នៅថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកប្រកបការងារអ្វីត្រូវសន្សឹមៗហើយមិនត្រូវធ្វើកិច្ចការងារអ្វីសំខាន់ពេកដែរពីព្រោះថាឧបសគ្គនៅរារាំងមុខខ្លះៗនាំជួបផលលំបាកក្នុងការរែកពន់។ នៅថ្ងៃនេះបើមានបញ្ហាបន្តិចបន្តួចនៅក្នុងផ្ទះសម្បែងឬក្រៅផ្ទះក្តីមិនត្រូវពង្រីកឡើយហើយត្រូវតែចេះបង្រួមទើបប្រសើរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការចម្រើនលូតលាស់ទៅមុខគួរសម ហើយភាពសុខដុមក៏កើតមានច្រើនដែរ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំក្នុងថ្ងៃនេះវិញកុំគប្បីជ្រួលជ្រើមខុសបែបបទប្រយ័ត្នរែកពន់ភាពទុក្ខសោកទៅវិញ៕
ឆ្នាំឆ្លូវ៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងបន្តិចពីព្រោះថាផលមិនល្អតែងកើតមានចំពោះមុខផង។ សម្រាប់កម្មករឬបុគ្គលិកនានាចូរប្រយ័ត្នកិច្ចការរបស់ខ្លួនពីព្រោះបើបង្កើតឱ្យមានកំហុសអាចជួបរឿងរង្គោះរង្គើដល់តួនាទីការងារថែមទៀត។ អ្នកប្រកបរបររកស៊ីជួញដូរវិញមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ ដូច្នេះទាល់តែខិតខំខ្លាំងទើបអាចរកប្រាក់កម្រៃ ចិញ្ចឹមគ្រួសារគ្រាន់រស់ស្រួលខ្លួន។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការជ្រួលជ្រើមខុសបែបបទ ដូចនេះត្រូវចេះកាត់បន្ថយខ្លះទើបគ្មានរឿងរាវអាក្រក់នាថ្ងៃខាងមុខ៕
ឆ្នាំខាល៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដួងរាសីស្រុតចុះ ម្ល៉ោះហើយស្ត្រីតោងតែមានការប្រយ័ត្នប្រយែងជាងបុរសពីព្រោះថាងាយកើតជារឿងរាវណាស់ផង។ ក្រៅពីនេះបើមានកិច្ចការអ្វីសំខាន់ ហើយចង់ទៅពឹងពាក់នរណាម្នាក់តែងពុំសូវសម្រេចដូចបំណងប៉ុន្មានទេ ហើយគេមានតែស្តីបន្ទោសបន្ថែមទៀត។ អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយចូរប្រយ័ត្នកើតការជម្លោះវិវាទណាមួយជាមួយមនុស្សនៅក្បែរខ្លួនដែលនាំជះឥទ្ធិពលអាក្រក់នាពេលក្រោយ។ រីឯបញ្ហាប្រុសស្រីដែលមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នជួបរឿងកម្មក្រាសនៅពេលក្រោយហើយមកដេកឈឺចិត្ត៕
ឆ្នាំថោះ៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អទេគឺមានគ្រោះច្រើនបន្តិចដូចនេះទោះធ្វើអ្វីៗគប្បីមានការប្រយ័ត្នប្រយែងទើបអាចចៀសផុតផលអាក្រក់ចំពោះមុខទៅរួច។ ចំណែកការប្រកបការងារអ្វីត្រូវចេះត្រួតពិនិត្យ ហើយពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយនោះផលល្អៗនឹងហុចឱ្យមកវិញជាក់ជាពុំខាន។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបរឿងលាភតូចធំច្រើនបោលហួសនិងចាប់មិនសូវជាប់ប៉ុន្មានទេ។ រីឯសេចក្តីស្នេហាកំលោះក្រមុំជួនល្អជួនអាក្រក់ព្រោះតែម្នាក់ៗមានចិត្តចង់ឈ្នះចង់ចាញ់គ្នាមិនតិចឡើយ៕
ឆ្នាំរោង៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងព្រោះថាអាចមានការប្រែក្រឡាស់ពីល្អមកអាក្រក់បានទាំងអស់។ ក្រៅពីនេះការបំពេញការងារមិនត្រូវធ្វេសប្រហែសឬធ្វើដោយរួចៗពីដៃបានដែរបើពុំនោះទេនឹងជះឥទ្ធិពលមិនល្អណាមួយនៅពេលក្រោយនាំពិបាកដោះស្រាយថែមទៀត។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះជួបការលំបាកក្នុងការរកផលកម្រៃណាស់ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសច្រើន។ រីឯបញ្ហាគូស្នេហាប្រុសស្រីមានការហួងហែងនិងម្នាក់ៗយកភាពប្រចែប្រច័ណ្ឌដឹកមុខមិនតិចនោះទេ ៕
ឆ្នាំម្សាញ់៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះបញ្ហាផ្សេងៗតែងតែលេចចេញមកជាបន្តបន្ទាប់ ម្ល៉ោះហើយធ្វើឱ្យលោកអ្នកត្រូវទទួលរងផលលំបាកយាយីច្រើនដែលត្រូវឆ្លងកាត់។ ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សបង្កផលលំបាកអ្វីមួយត្រូវជួបតែរឿងរាវវែងឆ្ងាយបន្តទៅទៀត។ ក្រៅពីនេះចំពោះការប្រកបការងារចូរប្រយ័ត្នកូនចៅនៅក្រោមបង្គាប់ឬបើជាកូនចៅគេអាចនឹងត្រូវជួបផលលំបាកអ្វីមួយនាំមានរឿងរាវឈឺក្បាលច្រើន។ អ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសម្បូរ ទេព្រោះបើមិនបោលហួសក៏ចាប់មិនសូវជាប់ដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការរកាំរកូស និង មានរឿងរាវប្រឆាំងគ្នាបន្តបន្ទាប់៕
