នៅថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកគប្បីធ្វើចិត្តត្រជាក់គ្រប់រឿង។ ក្រៅពីនេះបើមានបញ្ហាកើតឡើងត្រូវចេះពិភាក្សាជាមួយមនុស្សទុកចិត្តឬមនុស្សក្បែរខ្លួនកាន់តែប្រសើរ។ សម្រាប់ថ្ងៃនេះដែរលោកអ្នកអាចប្រកបកិច្ចការងារអ្វីដោយមានចៅហ្វាយនាយឬកូនចៅជួយចូកជួយចែវ ហើយមិនសូវមានក្រុមមនុស្សចាំតែរាទឹកដូចកាលពីមុនទៀតឡើយ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកគប្បីរក្សាភាពនឹងធឹងកុំយកសេចក្តីឈ្នានីសឬការគុំគួនដាក់ខ្លួននាំកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំមានការប្រែប្រួលច្រើនព្រោះជួនផ្អែមល្ហែមជួនពាក់មុខយក្សដាក់គ្នា៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចសម្រេចចិត្តរឿងសំខាន់និងរឿងធំដុំបានពីព្រោះថាផលតែងឆ្លើយតបនាពេលក្រោយវិញផង។ នៅថ្ងៃនេះលោកអ្នកបើធ្វើអ្វីក៏ដោយអាចសម្រុកពេញទីបានហើយពីព្រោះថាផ្លែផ្កាល្អៗតែងឆ្លើយតមកវិញគ្រាន់ជាទីពេញចិត្តផង។ ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានហូរចូលគ្រាន់គួរជាទីកក់ក្តៅហើយបើចង់ជួញផ្លូវឆ្ងាយផងជាការប្រសើរដោយលោកអ្នកអាចកើបផលចំណូលត្រឡប់មកវិញគ្រាន់ត្រជាក់ចិត្ត។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខនិងបើចង់ផ្សំផ្គុំគ្រួសារជាពេលល្អផងដែរ៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ ការរស់នៅថ្ងៃនេះលោកអ្នកត្រូវចេះតស៊ូអត់ធ្មត់ការងារបន្តិចទើបឆ្លងផុតផលលំបាកទាំងពួងទៅរួច។ នៅថ្ងៃនេះការប្រកបការងារអ្វីឃើញថាមានការរីកលូតលាស់សន្សឹមៗទៅមុខពិសេសអាចមានក្រុមមនុស្សជួយជ្រោមជ្រែងក្នុងរឿងអ្វីមួយថែមទៀត។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនមានអ្វីប្រែប្រួលប្តូផ្លាស់គួរកត់សម្គាល់ទេគឺទោះការជួញទីជិតឆ្ងាយតែងហុចផ្លែផ្កាមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយដូចសព្វមួយដង។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការរកាំចិត្តនិងទាស់ទែងសម្តីគ្នាមិនស្ទើរដែរនោះទេ៕
ឆ្នាំថោះ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ និងមិនត្រូវប្រកាន់ចិត្តឆេវឆាវឡើយពីព្រោះថាងាយជះផលអាក្រក់នាពេលក្រោយវិញ។ ការប្រកបការងារលោកអ្នកអាចទទួលការគាបសង្កត់ផ្លូវចិត្តច្រើនដូចនេះបើទោះបីធ្វើអ្វីក៏តែងមានបញ្ហាតាមយាយីជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។ រីឯបញ្ហាស្នេហាប្រុសស្រីមានដំណើរថយក្រោយព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាមិនណយទេ៕
ឆ្នាំរោង៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើមានកិច្ចការទាក់ទងមនុស្សចាស់ឬមនុស្សធំគប្បីប្រញាប់ទំនាក់ទំនងពីព្រោះថាផលជាផ្លែផ្កាក៏តែងហុចមកវិញគ្រាន់ជាទីកក់ក្តៅផង។ ក្រៅពីនេះក៏តែងផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងបញ្ហាប្រាក់កាសផងដែរ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ វិញប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារឬនិយាយដល់ចាស់ទុំ តែងសម្រេចជោគជ័យដូចគាប់បំណង៕
