Robert Kiyosaki ៖ ធ្វើជាមនុស្សកុំធ្វើជាទឹកពេញកែវពេក ព្រោះអ្នកនៅតែបន្តត្រូវការអ្វីៗគ្រាប់យ៉ាងបន្តទៀត
នាំគ្នាមកស្រមៃទៅតាមលំនាំដូច្នេះទៅមើលថា ដៃម្ខាងរបស់អ្នកកំពុងតែកាន់កែវទទេមួយ រីឯដៃម្ខាងទៀតកាន់កែវមួយដែលមានទឹកដ៏ច្រើន។ នៅពេលនេះអ្នកចាក់ទឹកពីកែវ ដែលពោរពេញទៅដោយទឹកដ៏ច្រើននោះ ចូលទៅក្នុងកែវដែលកំពុងតែទទេមួយទៀត អ្នកបន្តចាក់រហូតទាល់តែទឹកដែលនៅក្នុងកែវដែលធ្លាប់តែទទេនោះ ឡើងមកដល់មាត់កែវ តែអ្នកក៏បន្តចាក់ទឹកទៅក្នុងកែវនោះតទៅទៀត ទាល់តែវាហូរហៀរចេញពីមាត់កែវ។
តើទឹកហៀរចេញពីកែវ ព្រោះតែអ្នកបន្តចាក់វាមិនឈប់ ឬក៏ព្រោះតែកំហុសមកពីទឹកនៅកែវមួយទៀតមានច្រើនពេក? ពុំមែនបែបនេះទាំងពីរ។ ទឹកហៀរចេញពីកែវ ក៏ព្រោះតែកែវមួយនេះតូចពេក ធ្វើឲ្យកន្លែងទំនេរនៅក្នុងកែវមិនគ្រប់គ្រាន់សម្រាប់ទទួលយកទឹកបន្ថែមមកទៀតនេះឯង។ ដូច្នេះតើទឹកដែលជាធម្មជាតិ ដែលផ្ដល់ប្រយោជន៍សម្រាប់ទ្រទ្រង់ជីវិតមនុស្សលោកឲ្យរស់រានបាននោះ ខំចាក់បញ្ចូលមកបន្ថែមទៀតទៅក្នុងកែវ ដែលពោរពេញទៅដោយទឹកស្រាប់ហើយ នៅតែមានប្រយោជន៍សម្រាប់កែវនេះតទៅទៀតទេ?
អ្នកត្រូវដឹងថា នេះមិនមែនមកពីទឹកមានបរិមាណច្រើនពេកនោះទេ តែមកពីកែវខ្លួនវាមានកន្លែងតូចសម្រាប់ទទួលយកទឹកទៅវិញទេ ធៀបទៅនឹងមនុស្សយើងវិញក៏មិនខុសគ្នាអ្វីដែរ។ យើងតែងតែព្យាយាមស្រូបយកចំណេះដឹងឲ្យបានច្រើន ស្រាវជ្រាវសិក្សាទៅលើព័ត៌មានលម្អិតរហូត ទាល់តែបំពេញទឹកនៅក្នុងកែវរបស់យើងឲ្យពេញ។ នៅពេលដែលវាពេញហើយ មិនចម្លែកអ្វីនោះទេដែលកែវមួយនេះមិនសេសសល់កន្លែង សម្រាប់ដាក់បញ្ចូលទឹកជាបន្តបន្ទាប់មកទៀត បើទោះជាខំចាក់ទឹកចូលមកទៀតយ៉ាងណា ក៏វានឹងហូរហៀរចេញពីកែវនោះដោយឥតប្រយោជន៍ដដែល។
នៅក្នុងសៀវភៅដ៏ល្បីល្បាញមួយរបស់ពិភពលោក ដែលនិពន្ធដោយលោក រ៉ូប៊ឺត គីយ៉ូសាគី មានចំណងជើងថា “Richdad’s Cashflow Quadrant Guide to Financial Freedom” (ចរន្តប្រាក់បួនផ្នែក) បានលើកឡើងថា ទាល់តែអ្នកឈ្នះឆ្នោត ឬទទួលកេរ្តិ៍មរតកដ៏ច្រើនមហាសាល ពុំនោះទេ បើអ្នកត្រឹមតែជាមនុស្សធម្មតាម្នាក់ អ្នកមានឱកាស៤យ៉ាង ដើម្បីជោគជ័យក្នុងការទទួលបានទ្រព្យសម្បត្តិនិងចរន្តប្រាក់។ ឱកាស៤យ៉ាងនេះ គឺជាសង្រួមមកត្រឹមអក្សរកាត់ E (Employee) ជាបុគ្គលិក S (Self-employed) ជាអ្នកធ្វើការឲ្យខ្លួនឯង ឬម្ចាស់ធុរកិច្ចតូចៗ B (Business owner) ជាម្ចាស់ធុរកិច្ចធំៗ និង I (Investor) ជាវិនិយោគិន។
