវ​

After Footer (Active) - damrei Mr1 Zone2

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​តោង​តែ​រក្សា​សេចក្តីសុខ និង​មិនត្រូវ​បង្កបញ្ហា​មក​ដាក់ខ្លួន​ឡើយ​ពីព្រោះថា​ងាយ​កើតជា​បញ្ហា​ចូល​យាយី​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​ងា​យ​ទទួលរង​កំហុសឆ្គង និង​ពិសេស​ចូរ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​កើតឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ការធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​បញ្ហា​រោគ​ជំងឺ​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​កើតឡើង​។​ការប្រកប​ការងារ​ឃើញថា ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិត​លើ​កំណាត់​ផ្លូវ​រដិបរដុប​និង​ប្រទាំង​ប្រទើស​ច្រើន ហើយ​ទាល់តែ​ចេះ​ប្រយ័ត្នប្រយែង​ក្រុមមនុស្ស​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​អ្វី​យាយី​កើត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ ​រីឯ​បញ្ហា​ស្នេហា ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​នៅតែ​ឱ្យ​ប្រយ័ត្ន​បញ្ហា​ឧប្បត្តិហេតុ​យាយី ហើយ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​រត់់​ចូល​កើត​។​ការប្រកប​ការងារ​ជួប​នូវ​ឧបសគ្គ​ច្រើន ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ព្យាបាទ​យាយី​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប៉ងប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​ទោះ​ប្រឹង​ទាល់តែ​បែកញើស​តែ​ផល​កម្រៃ​រក​សឹង​មិន​គ្រប់​ចិញ្ចឹម​គ្រួសារ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការខ្វែងគំនិត​និង​ប្រឆាំង​គ្នា​មិនសូវ​លោះ​ពេល​នោះទេ​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​លោកអ្នក​អាចមាន​មធ្យោបាយ​ដ៏​ល្អ និង ពិសេស​អាចមាន​ក្រុមមនុស្ស​ណែនាំ ច​ង្អុ​រ​បង្ហាញផ្លូវ​ឱ្យ​រក​ច្រក​ចេញពី​បញ្ហា​ពីអ្វី​មួយ​ផង​។​កិច្ចការងារ​របស់លោក​អ្នក​រលូន​ល្អ និង​អាច​សម្រេច​ដល់​គោលដៅ និង​ចៅហ្វាយ​អាណិត​ស្រឡាញ់​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ឬ​ចង់​ទិញ​ទំនិញស្តុក​ទុក​ឃើញថា​ក៏​ជា​ឱកាស​ប្រពៃ​។​ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ជួប​លើ​កំណាត់​ផ្លូវ​លំបាក​បន្តិច ពិសេស​ងាយ​មាន​ក្រុមមនុស្ស​តាម​យាយី និង​ប៉ង​អាក្រក់​ផង​។​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​វិញ​មាន​ការប្រទាំងប្រទើស​ជាមួយ​មិត្តភក្តិ​បន្តិច​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​យ៉ាង​ឆាប់រហ័ស ហើយ​រឿង​រាវ​អាក្រក់​ទាំងឡាយ​ដែល​ធ្លាប់មាន​កាលពីមុន​មក​ក៏​ត្រូវបាន​រលត់រលាយ​ទៅ​ឆ្ងាយ​តាម​កាល​វេលា​ដែរ​។ ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុង​មានការ​ខ្វាយខ្វល់ ព្រោះតែ​ម្នាក់ៗ​មានការ​គិត​ហួស​ព្រំដែន​ច្រើន​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈពេល​នេះ​បើ​លោកអ្នក​ទៅ​ចូលរួម​ពិធី​អ្វីមួយ ឬ​ជួប​អ្នកតូច​អ្នកធំ ចូរ​ចេះ​រៀបចំ​ឬ​ក​មារយាទ​ឱ្យបាន​ថ្លៃថ្នូរ​ទើប​មិន​អាប់ឱន​កិត្តិយស ឬ​ខាត​ប្រយោជន៍​អ្វីមួយ​មកវិញ​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​ហាក់​មិន​ជឿនលឿន​ទៅមុខ​ទេ ពោលគឺ​នៅ​ទ្រឹង​មួយកន្លែង​ច្រើនជាង ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់ ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​ រីឯ​គូគ្រង​ប្តី​ប្រពន្ធ ឬ គូស្នេហ៍​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ឡើយ​៕

