ជោគជ័យមិនមែនចេះតែកើតមានចំពោះមនុស្សគ្រប់រូបនោះទេ ប៉ុន្តែក្នុងការអនុវត្តនូវអាជីវកម្មរបស់ខ្លួន ត្រូវតែមានក្បួនក្នុងការអនុវត្ត ដើម្បីទទួលបានភាពជោគជ័យសម្រាប់ខ្លួនឯង។ ជាក់ស្តែងដូចជាសហក្រិនជោគជ័យ បានប្រាប់ពីគន្លឹះទាំង៥ចំណុច ខាងក្រោមដើម្បីអនុវត្តឲ្យទទួលបានជោគជ័យ៖
លោក ភិរម្យ វិចិត្រដារ៉ា បានថ្លែងថា «ទម្លាប់ដំបូងបំផុត គឺជាការរៀនសូត្រជាប្រចាំថ្ងៃ» ជាទូទៅមនុស្សជោគជ័យតែងតែរៀនសូត្របង្កើនចំណេះដឹងគ្រប់កាលៈទេសៈ បើទោះបីជាខ្លួនរវល់ការងារយ៉ាងណាក៏ដោយ ព្រោះចំណេះដឹងពិតជាសំខាន់ណាស់ ក្នុងការធ្វើឲ្យមនុស្សជោគជ័យ កាន់តែជោគជ័យថែមទៀត។ ការរៀនសូត្រនេះដែល មិនមែនរៀនតែក្នុងសាលា ទើបថារៀននោះទេ យើងអាចរៀនពីមជ្ឈដ្ឋានជុំវិញខ្លួនតាមរយៈការដកពិសោធន៍ពីការងារ ឬឧស្សាហ៍អានព័ត៌មាន និងសៀវភៅជាដើម ជាពិសេសយើងអាចរៀននូវចំណេះដឹងថ្មីៗ តាមរយៈអនឡាញ គឺមានសម្បូរបែបណាស់។
«ទម្លាប់ទី២ គឺការកំណត់គោលដៅច្បាស់លាស់» មនុស្សបរាជ័យតែងគ្មានគោលដៅពិតប្រាកដ ដែលធ្វើឲ្យពួកគេធ្វើរឿងមួយចំនួនមិនសូវមានប្រសិទ្ធភាព មិនដឹងថាខ្លួនត្រូវដើរទៅទីណាមួយឲ្យប្រាកដ។ មនុស្សជោគជ័យ តែងមានគោលដៅច្បាស់លាស់មួយ ក្នុងពេលកំណត់ជាក់លាក់ណាមួយ ដែលធ្វើឲ្យយើងងាយស្រួលអនុវត្ត។ ឧទាហរណ៍ៈ ក្នុងរយៈពេល១ឆ្នាំ យើងកំណត់គោលដៅអាចជា ការបង្កើតអាជីវកម្មថ្មីមួយ ការទិញផ្ទះ ឬសម្ភារៈប្រើប្រាស់ផ្សេងៗ។ ត្រូវកំណត់គោលដៅណាមួយយើងចង់បាន កុំទាន់គិតថាយើងធ្វើដោយវិធីណា កំណត់វាឲ្យបានសិនថា គោលដៅណាសំខាន់បំផុតសម្រាប់យើងជាអ្វី។ នេះបើតាមការបញ្ជាក់របស់សហគ្រិនវ័យក្មេងរូបនេះ។
លោកបានបន្តថា «ទម្លាប់ទី៣ ជាការកំណត់ផែនការគោលដៅ ឬផែនការសកម្មភាព» មានត្រឹមគោលដៅមិនទាន់គ្រប់គ្រាន់នោះទេ តែយើងរៀបចំឲ្យមានផែនការអនុវត្តសកម្មភាព។ យើងត្រូវកំណត់ឲ្យចេញជាផែនការអនុវត្តជាឆ្នាំ ជាខែអាទិត្រ និងទៅជាថ្ងៃ រៀបចំឲ្យលម្អិតហើយអនុវត្តជាជំហ៊ានៗ។
សហគ្រិនជោគជ័យរូបនេះបានបន្តទៀតថា «សម្រាប់ទម្លាប់ទី៤ គឺការបង្កើតទំនាក់ទំនងល្អ ឬបណ្តាញ» មានន័យថា មនុស្សជោគជ័យ ជាមនុស្សមានទំនាក់ទំនងល្អក្នុងចំណោមមហាជន បើទោះជាពួកគេរវល់ការងារដ៏មមាញឹកយ៉ាងណាក៏ដោយ គេតែងឆ្លៀតបង្កើតទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន។
សម្រាប់ចំណុចចុងក្រោយនេះ លោកបានបញ្ជាក់ថា បុគ្គលិកជោគជ័យទាំងឡាយ តែងមានសៀវភៅកំណត់ហេតុ សម្រាប់កត់ត្រាកំណត់ហេតុ ឬបទពិសោធន៍ថ្មីៗដាក់ក្នុងសៀវភៅរបស់ខ្លួនជានិច្ច។ ជាពិសេសសៀវភៅនេះ បានកត់ត្រានូវចំណុចបរាជ័យ និងគន្លឹះជោគជ័យដែលតែងជួបប្រទះជាប្រចាំ ហើយវាក្លាយជាមេរៀនដ៏ល្អសម្រាប់យើង ក្នុងការអនុវត្តសកម្មភាពបន្តទៀត។ មិនត្រឹមតែប៉ុណ្ណោះ សៀវភៅនេះ អាចកត់សម្គាល់សម្តីបុគ្គលជោគជ័យសំខាន់ៗ ដែលអាចឲ្យយើងរៀន និងយកទ្រឹស្តីនេះមកអនុវត្តលើការងារ និងអាជីវកម្មរបស់ខ្លួនបាន៕