បច្ចុប្បន្ន​មានអ្នកមានលុយច្រើន​ណាស់ ដូច្នេះមុននឹងវិនិយោគត្រូ​វគិត​ឲ្យ​បាន​ច្បាស់សិន​ ជៀសវាង​ខាតបង់​ច្រើន

គិតមកដល់ពេលនេះ ខ្ញុំបានជួប និងលឺពាក្យកុហកបោកប្រាស់របស់គ្នាយើងមួយចំនួនធំរួចមកហើយ អ្នកខ្លះខាតលុយ អ្នកខ្លះខាតទ្រព្យ អ្នកខ្លះអោបទាំងបំណុលទៅទៀត ដោយសារតែសេចក្តីលោភលន់ និងការបោះលុយដែលខំរកយ៉ាងលំបាកដោយញើសឈាម វិនិយោគតាមគ្នា វិនិយោគដោយគ្មានភាពច្បាស់លាស់នេះឯង។​

ភាគច្រើននៃពួកគាត់ ច្រើនជាមនុស្សដែលគ្រាន់តែមានលុយមួយចំនួនពីសន្សំយ៉ាងលំបាក គ្រាន់តែលឺថាវិនិយោគមានឱកាសអាចចំណេញប្រាក់ច្រើន មិនបានសិក្សាឱ្យបានល្អិតល្អន់ ក៏ចេះតែវិនិយោគទាំងងងឹត ជាហេតុត្រូវបានគេបោកប្រាស់បានដោយសេចក្តីលោភលន់របស់ពួកគាត់។

តាមការសិក្សាស្រាវជ្រាវរបស់ខ្ញុំ គ្មានការវិនិយោគណាមួយដែលគ្មានហានិភ័យនោះទេ ហើយក៏គ្មានការវិនិយោគមួយណាដែលអាចឱ្យអ្នកចំណេញលើសលុបក្នុងរយៈពេលខ្លី ត្រឹមតែមួយខែ ឫមួយឆ្នាំនោះដែរ។ ចឹងទេ អ្នករាល់គ្នា គួរចាប់ផ្តើមចំណាយពេលសិក្សាឱ្យបានល្អិតល្អន់ ចៀសវាងខាតបង់ប្រយោជន៍ធំ។​

បន្ថែមពីនេះ ការទុកចិត្តលើមនុស្សក៏សំខាន់ណាស់ដែរ ពិសេសអ្នកដែលរស់នៅក្រៅប្រទេស មានចិត្តចង់វិនិយោគ ត្រូវធ្វើឱ្យប្រាកដចិត្តថា មនុស្សដែលអ្នកបោះទុនវិនិយោគជាមួយ ជាមនុស្សដែលអាចទុកចិត្តបាន ជាមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រើប្រាស់លុយរបស់អ្នកទៅបង្កើតផលចំណេញរួមគ្នា រីកចម្រើនរួមគ្នាបាន។

គ្រប់ការវិនិយោគ ដែលអាចឱ្យអ្នកចំណេញលើសពី៣០%ក្នុងមួយឆ្នាំ នោះគឺជាផលចំណេញដ៏ខ្ពស់ណាស់ទៅហើយ ដែលស្មើនឹងប្រហែល៣%ក្នុងមួយខែ ហេតុនេះបើគេប្រាប់អ្នកថា អាចចំណេញលើសពី១០%ក្នុងមួយខែ ស្មើនឹង១២០%ក្នុងមួយឆ្នាំ អ្នកត្រូវបង្កើនការប្រុងប្រយ័ត្ន សិក្សាឱ្យបានលម្អិតបំផុត ព្រោះហានិភ័យ និងការបោកប្រាស់អាចនឹងកើតមានហើយ។​

ការចេះប្រើលុយសន្សំយកមកវិនិយោគគឺជាជម្រើសដ៏ល្អហើយ តែវារឹតតែប្រសើរជាងនេះនៅពេលដែលអ្នកចេះវិនិយោគប្រកបដោយភាពវ័យឆ្លាត និងចំគោលដៅ ដែលមានសុវត្ថិភាពខ្ពស់។

“ឱកាសចំណេញកាន់តែខ្ពស់ ហានិភ័យកាន់តែធំ ហើយឱកាសត្រូវគេបោកក៏ខ្ពស់ណាស់ដែរ”