នៅក្នុងកិច្ចប្រជុំកំពូល TIME100 នៅទីក្រុងញ៉ូវយ៉កកាលពីសប្តាហ៍មុននាយកប្រតិបត្តិ Apple លោក Tim Cook លើកឡើងថា កូដជាភាសាសំខាន់ទីពីរដែលក្មេងៗជំនាន់ក្រោយគួរតែរៀន។
លោក Cook លើកឡើងថា “ខ្ញុំគិតថាក្មេងៗនៅលើពិភពលោកគួរតែរៀនកូដ មិនថាអ្នកមានចំណង់ចំណូលចិត្តលើមុខវិជ្ជាវិទ្យាសាស្ត្រឬសិល្បៈក៏ដោយចុះ។ លោកបញ្ជាក់ថា និយាយបែបនេះមិនមែនចង់ឲ្យគ្រប់គ្នាក្លាយជាអ្នក IT ឬ Programmer ទេ ប៉ុន្តែកូដប្រៀបដូចជាជំនាញមូលដ្ឋានគ្រឹះផ្សេងៗដូចជាគណិតវិទ្យា ឬប្រវត្តិសាស្ត្រ ដែលសុទ្ធតែជាជំនាញស្នូលដែលក្មេងត្រូវការ។
Tim Cook មិនមែនជាមនុស្សតែម្នាក់ ដែលលើកទឹកចិត្តក្មេងឲ្យរៀនកូដទេ សូម្បីតែមហាសេដ្ឋី Bill Gates ក៏លើកទឹកចិត្តឲ្យអ្នកធ្វើការគ្រប់ផ្នែកគួររៀនពីមូលដ្ឋានគ្រឹះនៃកូដនោះ ដោយសារកូដជាជំនាញបន្ថែម ដែលធ្វើឲ្យគុណតម្លៃការងារកើនឡើងខ្ពស់ ជាពិសេសនាំឲ្យការងាររបស់អ្នកជួបឱកាសថ្មីៗ។
ស្រដៀងគ្នានេះនៅកម្ពុជាយើង បើតាមការអះអាងពីក្រសួងប្រៃសណីនិងទូរគមនាគមន៍កម្ពុជាបញ្ជាក់ថា ក្នុងឆ្នាំ ២០១៨ កន្លង និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាជំនាញ ICT មានប្រមាណ៩% នៃចំនួននិស្សិតសរុប ដែលចំនួនប៉ុននេះមិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារកម្ពុជាបាននៅឡើយទេ។
រដ្ឋាភិបាលកម្ពុជា ចង់បង្កើនចំនួនវិស្វករបច្ចេកវិទ្យាដល់១៥% ក្នុងឆ្នាំ២០២០ ហើយបំពាក់បំណិនវិជ្ជាជីវៈខាងផ្នែកបច្ចេកវិទ្យា និងផ្នត់គំនិតឌីជីថលដល់សិស្សដែលចប់មធ្យមសិក្សាគ្រប់ៗគ្នា ដើម្បីអាចឱ្យពួកគេដើរទាន់ការវិវត្តឥតឈប់ឈរនៃសង្គមឌីជីថលនេះ។ ជាមួយគ្នានេះ របាយការណ៍ពីនាយកដ្ឋានផ្នែកការងារអាមេរិក Bureau of Labor Statistics ឲ្យដឹងថា ការងារផ្នែកវិស្វកម្ម software (software engineering) នឹងកើនឡើង ១៨.៨% គិតពីពេលបច្ចុប្បន្នទៅឆ្នាំ២០២៤ ខណៈដែលតម្រូវការងារផ្នែកវិភាគប្រព័ន្ធកុំព្យូទ័រ(computer systems analyst)កើនឡើង ២០.៩%។
គួរបញ្ជាក់ថា កូដជាជំនាញមួយស្ថិតក្នុងផ្នែក STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ដែលរដ្ឋាភិបាល ក៏ដូចជាស្ថានទូតអាមេរិកនៅកម្ពុជាកំពុងលើកទឹកចិត្ត៕