ជាទូទៅ មុខជំនួញនីមួយៗ តែងមានបញ្ហាក៏ដូចជារឿងស្មុគស្មាញដែលត្រូវជួបប្រទះ។ ចំណែកឯមុខជំនួញជាលក្ខណៈគ្រួសារក៏ដូចគ្នាផងដែរ។ ដោយសារបញ្ហាអាចនឹងកើតមានឡើងគ្រប់ពេល ហើយវាអាចជាបញ្ហាធំ ដែលអ្នកត្រូវតែស្វែងយល់ជាមុនផងដែរ។ ចំណុចខាងក្រោមនេះ គឺជារឿងរ៉ាវដែលអ្នកអាចនឹងជួបប្រទះ នៅពេលអ្នកមានជំនួញជាលក្ខណៈគ្រួសារមិនថាតូចឬធំក្ដី៖
១.ការប៉ះពាល់ផ្លូវចិត្ត៖ នៅពេលដែលក្រុមគ្រួសារអ្នកមានបញ្ហាអ្វីមួយ ។ ប្រាកដណាស់វានឹងជះឥទ្ធិពល ទៅលើការរកស៊ីទាំងនោះ ជាមិនខាន។ បញ្ហាទាំងនោះអាចជា បញ្ហាលែងលះឬបែកបាក់គ្នា បញ្ហាសុខភាព បញ្ហាលុយកាក់ ដែលបញ្ហាអស់ទាំងនោះគឺបង្ហាញពីការបែកបាក់ និងបញ្ហាក្នុងរង្វង់គ្រួសារ ដែលវាអាចធ្វើឲ្យមុខជំនួញបរាជ័យនូវផ្នែកណាមួយក៏ថាបាន។
២.គ្មានរបៀបរៀបរយ៖ ភាពគ្មានរបៀបរៀបរយនេះគឺសំដៅទៅលើច្បាប់ ទម្លាប់ នៃការរកស៊ីនេះឯង។ ជាធម្មតា បើអ្នកចង់ឲ្យមុខជំនួញកាន់តែជោគជ័យ អ្នកគប្បីត្រូវបង្កើតច្បាប់ទម្លាប់ត្រឹមត្រូវ ហើយអនុវត្តវាឲ្យបានម៉ត់ចត់។ ប៉ុន្តែការរកស៊ីលក្ខណៈគ្រួសារនេះ វាហាក់ដូចជាគ្មានច្បាប់អ្វីមួយតឹងរ៉ឹងដែលគ្រប់គ្នាត្រូវគោរពទាល់តែសោះ។
៣.ចក្ខុវិស័យនៅមានកំណត់៖ ដោយសារតែការរកស៊ីនេះគឺគ្មានការរួមបញ្ចូលជាមួយអ្នកដទៃ។ពេលគឺសម្រាប់តែរង្វង់គ្រួសារឯង ហេតុនេះហើយ ទើបធ្វើឲ្យពួកគេខ្វះខាតគំនិតពីខាងក្រៅ ក៏ដូចជាគំនិតចម្រុះផ្សេងៗក្នុងការរកស៊ីផងដែរ។
៤.គ្មានផែនការយុត្តិសាស្ត្រត្រឹមត្រូវ៖ ពួកគេគ្មានគម្រោងឯកសារ ត្រឹមត្រូវដែលបញ្ជាក់ពីការរកស៊ីរបស់ខ្លួន ដូចជាគ្មានគម្រោងផែនការសម្រាប់អនាគតផងដែរ។ ដែលវានឹងនាំបញ្ហាធំដល់អ្នកនាថ្ងៃមុខ។
៥.កង្វះភាពប៉ិនប្រសប់៖ វាកើតឡើងដោយសារតែការជ្រើសរើសសមាជិកគ្រួសារដែលពុំមានជំនាញនឹងអ្វីដែលពួកគេធ្វើ។ ក្នុងនោះក៏ដូចជាគ្មានសមត្ថភាពចាត់ចែងការងារផងដែរ។ ហេតុនេះហើយទើបធ្វើឲ្យការរកស៊ីនោះ ប្រឈមមុខនឹងបុគ្គលិកដែលកង្វះភាពប៉ិនប្រសប់។
៦.ឈ្លោះប្រកែកពីគោលដៅ៖ ទោះបីជាគ្រួសារតែមួយមែន ប៉ុន្តែគំនិតនិងទស្សនៈយល់ឃើញចំពោះការរកស៊ីគឺខុសប្លែកគ្នា។ ហេតុនេះហើយ ទើបវាជារឿងចាំបាច់ណាស់ ក្នុងការបង្ហាញអំពីគោលដៅជាក់លាក់មួយ ដើម្បីជៀសវាងការមានជម្លោះក្នុងគ្រួសារ។
៧.កង្វះការយកចិត្តទុកដាក់ពីអ្នកជំនាន់ក្រោយ៖ មុខជំនួញលក្ខណៈគ្រួសារនេះ តែងតែបន្តគ្រប់ជំនាន់ ហើយអ្នកមិនអាចដឹងបានទេថាមុខជំនួញនោះអាចជោគជ័យឬអត់នៅថ្ងៃខាងមុខ ព្រោះ អ្នកគ្រប់គ្រងគឺខុសគ្នា។ កូនៗអាចនឹងមិនសូវយកចិត្តទុកដាក់ខ្លាំង ទៅលើអាជីវកម្មដែលឪពុកម្ដាយ បានបន្សល់ទុកឲ្យ។ ដូចនេះវាគឺជាបញ្ហាស្មុគស្មាញ ក៏ដូចជាសញ្ញានៃភាពមិនចុះសម្រុងគ្នានៃការរកស៊ីផងដែរ៕