មហាសេដ្ឋី​នំសារាយថៅកែណយ​ ៖ ខ្ញុំឈប់ឆ្កួត​នឹងហ្គេម​ហើយ​ងាកមក​បើកអាជីវកម្មធ្វើ​ឲ្យខ្ញុំជោគ​ជ័យ​​

សហគ្រិនវ័យក្មេង Aitthipat Kulapongvanich ជាកូនកាត់ចិនថៃ កើតនៅក្នុងឆ្នាំ១៩៨៤ ក្នុងប្រទេសថៃ ក្នុងគ្រួសារ​ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភស្រាប់ ជាហេតុធ្វើឲ្យគេមិនសូវខ្វាយខ្វល់ពីការសិក្សាឡើយ គេបែរជាញៀនទៅនឹងការលេងហ្គេមអនឡាញទៅវិញ។

ប៉ុន្តែអ្វីដែលគួរឲ្យកត់សំគាល់ គឺគេបានប្រែក្លាយការលែងកំសាន្ត ទៅជាការទាញរកចំណូលបានប្រមាណជាង១ម៉ឺនដុល្លារអាមេរិកក្នុងមួយខែ នៅវ័យ១៦ឆ្នាំ រហូតដល់ពេលដែលច្បាប់នៅក្នុងប្រទេសថៃចាប់ផ្តើមរឹតបន្ទឹងលើការលេងហ្គេមអនឡាញនេះ គេក៏បែរទៅចាប់ផ្តើមការលក់នូវ DVD ជំនួសវិញ។​

គេបានប្រមូលទិញ DVDPlayer ដែលតម្លៃថោកក្នុងចំនួនមួយដ៏ច្រើនដើម្បីលក់បន្ត ប៉ុន្តែអាជីវកម្មនេះដំណើរការមិនបានយូរប៉ុន្មានក៏ត្រូវបញ្ឈប់ ដោយសារតែគេចាប់អារម្មណ៍ឃើញថា DVD ទាំងនោះភាគច្រើនជាផលិតផលក្លែងក្លាយ ហើយឆាប់ខូចថែមទៀតផង។​

ខណៈដែលគេកំពុងសិក្សាថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម គ្រួសាររបស់គេចាប់ផ្តើមមានបញ្ហាសេដ្ឋកិច្ច រហូតដល់ក្រុមហ៊ុនក្ស័យធន់ និងជំពាក់បំណុលគេប្រមាណ ១.៣លានដុល្លារអាមេរិក ទើបគេត្រូវបង្ខំចិត្តបោះបង់ការសិក្សានៅថ្នាក់មហាវិទ្យាល័យ។ ជាងនេះទៅទៀត គ្រួសាររបស់គេបានចាកចោលគេទៅរស់នៅក្នុងប្រទេសចិនវិញក្នុងអំឡុងឆ្នាំ ២០០២ ថែមទៀតផង។​

ក្នុងវ័យ១៨ឆ្នាំ Aitthipat Kulapongvanich មានអារម្មណ៍អន់ចិត្តនឹងខ្លួនឯងយ៉ាងខ្លាំង ដោយមិនអាចជួយអ្វីដល់គ្រួសារបាន ស្របពេលជាមួយគ្នានេះ រូបគេបានកត់សម្គាល់ឃើញថា ប្រជាជនចិន និងថៃ ចូលចិត្តញ៉ាំគ្រាប់កៅឡាក់បំពងជាមួយស្ករ (Chestnut) ដែលជាហេតុជម្រុញឲ្យគេចាប់ផ្តើមបង្កើតអាជីវកម្មនេះ។

នៅឆ្នាំ២០០៣ Aitthipat Kulapongvanich មានឱកាសចូលរួមក្នុងការតាំងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ នៅទីនោះគេបានចាប់អារម្មណ៍ឃើញផលិតផល Chestnut របស់ជប៉ុន ប៉ុន្តែផលិតដោយចិន ស្របពេលដែលរូបគេកំពុងចាប់អារម្មណ៍ផងនោះ គេក៏បានសុំទិញតែម៉ាស៊ីនផលិតផលនំ Chestnut ប៉ុណ្ណោះ។

ក្រោយពីទទួលបានម៉ាស៊ីននេះភ្លាម សហគ្រិនក្មេងខ្ចីរូបនេះចាប់ផ្តើមការផលិតដោយខ្លួន និងយកទៅដាក់លក់នៅក្នុងផ្សារទំនើប Big C ប៉ុន្តែដោយសារតែមិនមានបទពិសោធន៍ក្នុងការផលិតនំ និងដោយសារតែរស់ជាតិមិនឆ្ងាញ់ ធ្វើឲ្យផលិតផលនេះកាន់តែពិបាកលក់ចេញ។

Aitthipat Kulapongvanich មិនបានឈប់នៅត្រឹមនេះទេ គេដើរចេញទៅខាងក្រៅដើម្បីមើលផលិតផល Chestnut របស់អ្នកដទៃ បច្ចេកទេសនៃការផលិត និងបានលួចកត់សំគាល់នូវរស់ជាតិ ព្រមទាំងគ្រឿងផ្សំរបស់គេទុកថែមទៀតផង។ ដោយសារតែភាពវ័យឆ្លាតរបស់គេ ផលិតផលនេះមិនយូរប៉ុន្មានក៏ទទួលបានការគាំទ្រច្រើនឡើងៗជាបន្តបន្ទាប់។​

