លោក សន ខូវិយ៍ (Sean Covey) គឺជាអ្នកនិពន្ធ និង ជាអ្នកបណ្ដុះភាពជោគជ័យ និង ភាពជាអ្នកដឹកនាំដ៏ល្បីល្បាញមួយរូបនៅសហរដ្ឋអាមេរិក ហើយលោកក៏ជាកូនប្រុសបង្កើតរបស់លោក ស្ទីហ្វិន ខូវិយ៍ (Stephen R.Covey) ដែលមានជំនាញដូចគ្នា។ បើតាមអ្នកនិពន្ធរូបនេះ មានទម្លាប់អាក្រក់៧យ៉ាង ដែលធ្វើឲ្យមនុស្សរកមិនឃើញភាពជោគជ័យក្នុងជីវិត ជាពិសេសយុវជន៖
១.ប្រតិកម្មអវិជ្ជមាន ៖ ប្រតិកម្មអវិជ្ជមានក្នុងន័យនេះ មានន័យថា នៅពេលមានរឿងអ្វីមួយកើតឡើង មនុស្សតែងតែបន្ទោសទៅលើអ្នកដទៃ មិនថា គ្រួសារ មិត្តភ័ក្ដិ ឬ លក្ខខណ្ឌការងារ ដោយភ្លេចយកទំនួលខុសត្រូវដាក់មកលើខ្លួនឯង។ នៅពេលដែលធ្វើបែបនេះមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបាននោះទេ ថែមទៀតនាំឲ្យបញ្ហាចេះតែកើតឡើងច្រើនថែមទៀត ដែលនាំឲ្យអ្វីៗមើលទៅមានតែភាពខ្មៅងងឹត។ ប៉ុន្តែប្រសិនបើអ្នកគិតបែបផ្សេងដោយឈប់បន្ទោសអ្នកដទៃ ហើយទាញយកទំនួលខុសត្រូវដាក់លើខ្លួនឯង ហើយព្យាយាមដោះស្រាយបញ្ហាទាំងនោះ វានឹងធ្វើឲ្យអ្វីៗប្រសើរឡើងមិនខាន។
២.គ្មានការគិតវែងឆ្ងាយ ៖ មនុស្សដែលគិតខ្លី គឺចូលចិត្តមើលតែប្រយោជន៍ភ្លាមៗ ឬ ប្រយោជន៍ក្នុងរយៈពេលខ្លី ដោយភ្លេចគិតអំពីប្រយោជន៍ក្នុងរយៈពេលវែង ដែលនាំឲ្យឆាកជីវិតរបស់ខ្លួនមិនអាចបញ្ចេញនូវពន្លឺដ៏អស្ចារ្យដូចអ្នកដទៃបាន។ មនុស្សដែលគ្មានការគិតវែងឆ្ងាយ គឺមិនដែលព្យាយាមគិត ឬរំពៃគិតថា នឹងមានអ្វីកើតឡើងនៅថ្ងៃស្អែក ខានស្អែក ឬ នៅពេលខាងមុខទៀតនោះទេ អ៊ីចឹងហើយនៅពេលថ្ងៃមួយមកដល់ គឺបានត្រឹមតែសោកស្ដាយ និង យំស្អែកប៉ុណ្ណោះ។
៣.មិនចេះបែងចែកការងារណាសំខាន់ ៖ «ការងារមិនច្របូកច្របល់ជាមង្គលដ៏ឧត្ដម»។ នេះជាពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ។ ការងារមិនច្របូកច្របល់ មានន័យថា ដឹងច្បាស់ថា អ្វីសំខាន់ និង មិនសំខាន់ អ៊ីចឹងហើយនៅពេលដែលធ្វើនោះ គឺមិនឈឺក្បាលច្រើន ហើយក៏មិនខាតពេលក្នុងការធ្វើការងារច្រើនក្នុងពេលតែមួយផងដែរ។ ប៉ុន្តែមនុស្សមួយចំនួន ខ្វះចំណុចនេះ ជាហេតុនាំឲ្យពួកគេមិនអាចធ្វើអ្វីបានសម្រេចជាដុំកំភួនសោះ។ មិនអាចសម្រេចអ្វីជាដុំកំភួនសោះ ព្រោះ នៅពេលចាប់ផ្ដើមនោះ គឺរញ៉េរញ៉ៃ ឬ មិនដឹងក្បាលមិនដឹងកន្ទុយបាត់ទៅ ដូច្នេះហើយ រកលទ្ធផលល្អមកពីណា។
៤.គិតតែរឿងចាញ់ និងឈ្នះ ៖ មនុស្សភាគច្រើនគិតថា បើមិនឈ្នះ គឺចាញ់។ ការគិតបែបនេះ ធ្វើឲ្យពួកគេព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីតែពាក្យថា ឈ្នះ ទោះបីជាពេលខ្លះប្រើប្រាស់វិធី ដែលមិនគួរប្រើក៏ដោយ ហើយបើចាញ់វិញ ពួកនឹងបាក់ទឹកចិត្ត ហើយមើលឃើញពិភពលោកនេះគឺមានតែភាពងងឹតប៉ុណ្ណោះ។ ប៉ុន្តែបើគិតបែបវិជ្ជមាន ឬ យុទ្ធសាស្ត្រឈ្នះឈ្នះវិញ នោះអ្វីៗប្រាកដជាប្រសើរជាងនេះ ព្រោះបើទោះបីជា អ្នកឈ្នះគឺឈ្នះដោយសមត្ថភាពពិត ហើយបើទោះបីជាចាញ់ ក៏ជាបទពិសោធន៍ដ៏ល្អមួយដែលមិនអាចរៀនបាននៅតាមសាលា ឬ យល់តាមសៀវភៅបាននោះដែរ។
