យុវជនដែលទើបរៀបការថ្មីថ្មើង មានអ្នកខ្លះរស់នៅជាមួយឪពុកម្តាយ ខ្លះទៀតរស់នៅបែកពីក្រុមគ្រួសារ អាចរស់នៅផ្ទះ ឬបន្ទប់ជួល និងទិញផ្ទះដោយខ្លួនឯង។ ត្រង់ចំណុចនេះអ្នកជំនាញអចលនទ្រព្យបានលើកទឹកចិត្តឲ្យគូស្រករថ្មីថ្មើង បើអាចកុំជួលផ្ទះអី គួរតែទិញផ្ទះល្អជាង ព្រោះរស់នៅកាន់តែយូរកម្មសិទ្ធិផ្ទះនឹងក្លាយជារបស់យើង។
លោកបណ្ឌិត គីម ហ៊ាង មានប្រសាសន៍ថា ជាទូទៅអ្នកទិញផ្ទះនៅកម្ពុជាយើងមាន២ មួយអ្នកទិញលើកដំបូង ភាគច្រើនជាអ្នកទើបរៀបការថ្មីថ្មើង ហើយត្រូវមានកូន ដូច្នេះគាត់តែងចង់បានផ្ទះខ្លួនឯង។ បើមានគ្រួសារហើយ ត្រូវតែមានផ្ទះខ្លួនឯងពិតប្រាកដ ទើបជីវិតគ្រួសារមានសុភមង្គល។ ហើយបើគ្មានលុយគ្រប់ គួរខ្ចីលុយធនាគារខ្លះដើម្បីទិញ។ ហើយប្រភេទមួយទៀត អ្នកទិញផ្ទះលើកទី២ លើកទី៣ បើទិញប្រភេទគួរតែពិចារណា តើគួរខ្ចីលុយធនាគារទិញ ឬមិនគួរ ព្រោះការវិនិយោគលើដីធ្លី ឬផ្ទះ មិនសុទ្ធតែចំណេញនោះទេ ព្រោះមានខាត និងចំណេញ។
អ្នកជំនាញរូបនេះបញ្ជាក់ថា សម្រាប់អ្នកទិញលើកទី១ ឬអ្នកទើបរៀបការ តើគួរជួលផ្ទះនៅ ឬទិញផ្ទះបង់រំលស់តាមធនាគារ។ ព្រោះបើជួលផ្ទះ យើងត្រូវបង់ថ្លៃឈ្នួលប្រចាំខែ រយៈពេល១០ឆ្នាំ ឬ២០ឆ្នាំ ចុងបញ្ចប់នៃការជួល គឺយើងគ្មានទទួលបានអ្វីទាំងអស់។ ផ្ទុយមកវិញ បើយើងបង់រំលស់ផ្ទះនៅបុរី ក្នុងរយៈពេលកំណត់ណាមួយនោះ ផ្ទះនេះនឹងក្លាយជារបស់យើង ដូច្នេះអ្វីដែលល្អគួរតែទិញ មិនត្រូវជួលនោះទេ។
ជាការពិតណាស់ការទិញផ្ទះអាចមានហានិភ័យ តែមនុស្សយើងជាទូទៅបើមិនជួបហានិភ័យ មិនបានប្រើប្រាស់សមត្ថភាព និងថាមពលពិតនោះទេ។ មានន័យថា បើគាត់ជាប្តីប្រពន្ធ ខាងប្តីប្រាក់ខែ១០០០ដុល្លារ ខាងស្រី៥០០ដុល្លារ បើគាត់នៅជាមួយឪពុកម្តាយក្មេក ច្បាស់ណាស់គាត់នឹងចាយមួយខែរហូតដល់១,០០០ដុល្លារមិនខាន ព្រោះអត់មានអំរែក មានផ្ទះ ទឹក ភ្លើងស្រាប់ ដែលឪពុកម្តាយចេញឲ្យ ចឹងគាត់រកចំណូលបានប៉ុន្មាន គឺរីករាយនឹងការចាយមិនខាន។
ប៉ុន្តែបើគាត់ ទិញផ្ទះបង់រំលស់ មួយខែបង់ប្រហែល៧០០ទៅ៨០០ដុល្លារ ជាកាតព្វកិច្ច ហើយការដើរលេងសប្បាយក៏កាត់បន្ថយទៅតាមនោះដែរ។ មនុស្សដែលមានអំរែក ទើបបានជោគជ័យ ប្រសិនបើយើងរស់នៅ សម្រាប់តែខ្លួនឯង គ្មានអំរែក គ្មានគំនិតគិតវែងឆ្ងាយ គឺមិនមែនជាបុគ្គលដែលជោគជ័យនោះទេ៕