ត្រឹមតែជាង១ឆ្នាំកន្លះប៉ុណ្ណោះ សហគ្រិនវ័យក្មេងរូបនេះអាចបើកហាងរបស់ខ្លួនដល់ទៅ៣០កន្លែង និងទទួលបានការគាំទ្រពី TESCO Lotus និង Big C.ដែលជាផ្សារទំនើបដ៏ធំជាងគេរបស់ប្រទេសថៃថែមទៀតផង។ ថ្វីត្បិតតែអាជីវកម្មនេះទទួលបានជោគជ័យខ្លាំង ប៉ុន្តែ Aitthipat Kulapongvanich ក៏នៅតែដាក់បន្ថែមនូវផលិតផលប្រភេទនំញ៉ាំលេងផ្សេងទៀតផងដែរ។

រឿងដ៏គួរឲ្យសប្បាយចិត្តនេះមិនមានរយៈពេលយូរឡើយ បន្ទាប់ពីនាយកប្រតិបត្តិថ្មីនៃផ្សារទំនើប TESCO Lotus បានស្នើរឲ្យ Aitthipat Kulapongvanich ផលិត និងវេចខ្ចប់ Chestnut នៅខាងក្រៅផ្សារទំនើប ដោយសារតែវាបានបញ្ចេញផ្សែង និងជះក្លិនមិនល្អដល់ផ្សារទាំងមូល។​ សហគ្រិនវ័យក្មេងរូបនេះបានព្យាយាមរកផ្លូវដើម្បីដើរទៅមុខបន្តទៀត រូបគេមានការហួសចិត្តជាខ្លាំងនៅពេលដែលគេបានដឹងថាផលិតផល Chestnut មិនមែនជាផលិតផលដែលលក់ដាច់ជាងគេនោះទេ តែជានំសារាយរបស់គេទៅវិញ។

Aitthipat Kulapongvanich បានកត់សម្គាល់ឃើញថាទៀតថា នៅក្នុងផ្សារទំនើបនានា មិនមានលក់ផលិតផលនំសារាយនេះទេ ហេតុនេះរូបគេបានសម្រេចចិត្តពង្រីកសក្តានុពលក្នុងការផលិត និងលក់ផលិតផលនេះយ៉ាងសំបើម។ ជាងនេះទៅទៀត លោកយល់ឃើញថា ទីតាំង និងការផ្សព្វផ្សាយជាចំណុចស្នូលដែលអាចឲ្យផលិតផលនេះ​កាន់តែងាយស្រួលក្នុងការរកទីផ្សារ ទើបលោកសម្រេចធ្វើការសហការជាមួយនឹង 7 ELEVEN លក់ទូទាំងប្រទេសថៃ។​

សហគ្រិនក្មេងខ្ចីវ័យរូបនេះ បានមានប្រសាសន៍ថា៖ “កត្តាដែលធ្វើឲ្យគេអាចឈានជើងចេញមកដល់ចំណុចនេះ គឺដោយសារតែគេចេះចាប់យកឱកាស អភិវឌ្ឍន៍សមត្ថភាពខ្លួនឯង និងបានសិក្សាបន្ថែមពីរបៀបក្នុងការធ្វើឲ្យអាជីវកម្មអាចរីកធំធាត់បាន។”

ស្ថិតក្នុងវ័យ ២០ឆ្នាំ សហគ្រិនរូបនេះយល់ឃើញថា ដើម្បីអូសទាញ និងរក្សាអតិថិជនបាន គេចាំបាច់ត្រូវតែបង្កើតយីហោមួយដោយខ្លួនឯង។ ឈ្មោះថា ថៅកែណយ (Tao Kae Noi) គឺជាឈ្មោះដែលរូបគេបានកំណត់ ដោយសារតែឪពុករបស់គេតែងតែសើច ហើយនិយាយជារើយៗថា “កូនប្រុសរបស់គាត់ចង់ក្លាយជា Tao Kae Noi” ។

ត្រឹមអាយុ២៦ឆ្នាំប៉ុណ្ណោះ Aitthipat Kulapongvanich បានក្លាយជាសហគ្រិន និងជាមហាសេដ្ឋីវ័យក្មេង ហើយក្រុមហ៊ុនរបស់គេបានឈរនៅលើកំពូលតារាងនៃក្រុមហ៊ុនផលិតនំស្រួយនៅក្នុងប្រទេសថៃ។ ជាងនេះទៅទៀត ក្រុមហ៊ុននេះអាចរកចំណូលបានប្រមាណ២៦លានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ និងមានបុគ្គលិកបម្រើការងារប្រមាណ ២ពាន់នាក់។

Aitthipat Kulapongvanich បានមានប្រសាសន៍ផងដែរថា៖ “ការធ្វើអាជីវកម្មប្រៀបបាននឹងការលេងហ្គេម អ្នកដែលតស៊ូ ជម្នៈឧបសគ្គផ្សេងៗ ដល់ទីបញ្ចប់នឹងទទួលបានជោគជ័យ។ អ្នកគប្បីស្វែងយល់ពីចំណងចំណូលចិត្តខ្លួនឯងឲ្យបានឆាប់រហ័ស នឹងឆាប់ចាប់ផ្តើមនូវអាជីវកម្មដែលអ្នកចូលចិត្ត៕