ការដឹកនាំត្រូវការអ្នកជួយគិតជួយគូរ (ទីប្រឹក្សា) ដើម្បីជួយផ្តល់ជាគំនិតយោបល់ និងការត្រិះរិះពិចារណារកផ្លូវណាដែលល្អនៅក្នុងការសម្រេចចិត្តផ្សេងៗ ជៀសវាងមានចន្លោះប្រហោងនាំឱ្យខូចកិច្ចការធំនៃនគរ និងការដឹកនាំ។ ប៉ុន្តែក្នុងនាមជាកូនចៅម្នាក់ មិនគួរចង់ដឹងពីរឿងរបស់ចៅហ្វាយខ្លួនឯងគ្រប់រឿងខ្លាំងពេកដែរ អាចនាំជាទោសកំហុស ឬការចេះដឹងជ្រុលទៅវិញ។
សៀងអ៊ី ពេលគេរស់នៅជាមួយឆាវឆាវ អស់ជាង៣០ឆ្នាំ គេបានស្ទាបស្ទង់ដឹងពីចិត្តរបស់ ឆាវឆាវថាយ៉ាងដូចម្តេច ទើបគេសម្រេចចិត្តចែកផ្លូវគ្នាដើររៀងខ្លួន ប៉ុន្តែអ្វីដែលគួរឱ្យសោកស្ដាយសៀងអ៊ី គឺបានយកពងមាន់ជល់នឹងថ្ម គេបានតវ៉ានឹងឆាវឆាវ ក្នុងការឡើងធ្វើជាសម្តេចអ៊ួយ។ រហូតទាស់គ្នាជាមួយនឹងកូនរបស់ឆាវឆាវទៀត (ឆាវជឺ) ដែលជាហេតុនាំទុក្ខដាក់ខ្លួន ពេលដែលឆាវឆាវលែងចង់ប្រើការ។ “ធ្វើជាមនុស្សឆ្លាត ត្រូវតែឆាប់ចាកចេញពីកន្លែងដែលមានគ្រោះថ្នាក់» នេះគឺជាការទូន្មានរបស់ ជូកឺលៀង”។
យើងដែលជាកូនចៅគេ មិនខុសពីពងមាន់ ឯគេជាមេកើយយើងមិនខុសពីដុំថ្មរឹងដ៏ធំទេ ដូច្នេះពងមាន់មិនអាចជល់នឹងថ្មបានទេ មានតែបែកពងមាន់តែថ្មអត់បែកទេ។ វិធីល្អកុំអាលប្រញាប់យកពងមាន់ទៅបោកនឹងថ្មឱ្យបែកពងមាន់អី អាចរង់ចាំដុំថ្មនោះត្រូវពុយផុយ ឬក្លាយជាដុំថ្មដែលទន់ជ្រាយសិន ហើយខ្លួនជាពងមាន់នៅពេលនេះគួរតែពង្រឹងសមត្ថភាពខ្លួនឱ្យក្លាយជាញញួរនៅពេលខាងមុខឱ្យបានឆាប់ទើបអាចវាយកម្ចាត់ដុំថ្មមួយនេះបាន។
ស៊ឺម៉ាអ៊ី បានពោលដែរថា «ក្នុងនាមជាម្ចាស់ដែលឆ្លាតម្នាក់ គេមិនចង់បានកូនចៅណាដែលដឹងពីទឹកចិត្តរបស់ខ្លួនគ្រប់យ៉ាងនោះទេ ក៏មិនចង់បានកូនចៅណាដែលមិនដឹងពីទឹកចិត្តខ្លួនទាល់តែសោះនោះដែរ»។ ហេតុនេះ គួរតែធ្វើជាកូនចៅដែលដឹងរឿងខ្លះ ធ្វើជាមិនដឹងខ្លួន ជួនកាលធ្វើជាល្ងង់ខ្លះ ទើបមេនោះគិតថាគេមានអនុភាពជាងកូនចៅ។ គេថាស្តេចមិនអាចនៅក្រោមមន្ត្រី មេទ័ពមិនអាចនៅក្រោមពួកពលទាហានទេ៕