ឆ្នាំមមី៖ ល្អជាមធ្យម។ ការរស់នៅលោកអ្នកកុំសម្លឹងខ្ពស់ និងស្រមើលស្រម៉ៃអ្វីមិនមែនការពិតពីព្រោះថានោះសុទ្ធសឹងរឿងឥតប្រយោជន៍ ហើយនាំឧបទ្រពចង្រៃដាក់ខ្លួន។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកបើមានគម្រោងចង់ធ្វើអ្វីមួយឬសម្រេចចិត្តចង់ប្រកបកិច្ចការអ្វីគប្បីប្រយ័ត្នប្រយែងពីព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខល្អតែក៏ងាយថយក្រោយណាស់ដែរគួរប្រយ័ត្នប្រយែង៕
ឆ្នាំមមែ៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកត្រូវទទួលរងផលលំបាកច្រើន ដូចនេះត្រូវអត់ធ្មត់បន្តិចទើបឆ្លងផុតគ្រាលំបាកដែលមានចំពោះមុខខ្លះៗទាំងនេះទៅរួច។ ការប្រកបការងារក្នុងពេលនេះបើទោះបីឃើញថាមានការចម្រើនលូតលាស់ឆាប់រហ័សបែបណាក្តីតែងមិនអាចធ្វេសប្រហែសបានឡើយ ហើយត្រូវចងចាំថាកិច្ចការបើងាយឡើងក៏ងាយចុះទៅវិញដែរ។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រី ពុំសូវមានដំណើររីកលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំវក៖ រាសីស្រុតចុះ។ នៅថ្ងៃនេះ ដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយទោះធ្វើអ្វីក៏តែងមានបញ្ហាមិនល្អឈានចូលពិសេសនាំប៉ះពាល់ដល់គ្រាក្រោយផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើវិញតែអ្នកជួញជិតមានការខ្សត់ខ្សោយបន្តិច ហើយទាល់តែខិតខំខ្លាំងទើបអាចចិញ្ចឹមឆ្នាំងបាយរស់ទៅរួច។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីលោកអ្នកជួបរឿងប្រទាំងប្រទើសព្រោះតែម្នាក់ៗមានចិត្តខ្លាំងយកឈ្នះតែរៀងខ្លួន៕
ឆ្នាំរកា៖ រាសីខ្ពស់ត្រដែត។ ការរស់នៅបើលោកអ្នកចង់ដោះស្រាយបញ្ហា ឬចង់ជជែកពិភាក្សាអ្វីមួយជាមួយអ្នកដទៃតែងអាចរកច្រកចេញបានខ្លះនាថ្ងៃនេះ។ ថ្ងៃនេះដែរដំណើរជីវិតគាប់ប្រសើរប្រពៃ ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់ចាត់ចែងការងារសំខាន់ឬការងារធំដុំពីព្រោះថាផលល្អតែងហុចមកវិញដូចជាទីពេញចិត្តផង។ អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់ ហើយចង់ស្វែងរកជាពេលវេលាល្អប្រពៃបំផុតតែយ៉ាងណាស្ត្រីប្រយ័ត្នព្រាននារីក៏មានតាមជាប់ច្រើន៕
ឆ្នាំច៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះទោះធ្វើអ្វីក៏ដោយលោកអ្នកត្រូវចេះត្រួតពិនិត្យមើលសមាសភាពមនុស្សបន្តិចទើបមិនមានបញ្ហាមិនល្អណាមួយនាំទុក្ខលំបាកនៅគ្រាក្រោយ។ ចំណែកអ្នកប្រកបការងារទីខ្ពស់ពិសេសកម្មករសំណង់ចូរប្រយ័ត្នប្រយែងការទ្បើងទីខ្ពស់ក្រែងភ្លាត់ដៃជើងធ្លាក់ចុះគ្រោះថ្នាក់ដោយប្រការណាមួយ។ អ្នកប្រកបរបររកស៊ីជួញដួរមុខជំនួញមិនមានអ្វីប្រែប្រួលប្តួរផ្លាស់គួរជាទីកត់សំគាល់ទេគឺដូចសព្វមួយដង។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីប្រយ័ត្នអ្នកដទៃអុជអាលនាំកើតជម្លោះវិវាទកើតឡើង៕
ឆ្នាំកុរ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតមិនល្អប្រសើរ ម្ល៉ោះហើយលោកអ្នកគប្បីធ្វើចិត្តត្រជាក់និងដាច់ខាតមិនត្រូវយកកំហឹងទល់កំហល់ឡើយនាំតែកើតបញ្ហាមិនចេះចប់ប៉ុណ្ណោះ។ ការប្រកបការងារក៏ដូច្នេះដែរលោកអ្នកគប្បីរក្សាភាពស្ងប់ស្ងាត់ដោយមិនត្រូវតបតជាមួយក្រុមមនុស្សច្រើនពេកឡើយ បើពុំនោះនាំតែរឿងរាវដាក់ខ្លួនប៉ុណ្ណោះ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកងាយមានបញ្ហាភ្លាំងភ្លាត់ណាស់គួរមានការប្រយ័ត្នប្រយែងទើបមិនជះឥទ្ធិពលអាក្រក់មកវិញ។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការជឿនលឿនទៅមុខតែថយក្រោយវិញក៏ឆាប់រហ័សណាស់៕