ផ្នែក​ទាំង​៣សំខាន់នៃ Website ដែលបាន​​បង្កើត​ឡើង​សម្រាប់កូន​ខ្មែរ​ ដើម្បីពង្រឹង​សមត្ថភាព​ និង​អក្សរសាស្ត្រជាតិ​

ការរីកចម្រើនខាងប្រព័ន្ធព័ត៌មានវិទ្យា បានធ្វើឱ្យជីវិតរស់នៅមានការប្រែប្រួលយ៉ាងខ្លាំងលើគ្រប់ផ្នែក ការអប់រំ​ក៏ទទួលផលប្រយោជន៍យ៉ាងច្រើនផងដែរ។ ការរៀន និងបង្រៀនលែងពឹងអាស្រ័យទាំងស្រុងទៅលើក្ដារខៀន សៀវភៅ និងគ្រូបង្រៀនទៀតហើយ។ កុមារអាចរៀនដោយខ្លួនឯង ជាពិសេស ខ្លឹមសារមុខវិជ្ជា ដោយប្រើឧបករណ៍​អេឡិចត្រូនិក និងអ៊ីនធឺណិត។

គេហទំព័រសង្កប្បមានបីផ្នែកសំខាន់ៗ សម្រាប់ជួយឱ្យការបង្រៀននិងរៀនភាសាខ្មែរ ការតាមដានសកម្មភាពសិក្សា និងការវាយតម្លៃលទ្ធផលសិក្សា មានភាពងាយស្រួលសម្រាប់អ្នកគ្រូ លោកគ្រូ អាណាព្យាបាល និងកុមារ។

១.ផ្នែករៀន

នៅក្នុងផ្នែកនេះ ពាក្យសំខាន់ចំនួនជាង២០០០ពាក្យ ត្រូវបានដកស្រង់ចេញពីសៀវភៅពុម្ព​ភាសា​ខ្មែរថ្នាក់ទី១ ទី២ និងទី៣ របស់ក្រសួងអប់រំ យុវជន និងកីឡា មកបង្កើតសកម្មភាពសិក្សាចំនួនជាង២០០០០ សកម្មភាពសិក្សា។ សកម្មភាពសិក្សាទាំងនេះត្រូវបានបែងចែកជា​៤ក្រុមធំៗ សម្រាប់ជួយកុមារឱ្យមានចំណេះដឹងច្បាស់លាស់ក្នុង ១.ការ​អានពាក្យ ២.ការសរសេរពាក្យ ៣.ការយល់អត្ថន័យពាក្យ និង៤.ការប្រើពាក្យបានត្រឹមត្រូវតាមបរិបទ។

២.ផ្នែកវិភាគ

ផ្នែកនេះកត់ទុករាល់សកម្មភាពសិក្សាទាំងអស់ ដែលកុមារបានធ្វើនៅក្នុងផ្នែករៀន អ្នកគ្រូលោកគ្រូ អាណាព្យាបាល និងកុមារអាចពិនិត្យមើល ១.រយៈពេលដែលកុមារបានប្រើគេហទំព័រសង្កប្បសម្រាប់រៀនភាសាប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ ឬប្រចាំខែ ២.សកម្មភាពសិក្សាដែលកុមារធ្វើបានត្រឹមត្រូវ និងសកម្មភាពសិក្សាដែលកុមារ​ធ្វើពុំបានត្រឹមត្រូវ និង៣.សកម្មភាពសិក្សាដែលកុមារត្រូវធ្វើឡើងវិញ ដើម្បីបំពេញចំណុចខ្វះខាតរបស់ខ្លួន។

៣. ផ្នែកវាយតម្លៃ

ពាក្យនៅក្នុងផ្នែករៀនត្រូវបានយកមកប្រើ ដើម្បីបង្កើតសំណួរវាយតម្លៃចំនួនជិត២០០០០សំណួរ។ សំណួរទាំងនេះត្រូវបានបែងចែកជាវិញ្ញាសាវាយតម្លៃលទ្ធផលសិក្សារបស់កុមារតាមដំណាក់កាល មានពី១០សំណួរសម្រាប់វាយតម្លៃលទ្ធផលសិក្សាតាមមេរៀន​នីមួយៗ រហូតដល់៥០សំណួរសម្រាប់វាយតម្លៃលទ្ធផលសិក្សានៅឆមាសទី២។

អ្នកគ្រូ លោកគ្រូ និងអាណាព្យាបាលអាចពិនិត្យមើលលទ្ធផលប្រឡង ជាពិសេស ប្រឡងឆមាសទី១ និងទី២ ដើម្បីដឹងថា ​កុមារ​មានចំណេះដឹងភាសា ដូចការរំពឹងទុកនៅក្នុងសៀភៅរៀនភាសាខ្មែរ ឬលទ្ធផលសិក្សារំពឹងទុកក្នុងកម្មវិធីសិក្សាលម្អិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ឬមិនទាន់មាននៅឡើយ៕