នៅក្នុងការដឹកនាំអាជីវកម្មមួយឲ្យឆ្ពោះទៅមុខទៅរកភាពជោគជ័យមានការងារច្រើនណាស់ដែលសហគ្រិនត្រូវធ្វើ។ការងារជាច្រើនអ្នកអាចជួលគេមកធ្វើជំនួសអ្នកបានតែមានការងារ៣អ្នកមិនគួរនឹងជួលគេធ្វើជំនួសអ្នកនោះទេ។
ជាទូទៅមេដែលអាក្រក់តែងតែមើលរំលងការងារទាំង៣ខាងក្រោមនេះព្រោះតែគាត់គិតថាមិនសំខាន់ឬគាត់គ្មានដុងក្នុងការធ្វើវា។តែយ៉ាងណាមេដែលល្អតែធ្វើរឿងទាំង៣នេះបានល្អណាស់ ហើយពួកគាត់ក៏ចូលចិត្តធ្វើវាដោយខ្លួនឯងផងដែរ មិនជួលគេមកជំនួសទ្បើយ។ ៣ចំណុចទាំងនោះរួមមាន៖
១.ណែនាំបុគ្គលិក
មេល្អតែងមានមហិច្ឆតាជួយធ្វើឲ្យបុគ្គលិករបស់ខ្លួនមានការរីកចម្រើន ដូចនេះគាត់តែងចំណាយពេលណែនាំពួកគេជានិច្ច។ ការណែនាំនេះសំខាន់ណាស់ មេដឹកនាំដែលល្អ ចេះណែនាំដោយប្រើគោលការណ៍និងបេះដូង រីឯមេដឹកនាំអាក្រក់ ចូលចិត្តតែស្រែក ស្តីបន្ទោសប៉ុណ្ណោះ។ នេះមានន័យថា ទាល់តែគ្នាធ្វើខុស ទើបហៅមកថាឲ្យ ដោយមិនបានណែនាំ មុនបុគ្គលិកខ្លួនបានប្រព្រឹត្តខុសនោះទ្បើយ។
២.លើកទឹកចិត្តបុគ្គលិក
ការងារមួយនេះលោកអ្នកក៏គួរតែធ្វើដោយខ្លួនឯងដែរ ដើម្បីឲ្យលោកអ្នកអាចក្លាយជាសហគ្រិនឆ្នើមម្នាក់បាន។ សហគ្រិនឆ្នើម ជាមេដឹកនាំដែលពួកែលើកទឹកចិត្តបុគ្គលិកឲ្យពួកគេហ៊ានធ្វើការងារដែលលំបាកដោយគ្មានការរុញរា ឬការរអ៊ូរទ្បើយ។ មេដែលល្អ ទៀតសោធតែងតែចេះលើកទឹកចិត្តដោយមិនប្រើលុយនោះទេគាត់ប្រើបេះដូងរបស់គាត់ទៅលើកទឹកចិត្តមនុស្ស។
៣.ដាក់វិន័យបុគ្គលិក
ចុងក្រោយនេះ គឺការដាក់វិន័យលើបុគ្គលិក។ ជឿឬមិនជឿ ក្រុមហ៊ុនណាដែលគ្មានវិន័យក្នុងក្រុមហ៊ុនខ្ញុំហៅក្រុមហ៊ុននោះជាក្រុមហ៊ុនរញ៉េរញ៉ៃ។ បុគ្គលិករបស់លោកអ្នក ទោះពួកគាត់រៀនបានចេះខ្ពស់ប៉ុនណា ទោះគាត់ជាមនុស្សពូកែយ៉ាងណា ពួកគាត់នឹងក្លាយជាមនុស្សដែលរញ៉េរញ៉ៃ ពេលពួកគាត់បានធ្វើការក្នុងក្រុមហ៊ុនដែលរញ៉េរញ៉ៃ គ្មានវិន័យត្រឹមត្រូវ។ មេដឹកនាំដែលល្អ សហគ្រិនដែលឆ្នើមតែងចេះដាក់វិន័យលើបុគ្គលិក ដោយពួកគាត់ទទួលវិន័យនោះដោយក្តីរីករាយគ្មានការបង្ខំអ្វីទ្បើយ។
ខ្ញុំសង្ឃឹមថាទាំងអស់គ្នានឹងនាំគ្នាធ្វើការងារទាំង៣ខាងលើនេះឲ្យបានល្អបំផុត។ ទាំងអស់គ្នាត្រូវចាំថាបុគ្គលិករបស់លោកអ្នកត្រូវការមេដឹកនាំដែលល្អម្នាក់ ត្រូវការសហគ្រិនដែលឆ្នើមម្នាក់ ដែលគិតគូរដល់អនាគតរបស់ពួកគេ៕