មានកំហុស​៣យ៉ាង​ចំពោះ​អាជីវកម្ម​ថ្មីថ្មោង​ ទោះបីចំណាយ​ខ្ទង់លានដុល្លារ​ក៏ត្រូវ​ខាត​ដែរ​ ប៉ុន្តែក៏ត្រូវ​ចងចាំ

មានអាជីវកម្មថ្មីថ្មោងបែបច្នៃប្រឌិតមួយចំនួនហាក់ដូចជាជោគជ័យខ្លាំងបំផុតនៅពេលចាប់ផ្តើមថ្មីថ្មោង មានក្រុមហ៊ុនខ្លះអាចទាញទុនវិនិយោគរហូតដល់ខ្ទង់លានដុល្លារ ប៉ុន្តែមិនយូរប៉ុន្មានអាជីវកម្មដែលរីកលឿនទាំងនោះត្រូវដួលបះជើងចោលទីផ្សារទៅវិញ។

ខាងក្រោមនេះជាកំហុស៣ ពីអាជីវកម្មថ្មីថ្មោងល្បីៗនៅបរទេស ដែលត្រូវបានគេស្គាល់ថាដួលបះជើងទាំងដែលខ្លួនអាចកើបលុយលានដុល្លារ៖

១.Beepi៖ នៅខ្ទង់ឆ្នាំ ២០១៣ ស្របពេលផ្លេតហ្វមកអនឡាញចាប់ផ្តើមមានអ្នកប្រើច្រើន Beepi.com ជាផ្លេតហ្វមទិញលក់ឡាញមួយទឹកលើអនឡាញដែលមានសក្តានុពលបំផុត និងបានទាញទុនវិនិយោគ ៦០ លានដុល្លារផងដែរ​។ ប៉ុន្តែនៅទីបំផុតអាជីវកម្មនេះត្រូវបានបិទវិញនៅឆ្នាំ២០១៧ ខណៈដែលក្រុមហ៊ុនលក់ឡានមួយចង់ទិញយកផ្លេតហ្វមនេះទៅស្រង់ដើម ប៉ុន្តែក៏លុបចោលគម្រោងវិញ។

ហេតុអ្វី Beepi ដួល?

អាជីវកម្មនេះរីកចម្រើនលឿនពេក ចំណែកស្ថាបនិកខ្សោយជំនាញដឹកនាំ និងគ្រប់គ្រង គាត់អាចប្រមូលទុនបានច្រើន ប៉ុន្តែបែរជាជះលុយមិនសំចៃដៃ ដោយក្រុមហ៊ុននេះ បានចំណាយរហូតដល់៧លានដុល្លារក្នុងមួយខែលើប្រាក់ខែបុគ្គលិកជាន់ខ្ពស់ជាច្រើនរូប ទាំងដែលខ្លួនឯងជាអាជីវកម្មថ្មីថ្មោង។

មេរៀនពី Beepi

អាជីវកម្មថ្មីថ្មោងនឹងស្លាប់ពេលណាដែលអស់លុយបម្រុង ពេលខ្លះវាជាសំណាងអាក្រក់ ឬស្ថានភាពចៃដន្យ ប៉ុន្តែពេលខ្លះវារឿងដែលខ្សោយជំនាញដឹកនាំក្រុមហ៊ុន ដូចនេះអ្នកខំសន្សំបានប៉ុណ្ណា ដង្ហើមអាជីវកម្មនឹងរស់បានកាន់យូរ​។

២.Google Glass៖ Google Class ប្រៀបបាននឹងអាជីវកម្មថ្មីថ្មោងមួយដែល Google បានបង្កើតឡើង ជាវែនតាអេឡិចត្រូនិកឆ្លាតវៃ បំពាក់បច្ចេកវិទ្យាទំនើប ប៉ុន្តែក្រុមហ៊ុនយក្សដូចជា Google ក៏នៅតែមានកន្លែងភ្លាត់ស្នៀតដែរបាន​ជា Google Class ត្រូវបាត់មុខទៅវិញ ។

Google Class មានបញ្ហាអ្វី?

រឿងទីមួយគឺវាមិនទាន់ដល់ពេលដែលគេត្រូវប្រើផលិតផលនេះ តែរឿងដែលសំខាន់នោះគឺវាថ្លៃកប់ក្តោង ខណៈដែលអ្នកប្រើប្រាស់មិនដឹងថាយកវាមកធ្វើអ្វីទេ​គ្រាន់តែវែនតាបច្ចេកវិទ្យាសោះ ។

មេរៀនពី Google Class

សម្រាប់អាជីវកម្មបែបបច្ចេកវិទ្យា ការច្នៃប្រឌិតជាចំណុចទាក់ទាញអតិថិជន ប៉ុន្តែអ្នកត្រូវរកកន្លែងកាត់បន្ថយតម្លៃឲ្យនៅទាបតាមដែលអាចធ្វើទៅបាន និងរៀបប្រើយុទ្ធសាស្ត្រទីផ្សារបែបឈ្នះៗ ធ្វើម៉េចបញ្ចុះតម្លៃហើយ អ្នកក៏ចំណេញ អតិថិជនក៏ចំណេញ។

៣.Jawbone៖ នេះជាអាជីវកម្មបច្ចេកវិទ្យាថ្មីថ្មោង ដែលល្បីជាងគេនៅពេលដែលវាដួលបះជើង ដោយសារវាជាក្រុមហ៊ុនដែលរីកចម្រើនលឿនមែនទែន។ Jawbone ផលិតគ្រឿងអាឡិចត្រូនិកដូចជា កាស កូនបាស់ប៊្លូធូ និងនាឡិកាឆ្លាតវៃសម្រាប់ហាត់ប្រាណ។ អាជីវកម្មនេះអាចប្រមូលទុនបាន ៩៣០ លានដុល្លារ ប៉ុន្តែត្រូវដួលនិងប្រកាសក្ស័យធុននៅឆ្នាំ ២០១៧ ទៅវិញ។

កំហុស Jawbone

អ្នកជំនាញថាក្រុមហ៊ុននេះស្លាប់ដោយសារលុយវិនិយោគច្រើននេះឯង ដោយសារក្រុមហ៊ុននេះខំបង្កើតតម្លៃខ្លួនឯងជ្រុលពេក ការពិតទៅវាមើលទៅធំដោយសារតែលុយវិនិយោគប៉ុណ្ណោះ មិនមែនធំដោយសារការលក់ទេ ខណៈដែលបច្ចេកវិទ្យារបស់ខ្លួនមិនអាចប្រកួតជាមួយក្រុមហ៊ុនធំៗដូចជា Samsung បាន៕