ម្ចាស់អាជីវកម្ម សហគ្រិនថ្មីថ្មោងភាគច្រើន មិនសូវឱ្យតម្លៃ ក៏មិនសូវយល់ច្បាស់ពីការគៀរគរទុនសម្រាប់ចាប់ផ្តើម និងពង្រីកអាជីវកម្មរបស់ខ្លួននៅឡើយទេ។ សម្រាប់អាជីវកម្មថ្មីថ្មោងដែលមានត្រឹមតែផែនការ មិនទាន់បានចាប់ផ្តើមដំណើរការនៅឡើយ ការគៀរគររកទុនជារឿងដែលពិបាកខ្លាំង ពិសេសនៅពេលដែលម្ចាស់អាជីវកម្មមិនមានភាពច្បាស់លាស់ចំពោះផែនការអាជីវកម្មរបស់ខ្លួន និងមិនបានត្រៀមលក្ខណៈក្នុងការគៀរគរទុនថែមផងនោះ។
នៅក្នុងដំណាក់កាលបែបនេះ កសាងគុណតម្លៃ និងពង្រីកសមត្ថភាពខ្លួនឯងជារឿងដែលមិនអាចមើលរំលងបាន លើសពីនេះទៅទៀត គឺការបង្កើតផែនការដ៏ជាក់លាក់ដែលមានការសិក្សាស្រាវជ្រាវ និងមានក្រុមការងារខ្លាំងចូលរួម នោះការស្នើសុំការវិនិយោគអាចធ្វើទៅបាន ប៉ុន្តែក៏មិនអាចឲ្យអ្នកទាញទុនវិនិយោគបានក្នុងចំនួនច្រើនប៉ុន្មាននោះដែរ។
ករណីទី២ សម្រាប់អាជីវកម្មថ្មីថ្មោងដែលបានដំណើរការរួចហើយ ប៉ុន្តែមិនទាន់រកឃើញពន្លឺនៃប្រាក់ចំណេញ ឫកំពុងតែខាតជារៀងរាល់ខែ ការគៀរគរទុនសម្រាប់អាជីវកម្មបែបនេះក៏អាចធ្វើបានដូចគ្នា ប៉ុន្តែអ្នកត្រូវត្រៀមចិត្តឱ្យហើយ ព្រោះអ្នកអាចនឹងទទួលបានការបដិសេដច្រើនពីវិនិយោគិន ពីដៃគូដែលអ្នកចង់សហការជាច្រើន។ ដើម្បីអាចឱ្យអ្នកគៀរគរទុនក្នុងស្ថានភាពបែបនេះជោគជ័យ ខ្ញុំលើកទឹកចិត្តឱ្យអ្នកស្វែងរកអ្នកប្រឹក្សាជំនាញ ឫចាប់ផ្តើមរៀនផែនការធ្វើកំណែទម្រង់ជាថ្មី ដោយកំណត់ពីទុនដែលអ្នកត្រូវការ ហើយចាប់ផ្តើមរកវិនិយោគិនដែលសាកសមមកចូលរួមកែលម្អ និងពង្រីកសក្តានុពលអាជីវកម្មអ្នក។
ប្រសិនបើអាជីវកម្មអ្នកកំពុងតែដំណើរការល្អ រកបានផលចំណេញជារៀងរាល់ខែ ឫមានអតិថិជនគាំទ្រកើនឡើងជាប្រចាំ នោះជាសញ្ញាល្អបំផុត និងជាពេលវេលាដ៏ល្អបំផុតក្នុងគៀរគរទុនពង្រីកខ្លួន ខណៈដែលឱកាសរីកធំ និងប្រមូលបានកាន់តែច្រើន ពីការលក់ភាគហ៊ុនក្នុងចំនួនតិច៕