ជែកម៉ា ៖ ពេល​លក់ទំនិញ​ឲ្យ​សាច់ញាតិ​ ទោះ​បីតម្លៃថោក ឬខាត​យ៉ាង​ណា គេ​នៅតែគិត​ថាយើ​ងបាន​ចំណេញ​លើគេ

លោក Jack Ma ធ្លាប់និយាយថា៖ “ពេលលក់ទំនិញអ្វីមួយទៅឲ្យមិត្តឬសាច់ញាតិ ទោះបីជាយើងលក់ថោកឬខាតដើមយ៉ាងណាក៏ដោយ ពួកគេនៅតែគិតថាយើងស៊ីចំណេញលើគេដដែល! ហើយពួកគេនឹងមិនទទួលស្គាល់ទៅលើសណ្តានចិត្តរបស់យើងថែមទៀត”។

ជាការពិតណាស់ នៅលើលោកនេះ តែងតែមានមនុស្សដែលមិនទទួលស្គាល់ និងគោរពទៅលើកំលាំងកាយចិត្តនិងពេលវេលារបស់អ្នក ហើយផ្ទុយទៅវិញ ពួកគេនឹងសុខចិត្តឲ្យអ្នកដទៃបោកប្រាស់ និងយកចំណេញទៅលើគេ ជាជាងចំណាយនិងជួយដល់ញាតិមិត្តដែលស្គាល់គ្នា។ ពីព្រោះក្នុងចិត្តរបស់ពួកគាត់តែងតែគិតថា៖ “តើម្នាក់ហ្នឹងស៊ីចំណេញលើខ្ញុំបានប៉ុន្មានដែរ?” ដោយមិនបានគិតថា “ម្នាក់ហ្នឹងបានជួយឬទំលាក់តម្លៃទំនិញសម្រាប់លក់ឲ្យខ្ញុំបានប៉ុន្មានដែរ?”

នេះហើយជាគតិគំណិតរបស់អ្នកក្រីក្រ!

ហើយចុះ «អ្នកមាន» ធ្វើដូចម្តេចបានជាគេមាន? ហេតុផលធំជាងគេគឺថា «អ្នកមាន» តែងតែជួយនិងគាំទ្រភាគីអាជីវកម្មរបស់ពួកគេ ដោយបានផ្តល់ជំនួយទៅលើផលប្រយោជន៍រួម។ ទង្វើបែបនេះហើយ ដែលជួយគ្នាទៅវិញទៅមក បានធ្វើឲ្យអាជីវកម្មរបស់ពួកគាត់កាន់តែរីកចំរើន និងចំណេញទាំងសងខាង។

លោក Jack Ma បន្តទៀតថា៖ «ពេលចាប់ផ្តើមអាជីវកម្មដំបូង អ្នកដែលទុកចិត្តអ្នកជាងគេគឺ “មនុស្សដទៃដែលមិនស្គាល់អ្នក”។ មិត្តរបស់អ្នកវិញ គេនឹងមិនសូវទុកចិត្តអ្នក។ មិត្តជិតស្និតរបស់អ្នក គេនឹងដើរចេញ ចំណែកក្រុមគ្រួសាររបស់អ្នកវិញ គេអាចមើលងាយអ្នកទៀតផង»

លុះដល់ថ្ងៃដែលអ្នកជោគជ័យវិញ ហើយនៅពេលដែលអ្នកអាចចំណាយលុយយ៉ាងច្រើន ដើម្បីរៀបចំពិធីជប់លៀងដ៏ធំធេងមួយ អ្នកនឹងដឹងថា មនុស្សដែលអ្នកស្គាល់ទាំងអស់នឹងចូលរួមពិធីជប់លៀងនេះ ប៉ុន្តែមនុស្សដែលទុកចិត្តអ្នកជាងគេនឹងមិនបានចូលរួមវិញ។ មនុស្សដែលទុកចិត្តអ្នកជាងគេនោះគឺ “មនុស្សដទៃដែលមិនស្គាល់អ្នក”។

តើអ្នកយល់អំពីអ្វីដែលបានរៀបរាប់ខាងលើនេះទេ?

យើងត្រូវគោរពនិងរាក់ទាក់ “មនុស្សដទៃដែលមិនស្គាល់យើងនេះ” ឲ្យបានល្អ! ព្រោះពួកគេគឺជាអ្នកដែលអាចជួយអាជីវកម្មរបស់យើងកាន់រីកចំរើន និងល្អប្រសើរ៕