ឆ្នាំម្សាញ់៖ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដួងរាសីគាប់ប្រសើរ ដូចនេះបើចេះគ្រប់គ្រងអារម្មណ៍និងចាត់ចែងការងារនោះឃើញថាផ្តល់ផលល្អៗមកវិញជានិច្ច។ សម្រាប់ថ្ងៃនេះដែរស្ត្រីបើចង់ធ្វើអ្វីក៏តែងផ្តល់ផលល្អៗមកវិញប្រសើរជាងបុរសផង។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានភាពលូតលាស់គួរសម ហើយបើមានការជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងស្រួលចិត្តដែរ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំមមី៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដួងរាសីស្រុតចុះ ហេតុនេះយកល្អលោកអ្នកគប្បីធ្វើការងារនៅនឹងកន្លែងឬកិច្ចការងារជិតៗពីព្រោះងាយជួបប្រទាំងប្រទើសនិងមានភ្លើងក្រហមរង់ចាំជានិច្ច។ សម្រាប់អ្នកប្រកបរបរកស៊ីជួញដូរមានការចម្រើនលូតលាស់សន្សឹមៗទៅមុខ ប៉ុន្តែបញ្ហាជម្លោះក៏មានច្រើនដែរគប្បីមានការអត់ធ្មត់ធ្វើមិនដឹងមិនឮខ្លះទើបប្រសើរ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រឆាំងនិងបង្កបញ្ហាចំពោះគ្នាច្រើន៕
ឆ្នាំមមែ៖ រាសីល្អជាមធ្យម។ ដំណើរជីវិតជារួមមានភាពល្អប្រសើរ និងធ្វើអ្វីតែងទទួលផលគ្រាន់គាប់ប្រសើរ។ ការប្រកបការងារលោកអ្នកឃើញថាមានការជួបបញ្ហាលំបាកច្រើនពិសេសឱ្យប្រយ័ត្នក្រុមមនុស្សប៉ងអាក្រក់ណាមួយនាំជួបការលំបាកទប់ទល់។ អ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ដែរ ដូច្នេះទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃគ្រាន់ចិញ្ចឹមគ្រួសាររស់ទៅរួច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំវក៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នការទាស់សម្តីជាមួយមនុស្សនៅក្បែរខ្លួនដោយសារតែការយល់ខុសដោយប្រការណាមួយ។ នៅថ្ងៃនេះបើទោះបីដួងរាសីស្រុតចុះក្តីប៉ុន្តែលោកអ្នកនៅអាចដំណើរកិច្ចការងារដោយជឿនលឿនទៅមុខសន្សឹមៗហើយពិសេសផលមួយចំនួនក៏តែងផ្តល់មកវិញដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ជួបការលំបាកក្នុងការរកផលកម្រៃណាស់ ឯការជួញទីជិតឆ្ងាយទៀតសោតក៏កើតមានភាពរកាំរកូសមិនតិចដែរទេ។ រីឯបញ្ហាគូស្នេហាប្រុសស្រីមានការហួងហែងនិងម្នាក់ៗយកភាពប្រចែប្រច័ណ្ឌដឹកមុខនាំឱ្យកើតបញ្ហាចំពោះគ្នាច្រើន៕
ឆ្នាំរកា៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពភ្លឺថ្លា ផ្តល់ផលល្អក្នុងការរៀបចំពិធីអ្វីមួយផង។ សម្រាប់ពេលវេលាល្អបំផុតក្នុងការធ្វើអ្វីមួយគឺម៉ោង ៧,០០-៨,៥៩វិនាទីព្រឹក។ សម្រាប់ខែនេះស្ត្រីចូរប្រយ័ត្នកើតរោគជំងឺ និងការបាត់របស់របរ។ ការប្រកបការងារលោកអ្នកគប្បីរក្សាភាពស្ងៀមស្ងាត់ ពីព្រោះថាស្ថិតនៅក្នុងអំឡុងខ្វាយខ្វល់ច្រើន។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគួរសម ហើយផលកម្រៃទៀតសោតបើមានការស្វះស្វែងតែងហូរចូលគ្រាន់ចិញ្ចឹមឆ្នាំងបាយយ៉ាងងាយ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំច៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកត្រូវរក្សាភាពនឹងធឹង និងប្រយ័ត្នប្រយែងទើបគ្មានបញ្ហាមិនល្អចោទឡើង។ អ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុមដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ។ ការធ្វើដំណើរ ជួបភាពប្រទាំងប្រទើសនិងកើតការរកាំចិត្តច្រើន។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកត្រូវរែកពន់ភាពលំបាកនិងស្មុគស្មាញច្រើនតែយ៉ាងណាបើលោកអ្នកអត់ធ្មត់ក៏តែងទទួលផលល្អៗមកវិញដែរ។ ការប្រកបការងារលោកអ្នកមិនអាចយកភាពមោហៈទោសៈដាក់ខ្លួនបានទេព្រោះងាយទាញរឿងរ៉ាវពីល្អធ្លាក់ទៅអាក្រក់បានណាស់។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញដោយសារយីអ៊ុនពុំសូវល្អ ដូចនេះនាំឱ្យមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទយាយីច្រើនដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបប្រសើរ។ ចំណែកការធ្វើដំណើរពេលយប់ព្រលប់ពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។ រីឯបញ្ហាស្នេហាប្រុសស្រីមានការគិតផ្លូវអាក្រក់ចំពោះគ្នាច្រើនធ្វើឱ្យរកាំរកូសមិនស្ទើរដែរទេ៕