​ឆ្នាំមមែ​

​រាសី​ធ្លាក់​ស្រុតចុះ​។​លោកអ្នក​ចូរ​ចេះ​សម្លឹង​ឱ្យ​ឆ្ងាយ ហើយ​មិនត្រូវ​ខ្ជះខ្ជាយ​ពេលវេលា​ឡើយ ពិសេស​ត្រូវ​ចេះ​ងើបឡើង​បន្តការងារ​ទើប​អ្វីៗ​នឹង​ចម្រុងចម្រើន​ឡើងវិញ​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​ឃើញថា​ជួប​បញ្ហា​ស្មុ​គ្រ​ស្មាញ​ច្រើន​បន្តិច ហើយ​ក្រុមមនុស្ស​ក៏​ទម្លាក់​បញ្ហា​ឱ្យ​ច្រើន​នាំ​ពិបាក​រែកពន់​។​អ្នកធ្វើ​ជំនួញ​ទោះ​ជួប​បញ្ហា​ខ្លះៗ​យាយី​តែ​លោកអ្នក​ក៏​នៅ អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ងាយ​ផ្ទុះ​កំហឹង និង​បង្ក​ការ​ឈ្លោះ​វិវាទ​ជាមួយគ្នា​ជាង​សព្វមួយដង​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ឃើញថា​ផ្តល់​ផល​ល្អ​ច្រើន​បន្តិច​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​បញ្ហា​ប្រាក់កាស​អ្វីមួយ​ពីព្រោះថា​ផល​ល្អ​តែង​ហុច​មកវិញ​ជានិច្ច​។​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​លោកអ្នក​អាច​សម្រុក​ការងារ​ពេញទី​បាន​ហើយ ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​តែ​យ៉ាងណា​ប្រាក់ចំណូល​គ្រាន់​នៅ​មួយ​ទប់ទល់​។​ ចំពោះ​គូ​ស្នេហា​ដែល​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ ក្នុង​រយៈពេល​នេះ​អាច​ពិគ្រោះ​ពិភាក្សា​រឿង​រៀប​អាពាហ៍ពិពាហ៍​បាន​ហើយ​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រលូន​ល្អ ដូច្នេះ​លោកអ្នក​ត្រូវ​ចេះ​រវៀសរវៃ​ញាប់ដៃ​ញាប់ជើង​បន្តិច ព្រោះ​ពេលវេលា​ជា​មាសប្រាក់ ធ្វើ​ច្រើន​បាន​ច្រើន​។​ចូរ​កុំ​មានចិត្ត​លោភលន់​ដោយ​ចង់​មាន ចង់​បានឱ្យ​ហួសប្រមាណ​ពេក ប្រយ័ត្ន​បែរជា​កើតរឿង​រាវ​អាច​ខាតបង់​លាភសក្ការៈ​វិញ​។​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជា​លំដាប់ ហើយ​បើ​មាន​បើក​របរ​ថ្មីៗ​ផង​គឺ​ប្រៀបដូចជា​ដាក់ចុះ​ដុះ​តាម​ដៃ​ដូច្នេះ​ដែរ​។​
​ចំពោះ​គូ​ស្នេហា​ប្តី​ប្រពន្ធ​រយៈពេល​នេះ​មាន​ភាព​ល្អូកល្អិន​គ្រាន់​គាប់ប្រសើរ និង​មាន​សុភមង្គល​ក្នុង​ក្រុមគ្រួសារ​ទៀតផង​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈ​ពេលនេះ​មុននឹង​លោកអ្នក​ហា​និយាយស្តី​អ្វី​ត្រូវ​ចេះ​ប្រយ័ត្ន​មាត់ក បន្តិច​ព្រោះ​កាលបើ​មាន​ពាក្យសម្តី​និយាយ​ជ្រុលជ្រួស​លើ​អ្នកដទៃ​តិច​ឬ​ច្រើន អាច​បង្ក​ជា​ទំនាស​វិវាទ​ឡើង​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​ចំណែក​ការប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មីៗ​មិន​ទាស់ខុស​អ្វី​ដែរ​ពីព្រោះថា​ផល​ដែលជា​ផ្លែផ្កា​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ហេតុនេះ​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍ និង គំនិត​ធ្វើ​អ្វីមួយ​ពីព្រោះថា​ងាយ​ភ្លាំងភ្លាត់ និង​កើតជា​បញ្ហា​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​ឃើញថា​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ទោះ​ឃើញ​គេ​រកបាន​ម្តេច​ម្តា ហើយ​ចង់រក​តាម​គេ​ក៏​មិន​ហុច​ផល​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ​គួរ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​របៀប​ប្រយ័ត្ន​រែកពន់​ផល​លំបាក​និង​ភាព​ទុក្ខសោក​មកវិញ​៕