បច្ចុប្បន្ននេះនៅកម្ពុជា កំពុងមានការកើនឡើងយ៉ាងខ្លាំងនូវតម្រូវការលំនៅដ្ឋានស្របជាមួយ និងការរីកចម្រើនខ្លាំងនៃវិស័យអចលនទ្រព្យ ដែលកំពុងតែបំពេញនូវតម្រូវការរបស់ប្រជាជននៅកម្ពុជាបានយ៉ាងច្រើន។
ជាការពិតណាស់កំណើននៃតម្រូវការលំនៅដ្ឋាននេះហើយ ដែលបានធ្វើឲ្យការទិញ-លក់អចលនទ្រព្យមានការរីកចម្រើនខ្លាំង ហើយតម្លៃអចលនទ្រព្យក៏មានការកើនឡើងផងដែរ ក៏ប៉ុន្តែប្រជាជនភាគច្រើនណាស់ដែលគាត់ទិញអចលនទ្រព្យផ្តោតសំខាន់តែទៅលើទំហំនៃអចលនទ្រព្យ។
តើការទិញអចលនទ្រព្យផ្តោតតែទៅលើទំហំនៃអចលនទ្រព្យអាចមានហានិភ័យដែរទេ?
បើតាមរយៈ លោកសុត វិរៈដែលជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Huttons CPL Co., Ltd បានឲ្យដឹងថាទិញអចលនទ្រព្យកុំគិតតែពីទំហំត្រូវគិតពីតំបន់ជុំវិញ ដែលជាពិសេសចំពោះអ្នកមានគ្រសួសារ ឬទើបតែរៀបការហើយ តែងតែត្រូវការទិញដី ឬផ្ទះសម្រាប់បំពេញតម្រូវការលំនៅដ្ឋានរបស់ពួកគេ។ អ្វីដែលសំខាន់នោះគឺពេលដែលរស់នៅមានសុភមង្គល មានអ្នកជិតខាងល្អ មានប្រព័ន្ធលូ ទឹកភ្លើង ប្រើប្រាស់បានគ្រប់គ្រាន់ មានការរីកចម្រើន និងជាសហគមន៍មួយដ៏ល្អ។
ដូច្នេះហើយពេលទិញអចលនទ្រព្យកុំគិតតែលើទំហំត្រូវគិតពីតំបន់ជុំវិញ ដោយត្រូវស្វែងយល់ថាក្រុមហ៊ុនអចលនទ្រព្យណាដែលស្របច្បាប់ ពេលដែលទិញហើយមិនមានហានិភ័យចំពោះផ្លូវច្បាប់ ហើយអចលនទ្រព្យដែលយើងត្រូវទិញជាតំបន់ដែលមានការអភិវឌ្ឍបែបណា តំបន់ជុំវិញមានភាពអំណោយផងដែរឬទេ នាពេលអនាគតកាន់តែរីកចម្រើនឬ ក៏កាន់តែធ្លាក់ចុះ។
គួរជម្រាបផងដែរថា បើអតិថិជនទិញអចលនទ្រព្យផ្តោតសំខាន់លើតំបន់ជុំវិញ អាចធ្វើឲ្យអតិថិជនចៀសផុតពីហានិភ័យពេលអនាគត ហើយទទួលបានអចលនទ្រព្យប្រកបដោយគុណភាពហើយមានទីតាំងល្អដែលធ្វើឲ្យគាត់ទទួលបានប្រាក់ចំណេញពីការបើកអាជីវកម្ម លក់បន្ត។
នៅពេលដែលអ្នកទិញ ដោយមិនបានគិតពីចំណុចទាំងអស់នេះអ្នកជួបប្រទះហានិភ័យ បន្ទាប់ពីទិញអចលនទ្រព្យ ដោយសមាជិកតិចតែផ្ទះធំតែនៅតំបន់ដែលមិនសូវមានការអភិវឌ្ឍ មិនអាចប្រកបអាជីវកម្មបាន ដូច្នេះហើយត្រូវគិតលើចំណុចនេះដើម្បីចៀសវាងហានិភ័យពេលអនាគត៕