៥.ចូលចិត្តនិយាយច្រើនជាងស្ដាប់ ៖ មនុស្សភាគច្រើន ចូលចិត្តធ្វើតួឯកក្នុងពេលនិយាយ ឬ និយាយចាញ់គេហែកមាត់ចោល។ ឲ្យតែបាននិយាយច្រើនជាងគេ ទោះនិយាយមិនដឹងក្បាលមិនដឹងកន្ទុយក៏មិនអី សំខាន់ឲ្យតែនិយាយបានច្រើន ព្រោះគិតថា វាជាចំណុចមួយដើម្បីក្លាយជាតួឯក។ ប៉ុន្តែធាតុពិត មនុស្សប្រភេទនេះ គ្មានខ្លឹមអ្វីសូម្បីបន្តិច។ ជាមនុស្សគ្មានខ្លឹម ព្រោះសំដីដែលនិយាយចេញនោះ គឺគ្មានន័យ ឬ គ្មានខ្លឹមដែលធ្វើឲ្យគេចង់ស្ដាប់ ឬ កើតជាប្រយោជន៍នោះឡើយ គឺមានតែរឿងធុញទ្រាន់ ហើយពេលខ្លះលួចអស់សំណើចទៅវិញ។ ទំនាស់ភាគច្រើនក៏កើតឡើងដោយសារតែ ការប្រឹងនិយាយរៀងខ្លួននេះឯង។ ដូច្នេះហើយ ត្រូវប្រឹងស្ដាប់ មុនពេលនិយាយ ព្រោះនៅពេលកំពុងស្ដាប់នោះ អ្នកនឹងទទួលបានព័ត៌មានជាច្រើន ហើយនៅពេលដែលនិយាយទៅប្រាកដជាចំកន្លែងរសើប ដែលធ្វើឲ្យដៃគូព្រងើយកន្តើយមិនបាន។ ម្យ៉ាងវិញទៀត វាក៏បង្ហាញថា អ្នកគោរពអ្នកដទៃផងដែរ។
៦.អត់ចេះធ្វើការក្រុម ៖ ពាក្យចាស់លោកពោលថា «ចង្កឹះមួយបាច់គេកាច់មិនបាក់»។ នេះជាពាក្យដ៏ត្រឹមត្រូវ និង មានប្រយោជន៍ខ្លាំងសម្រាប់មនុស្សគិត ហើយអនុវត្ត។ ប៉ុន្តែមនុស្សមួយចំនួន ភ្លេចគិតពីចំណុចនេះ ហើយព្យាយាមធ្វើអ្វីតែឯង។ បើទោះបីជាអ្នកខ្លាំងប៉ុណ្ណាក៏ដោយ ក៏អ្នកមិនអាចទូលផែនដីមួយតែម្នាក់ឯងបានឡើយ។ អ្នកអាចនឹងពូកែផ្នែកអ្វីមួយ ប៉ុន្តែអ្នកនឹងមិនអាចធ្វើអ្វីៗបានសម្រេចសឹងគ្រប់យ៉ាងនោះឡើយ ជាពិសេសក្នុងរូបភាពធំៗ។ ដូច្នេះហើយមានការងារក្រុមប៉ុណ្ណោះ ដែលអាចជួយបាន ព្រោះសមាជិកម្នាក់ៗនឹងបំពេញចន្លោះឲ្យគ្នាទៅវិញទៅមក។ ប៉ុន្តែបើមិនចេះធ្វើការងារក្រុមទេ កុំសង្ឃឹមតែសម្រេចកិច្ចការដ៏អស្ចារ្យបានឲ្យសោះ។
៧.មិនអភិវឌ្ឍខ្លួន ៖ មនុស្សមិនមែនទេព្ដានោះទេ ព្រោះសូម្បីតែគ្រឿងម៉ាស៊ីនក៏ត្រូវការជួសជុល និង បន្ថែម ឬ ប្ដូរគ្រឿងបន្លាស់មួយចំនួនដែរដើម្បីឲ្យប្រតិបត្តិការបន្តទៅមុខប្រកបដោយប្រសិទ្ធភាពខ្ពស់។ ប៉ុន្តែមនុស្សមួយចំនួនភ្លេចគិតពីចំណុចនេះ។ អ្នកខ្លះគិតថា ខ្លួនរៀនបានខ្ពស់រៀនមិនបាចរៀនអ្វីទៀតនោះទេ ប៉ុន្តែទោះកាំបិតមុតប៉ុណ្ណា នៅពេលដែលមិនប្រើការ និងមិនសំលៀងជាប្រចាំទេ វានឹងក្លាយដុំដែកមួយមិនខាន។ អ្នកខ្លះទៀត ចូលចិត្តតែស្រែកថា ខ្លួនគ្មានការងារធ្វើ ខ្លួនរៀនមិនចេះ ឬមិនពូកែទាំងមិនដែលប្រឹងរកការងារ ឬមិនដែលប្រឹងរៀនសោះ។ អ៊ីចឹងហើយបានជាអ៊ីចឹង។ សរុបមកវិញបើមិនអភិវឌ្ឍខ្លួនទេវាមានន័យស្មើនឹង ស្អប់ការរីកចម្រើនរបស់ខ្លួន ឬស្មើនឹងទាញឲ្យខ្លួនឯងធ្លាក់ចូលក្នុងធុងសំរាម។ បើហត់ ត្រូវសម្រាក ប៉ុន្តែមិនបោះបង់នោះទេ៕