លោក រ៉ូប៊ឺត មានទស្សនៈថា បុគ្គលិកដូចជាគណនេយ្យករ និងអ្នកធ្វើការឲ្យខ្លួនឯងដូចជាគ្រូពេទ្យជាដើម អ្នកឯកទេសតាមជំនាញរៀងៗខ្លួន ទាំងនេះប្រៀបដូចជាទឹកដែលមានទឹកពេញកែវដូច្នោះ។ ពួកគេត្រូវមានចំណេះដឹង ជំនាញ និងបទពិសោធន៍ទាំងឡាយជាប់ពាក់ព័ន្ធនឹងអ្វីដែលជាការងារអាជីពរបស់ពួកគេឲ្យបានល្អិតល្អន់ និងយកចិត្តទុកដាក់ទៅលើព័ត៌មានល្អិតតូចតាចអំពីឯកទេសរបស់ខ្លួន។ នេះគឺជាអ្វីដែលមនុស្សនៅក្នុងចរន្តប្រាក់២ផ្នែកខាងលើចាំបាច់ត្រូវធ្វើ។
ដោយឡែកបុគ្គលដែលជាម្ចាស់ធុរកិច្ចធំៗ នៅតាមក្រុមហ៊ុនឬស្ថាប័នផ្សេងៗ និងអ្នកវិនិយោគផ្លាស់ប្ដូរកែវរបស់ពួកគេឲ្យមានកន្លែងទំនេរទូលាយ ដែលអាចដាក់បញ្ចូលទឹកបានច្រើន និងមិនចេះពេញនោះទេ ព្រោះតែពួកគេជាអ្នកដឹកនាំដែលមិនត្រឹមតែមានតួនាទីមើលការខុសត្រូវទៅលើអ្នកជំនាញតាមផ្នែកនីមួយៗរបស់ខ្លួននោះទេ ប៉ុន្តែបុគ្គលនៅក្នុងចរន្តប្រាក់ទាំងពីរផ្នែកនេះ ត្រូវទទួលបន្ទុកទៅលើកិច្ចការសំខាន់ៗទៀតជាច្រើន។ កិច្ចការច្រើនបែបនេះ អ្នកដឹកនាំមិនអាចធ្វើជាទឹកពេញកែវ ដែលល្អិតល្អន់គ្រប់ចំណុចទៅលើចំណេះដឹងទាំងអស់នោះទេ ព្រោះពួកគេត្រូវចេះឲ្យបានច្រើនផ្នែក។
សៀវភៅមួយក្បាលនេះ ពុំបានប្រាប់អ្នកថា តើត្រូវធ្វើបែបណាដើម្បីក្លាយជាមហាសេដ្ឋីលំដាប់ពិភពលោក ប៊ីលហ្គេត ហើយក៏មិនមែនស្ទីវចបនោះដែរ ប៉ុន្តែលោក រ៉ូប៊ឺត ប្រាប់អ្នកឲ្យចេះស្គាល់ពីអត្តសញ្ញាណពិតរបស់ខ្លួន មានន័យថាអ្នកត្រូវឆ្លុះកញ្ចក់សួរខ្លួនឯងថា តើឥឡូវនេះអ្នកកំពុងស្ថិតនៅក្នុងដំណាក់កាលណា ផ្នែកមួយណានៃចរន្តប្រាក់ទាំង៤ផ្នែកនេះ ហើយថាតើទីដែលអ្នកកំពុងឈរនេះជាអ្វីដែលអ្នកចង់បាន ហើយស័ក្ដិសមនឹងទេពកោសល្យ និងសមត្ថភាពរបស់អ្នកដែរឬអត់? និយាយរួម គឺចង់សំដៅថា តើអ្នកមើលទៅលើពិភពលោករបៀបម៉េចនេះឯង?
ទាល់តែអ្នកដឹងថា ខ្លួនឯងកំពុងឈរនៅទីណា គោលដៅរបស់ខ្លួនចង់ស្ថិតនៅចរន្តប្រាក់ផ្នែកណា អ្នកចង់ឲ្យកែវរបស់អ្នកមានកន្លែងតូចល្មមសម្រាប់ដាក់បញ្ចូលទឹក ឬចង់ធ្វើឲ្យកែវនោះមានកន្លែងធំទូលាយ ដែលអាចដាក់បញ្ចូលទឹកមិនចេះហូរហៀរ បើអ្នកដឹងពីអត្តសញ្ញាណពិតរបស់ខ្លួនថាចង់ណាទីណា ចំណេះដឹងដែលអ្នកទទួលយកមកក៏មិនចេះខាតបង់ចោលឥតប្រយោជន៍នោះដែរ គឺជាការជ្រើសរើសរវាងការមើលរូបភាពលម្អិត ឬរូបភាពធំនេះឯង៕