នៅថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកគប្បីរក្សាភាពស្ងប់ស្ងាត់ ហើយមិនត្រូវអួតអាងឬច្រងេងច្រងាងឡើយពីព្រោះមានតែក្រុមមនុស្សចាំវាយប្រហារដែលលោកអ្នកពិបាកទប់ទល់ណាស់ដែរ។ ការប្រកបការងារបើមានបញ្ហាអ្វីកើតឡើងលោកអ្នកត្រូវរក្សាភាពនឹងធឹង ហើយយកបញ្ញាជាអាវុធក្នុងការដោះស្រាយទើបអាចឆ្លងគ្រាលំបាកៗឬសត្រូវចំពោះមុខទៅរួច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបប្រទះនូវរឿងរ៉ាវប្រទាំងប្រទើសច្រើន ហើយបើចេះធ្វើគធ្វើថ្លង់ខ្លះទើបមានភាពសុខដុមគ្រាន់ស្រួលខ្លួន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើរថយក្រោយដូចនេះប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំឆ្លូវ៖ រាសីស្រុតចុះ។ ការរស់នៅលោកអ្នកអាចមានទាស់សម្តីជាមួយក្រុមមនុស្សក្បែរខ្លួន ដូចនេះត្រូវមានចិត្តត្រជាក់ ហើយធ្វើមិនដឹងមិនឮខ្លះទើបប្រសើរ។ ដោយសារដួងរាសីក្នុងថ្ងៃនេះធ្លាក់ស្រុតចុះ ដូចនេះធ្វើឱ្យរាល់កិច្ចការងារជួបភាពរដិបរដុប និង បញ្ហារារាំងចំពោះមុខច្រើន។ ក្រៅពីនេះលោកអ្នកអាចមានអារម្មណ៍តប់ប្រម៉ល់នាំកើតតែរឿងរាវចំពោះមុខប៉ុណ្ណោះ។ អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកទោះធ្វើអ្វីក៏ដោយតែងមានបញ្ហាបង្កល្អក់កករ ហើយបើមិនចេះអត់ធ្មត់ទេពិតជាកើតបញ្ហាចំពោះមុខពុំខាន។ បញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការប្រឆាំងគ្នាច្រើនព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងដឹកមុខ៕
ឆ្នាំខាល៖ រាសីខ្ពស់ត្រដែត។ ការរស់នៅថ្ងៃនេះឃើញថា លោកអ្នក ជួបភាពសុខដុម ហើយបើចង់កសាងមិត្តឬលុបបំបាត់រឿងរាវពីមុនមកជាមួយអ្នកដទៃក៏ជាការល្អប្រពៃ។ ការប្រកបការងារមានការជឿនលឿនទៅមុខ និង ហុចផលមួយចំនួនមកវិញគ្រាន់ជាទីពេញចិត្ត។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរបញ្ហាប្រាក់កាស និងទ្រព្យសំណាងបានឡើងខ្ពស់ ហើយបើមានការខិតខំតែងហូរចូលគួរសមផងដែរ។ រីឯបញ្ហាស្នេហាប្រុសស្រីបើមានការទុំជោរ ហើយមិនត្រូវបង្អង់បន្តទៅទៀតបានទេជាឱកាសល្អបំផុតក្នុងការផ្សំផ្គុំគ្រួសារហើយដែរ៕
ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។ ការរស់នៅបញ្ហាលំបាកនាពេលកន្លងមក បើលោកអ្នកតាំងចិត្តដោះស្រាយតែងសម្រេចជោគជ័យ។ ការប្រកបការងារវិញ លោកអ្នកគប្បីរវៀសរវៃសម្រុកទាំងតូចទាំងធំពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញផង។ អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបើកហាងថ្មីឬទិញកន្លែងលក់ដូរថ្មីតែងជោគជ័យដូចសមប្រកបជានិច្ច។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតនាំជួបផលលំបាកនៅគ្រាក្រោយហើយត្រូវមកខ្លោចផ្សាឥតអំពើ៕
