អាជីវកម្មប្រភេទអ្វីក៏ដោយ ផ្នែកលក់គឺដើរតួនាទីយ៉ាងសំខាន់ដើម្បីធានាបាននូវភាពជៅគជ័យរបស់ក្រុមហ៊ុន ព្រោះថា ផ្នែកលក់ប្រៀបបានជា ទ័ពស្រួចក្នុងសមរភូមិប្រយុទ្ធអីចឹងដែរ។ ថ្ងៃនេះ Today Sharing មានគន្លឹះខ្លី ៣យ៉ាងដើម្បីក្លាយជាអ្នកលក់ដ៏ពូកែម្នាក់ ៖
១.អ្នកលក់ត្រូវតែជាអ្នកពូកែសួរសំណួរ
អ្នកដែលពូកែលក់ គឺអ្នកដែលពូកែចោទសួរ ហើយបុគ្គលដែលពូកែខាងការទំនាក់ទំនង តែងតែចាប់ផ្តើមចរចាលក់ ដោយការប្រើសំណួរនៅពេលចាប់ផ្ដើមដំបូង។ ដើម្បីទំនាក់ទំនងការចរចាលក់ប្រកបដោយប្រសិទ្ធភាព ជាមួយអតិថិជន រាល់សំនួរ គឺត្រូវតែមានការស្រាវជ្រាវឱ្យបានច្បាស់លាស់ជាទីបំផុត។ ស្រាវជ្រាវពីបញ្ហារបស់អតិថិជនបានទើបអាចចាប់ជាប់អតិថិជននោះបាន។ ពេលអ្នករៀបចំនូវសំណួរបានល្អ មានន័យថា គេធ្វើរឿង ២ សំខាន់ដើម្បីជួយដល់ការចរចាលក់។ ទី១.បង្ហាញ ការដាក់ខ្លួនទាប គ្មានអំនួត ដែលវានឹងជួយធ្វើឲ្យការលក់របស់អ្នក ធ្វើឡើងក្នុងវិធីមួយវិជ្ជមាន។ ទី២.អ្នកចាប់ផ្តើមការសន្ទនាជាមួយនឹងការទទួលបានចម្លើយមួយ ដែលអ្នកអាចនឹងពិបាកស្វែងរក។
២.ផ្លាស់ប្តូរទស្សនៈរបស់ខ្លួនអំពីការលក់
ដើម្បីជោគជ័យ ក្នុងការលក់ ដំបូងអ្នកត្រូវផ្លាស់ប្តូរទស្សនៈរបស់អ្នកអំពីការលក់ជាមុនសិន។ ជំនួសឲ្យការស្វែងរកនូវចំណុចអវិជ្ជមាន អ្នកត្រូវចាប់ផ្តើមបង្ហាញនូវភាពខុសប្លែកទាំងអស់។ ការលក់ គឺជាការបម្រើ និងជួយអ្នកដទៃឱ្យទទួលបានអ្វីដែលពួកគេរំពឹង។ ជាទ្រឹស្ដីងាយគិត គឺ ការលក់អ្នកអាចទទួលជោគជ័យបាន នៅពេលដែលអ្នកអាចជួយមនុស្សដទៃឲ្យជោគជ័យ។ ពាក្យថា ជោគជ័យត្រង់ចំណុចនេះ គឺចង់សំដៅទៅលើរំពឹងទុករបស់អតិថិជន។ អ្នកត្រូវសួរខ្លួនឯងសិនថាតើអ្វីដែលអ្នកផ្ដល់ទៅឱ្យអតិថិជននោះ គឺបានឆ្លើយតបទៅនឹងរំពឹងទុករបស់អតិថិជនរួចហើយ ឬនៅ។ បើយើងអាចធ្វើបានទើប ទទួលបានជោគជ័យ។
៣.អ្នកលក់គឺជាអ្នកស្វែងរកដំណោះស្រាយរបស់អតិថិជន
ការក្លាយខ្លួនជាអ្នកដោះស្រាយបញ្ហា ហើយផ្ដល់ជូននូវតម្លៃពិត នៅក្នុងទីផ្សារ ធ្វើឲ្យអ្នកមានភាពខុសប្លែក និង មានលក្ខណៈពិសេសខុសពីអ្នកលក់ដទៃទៀត។ អ្នកដែលពូកែលក់ គឺអ្នកដែលពូកែរកដំណោះស្រាយជូនអតិថិជននេះឯង។ ត្រូវចាំថា ទ្រឹស្ដីដ៏សំខាន់មួយអំពីការលក់ គឺអ្នកលក់មិនទៅជួបអតិថិជនដើម្បីទៅលក់ផលិតផលរបស់គេនោះទេ ប៉ុន្តែធាតុពិតនោះ គឺទៅស្វែងរកដំណោះស្រាយទៅលើបញ្ហាដែលអតិថិជនជួបប្រទះទៅវិញទេ។
នៅពេលអ្នកចាប់ផ្ដើម ដោះស្រាយបញ្ហា ហើយត្រូវបានគេស្គាល់ច្បាស់ ថាជាបុគ្គលពូកែដោះស្រាយបញ្ហា នៅមុនពេលគេស្គាល់អ្នក ថាជាអ្នកដែលពូកែលក់ នោះអាជីវកម្មរបស់អ្នក រួមទាំងជីវិតរបស់អ្នកផងនឹងមានការផ្លាស់ប្ដូរ៕