មហាសេដ្ឋីលំដាប់លេខ១ថៃ ៖ ក្រុមហ៊ុនរបស់ខ្ញុំមុននឹងវិនិយោគ ត្រូវតែស្វែងរកឳកាសណាដែលងាយនឹងជោគជ័យ
មហាសេដ្ឋីលេខ១ លោក Dhanin Chearavanontជាប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុនCP ដែលក្រុមហ៊ុនកសិ-ឧស្សាហកម្មដ៏ធំមួយនៅក្នុងប្រទេសថៃ ដែលមានទ្រព្យសម្បត្តិ១៨.៥ពាន់លានដុល្លារកាលឆ្នាំ២០១៦ លោកធ្លាប់បានលើកឡើងក្នុងបទសម្ភាសន៍ជាមួយកាសែត New York Times ថា ក្រុមហ៊ុន CP មុននឹងវិនិយោគតែងតែងស្វែងរកឱកាស និងឆកនូវឱកាសជាមុន ទើបការវិនិយោគទទួលបានជោគជ័យ។
លោក Dhanin Chearavanont បានមានប្រសាសន៍ថា ក្រុមហ៊ុនCP ចាប់ផ្តើមបោះទុនវិនិយោគនៅក្រៅប្រទេស វាជាឱកាសល្អមួយសម្រាប់ក្រុមហ៊ុនក្នុងការពង្រីកកេរ្ត៍ឈ្មោះ សក្តានុពលក្រុមហ៊ុន ប៉ុន្តែមុននឹងវិនិយោគក្រុមហ៊ុនរបស់លោកតែងតែស្វែងរកឱកាសជាមុនសិន ព្រោះឱកាសនេះហើយទើបធ្វើឲ្យក្រុមហ៊ុនរបស់លោកមានឱកាសប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗបាន។ ប្រទេសមួយចំនួនធំលើពិភពលោកតែងពឹងផ្អែកលើវិស័យកសិកម្ម ដែលទាមទារឲ្យមានក្រុមហ៊ុនណាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកែច្នៃ ឬវិនិយោគលើវិស័យកសិកម្ម ទើបស៊ីនិងស្ថានការណ៍សេដ្ឋកិច្ចនៃប្រទេស។
ក្រុមហ៊ុនCP បច្ចុប្បន្នបានបោះទុនវិនិយោគនៅប្រទេសសំខាន់ៗ ដូចជា ចិន រុស្ស៊ី អង់គ្លេស និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាដើម សុទ្ធសឹងជាប្រទេសមានតម្រូវការខ្ពស់នៃវិស័យកសិកម្ម។ ជាក់ស្តែងប្រទេសកម្ពុជាផ្ទាល់ ជាប្រទេសកំពុងអភិវឌ្ឍន៍ ដោយពឹងផ្អែកលើវិស័យកសិកម្មជាចម្បង ដូច្នេះពេលដែលក្រុមហ៊ុនCPមកបណ្តាក់ទុនវិនិយោគនោះ ឱកាសនៃការទទួលបានជោគជ័យ គឺមានអត្រាខ្ពស់។ សម្រាប់ក្រុមហ៊ុនមិនមែនតែវិនិយោគលើវិស័យនេះតែមួយមុខនោះទេ ប៉ុន្តែវិស័យកសិកម្មនេះ ជាវិស័យស្នូលរបស់ក្រុមហ៊ុន។
ជាក់ស្តែងឱកាសនៃការបើកអាជីវកម្មក៏មិនខុសគ្នាដែរ សម្រាប់អាជីវកម្មណាដែរមានគេបើកច្រើនហើយ នោះប្រសិនបើយើងទៅបើកបន្ថែមទៀត នឹងពិបាកស្វែងរកអតិថិជនណាស់ អត្រាបរាជ័យនឹងមានច្រើន ដូច្នេះមុននឹងបើកអាជីវកម្មត្រូវតែស្វែងរកឱកាស ឬអាជីវកម្មណាដែលថ្មីស៊ីនឹងស្ថានការណ៍ ទើបមានឱកាសទទួលបានជោគជ័យច្រើន៕