ឆ្នាំរោង៖ រាសីល្អជាមធ្យម។ ការរស់នៅមនុស្សល្អអាចប្រែជាអាក្រក់ដោយសារផលប្រយោជន៍អ្វីមួយ ម្ល៉ោះហើយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបមិនទទួលរងផលលំបាកកើតឡើង។ នៅថ្ងៃនេះការបំពេញការងារធំដុំច្រើនភ្លាំងភ្លាត់ពុំសូវសមដូចប្រកបទេដូចនេះគប្បីប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាអាក្រក់ណាមួយកើតឡើង។ អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឬស្សីបញ្ច្រាសចុងហើយកើតមានតែបញ្ហាជាមួយគ្នាមិនចេះចប់ ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយដូចនេះចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំម្សាញ់៖ រាសីស្រុតចុះ។ នៅថ្ងៃនេះជាថ្ងៃមិនល្អ ម្ល៉ោះហើយពុំគប្បីធ្វើអ្វីដែល ជារឿងសំខាន់ ឬ រឿងរាវធំដុំពីព្រោះថាផលអាក្រក់ងាយកើតឡើងជាងសព្វមួយដង។ ការប្រកបការងារក៏ពុំល្អដែរ ម្ល៉ោះហើយត្រូវតាំងចិត្តត្រជាក់ទើបមិនមានបញ្ហាអ្វីណាមួយឈានចូលកើតនាំពិបាកដោះស្រាយ ហើយពិបាកដល់អាត្មាថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញការធ្វើជំនួញទោះទីជិតឆ្ងាយមានភាពសុខដុមល្អតែទោះធ្វើអ្វីៗលោកអ្នកតោងតែចេះបែងចែកល្អអាក្រក់ឱ្យបានត្រឹមត្រូវទើបគ្មានរឿងរាវចម្រូងចម្រាសជាមួយអ្នកដទៃ។ រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំពុំមានការជឿនលឿនទៅមុខទេហើយបញ្ហាជម្លោះក៏មានច្រើន៕
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកចង់ចរចា ឬ សម្រុះសម្រួលអ្វីមួយក៏អាចធ្វើបានពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីរំពឹងទុកផង។ ថ្ងៃនេះដែរយីអ៊ុនឡើងខ្ពស់ ម្ល៉ោះហើយការប្រកបកិច្ចការតូចធំ តែងមានសញ្ញាភ្លើងខៀវបើករង់ចាំជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយមិនទាស់ខុសអ្វីទេព្រោះថាផ្លែផ្កាដែលទទួលបានក៏មានការរីកលូតលាស់ជាសន្សឹមៗគ្រាន់បំពេញបំពង់ដែរ។ រីឯបញ្ហាស្នេហាកំលោះក្រមុំកុំជ្រួលជ្រើមខុសរបៀបប្រយ័ត្នរែកពន់ផលលំបាក និង ភាពទុក្ខសោកមកវិញ៕
ឆ្នាំមមែ៖ រាសីល្អជាមធ្យម។ ចំពោះស្ត្រីបុរសបញ្ហាដែលទាក់ទងប្រាក់កាសគប្បីប្រយ័ត្នប្រយែងព្រោះមិនត្រឹមជួបការលំបាកដោះស្រាយទេតែនៅកើតរឿងជម្លោះវិវាទទៀតផង។ ថ្ងៃនេះបើទោះបីការប្រកបការងារលោកអ្នកត្រូវរែកពន់ភាពលំបាកនិងស្មុគស្មាញច្រើនតែយ៉ាងណាបើចេះអត់ធ្មត់ក៏តែងជោគជ័យគួរសម។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរដោយសារយីអ៊ុនកំពុងដាក់ស្រាប់ ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទយាយីច្រើន ដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបចៀសផុតជម្លោះវិវាទទាំងពួងទៅរួច។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការគិតផ្លូវអាក្រក់ចំពោះគ្នាច្រើនធ្វើឱ្យរកាំរកូសមិនស្ទើរដែរទេ៕
ឆ្នាំវក៖ រាសីស្រុតចុះ។ ការរស់នៅជាពិសេសស្ត្រីមេផ្ទះចូរប្រយ័ត្នកូនចៅដើរពាសវាលកាល ហើយនាំរឿងរាវក្រៅផ្ទះមកអំពលទុក្ខ។ ការប្រកបការងារទាំងស្ត្រីបុរសលោកអ្នកមិនត្រូវជឿសម្តីក្រុមមនុស្សច្រើនពេកឡើយប្រយ័ត្នគេនាំរឿងរាវមកឱ្យមិនដឹងខ្លួន ហើយនៅពេលក្រោយគេបែរជាទទួលផលប្រយោជន៍ទៅវិញ។ ចំពោះលោកអ្នកដែលចង់ពង្រីកមុខជំនួញដោយសារទ្រព្យដែលជាលាភហេងមានការខ្សត់ខ្សោយដូចនេះមិនត្រូវហ៊ានបោះទុនរកស៊ីដោយចំណាយទុនធំដុំឡើយប្រយ័ត្នចំណាយប្រាក់ទុនទៅហើយរកតែដកដើមមកវិញមិនឃើញ។ រីឯសេចក្តីស្នេហាប្រុសស្រីមានភាពតានតឹងព្រោះតែម្នាក់ៗមិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មានឡើយ៕
ឆ្នាំរកា៖ រាសីល្អជាមធ្យម។ លោកអ្នកមានការនឿយហត់ និង មានការសម្រេចចិត្តខុសច្រើនគប្បីមានការប្រយ័ត្នប្រយែង។ ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺអ្វីៗដូចសព្វមួយដង។ អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញទោះលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានចិត្តត្រជាក់ ហើយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយព្រោះមានតែផ្តល់ផលអាក្រក់ជាងល្អ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកុំឃើញថ្មីចង់ចោលចាស់ប្រយ័ត្នកម្មពៀរវាឆ្លងម្តងម្នាក់ហើយត្រូវមកដេកឈឺចាប់នៅពេលក្រោយវិញ៕
ឆ្នាំច៖ រាសីខ្ពស់ត្រដែត។ ការស់នៅផ្តល់ផលល្អសម្រាប់លោកអ្នកចរចា ទំនាក់ទំនងឬចេញដំណើរទៅកាន់ទីណាមួយតែងផ្តល់ផលល្អត្រឡប់មកវិញ។ ការប្រកបការងារឃើញថាដំណើរជីវិតរបស់លោកអ្នកមានការរីកលូតលាស់នឹងហុចផលមកវិញគ្រាន់ជាទីពេញផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងមានភាពសុខដុម ហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ រីឯសេចក្តីស្នហាកំលោះក្រមុំមានការឆាប់ទាំងផ្អែមល្ហែមនិងឆាប់ទាំងជម្លោះវិវាទផងដែរ៕
ឆ្នាំកុរ៖ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកល្អប្រសើរ ដូចនេះបើទោះបីធ្វើអ្វីក៏តែងមានការរីកលូតលាស់ និង មានលក្ខណះពេញដៃពេញជើង។ ថ្ងៃនេះដែរជាពេលវេលាល្អសម្រាប់លោកអ្នកបំពេញការងារសំខាន់ពីព្រោះថាផ្លែផ្កាដែលហុចមកវិញនោះតែងទទួលបានដូចជាទីពេញចិត្ត។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពេលនេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬរើទីកន្លែងលក់ដូរដោយអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ច។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើចង់ណែនាំឱ្យចាស់ទុំបានស្គាល់ឬចូលចែវចូវជាឱកាសល្អប្រពៃមួយដែរ៕