មិនសូវមានទំនាក់ទំនង​ជាមួយក្រុមការងារ​មែនទេ​​ មានវិធី​សាស្ត្រ​៤យ៉ាង​ជួយ​អ្នក​ឲ្យមានទំនាក់ទំនង​ល្អ

មិនមែន​ជា​រឿង​លេង​សើចទេ​ ទំនាក់​ទំនង​ក្នុ​ងកន្លែង​ការ​ងារ​សំខាន់​ខ្លាំង​ណាស់ មិន​ថាអ្នក​ចង់​ឬ​មិនចង់គឺ​ដាច់​ខាត​ត្រូវ​តែ​ប្រាស្រ័យទាក់​ទង​គ្នា​ដើម្បីឲ្យ​ការ​ងារ​ក្នុង​អង្គភាពអាច​ដំណើរ​ការ​ទៅបានដោយរលូន។ តើ​ធ្វើ​យ៉ាង​ណា ​ទើ​ប​អាច​​រក្សា​ទំនាក់​ទំន​ងជាមួយអ្នក​រួម​ការងារ​បានល្អ​ និង​ដើម្បី​ភាព​រីក​ចម្រើន​ក្នុ​ងអាជីព​ការ​ងារ​របស់​អ្នក​? ខាងក្រោម​នេះ​អាចជា​ជំនួយ​ដល់​អ្នក​បាន​ក្នុ​ងកន្លែង​ការ​ងារ៖

១.រួសរាយ​​​​​

ពាក្យ​ថា​រួស​រាយ​ មិនមែន​គ្រប់គ្នា​សុទ្ធ​តែអាច​រួស​រាយ​រហូត ញញឹម​ដាក់​មនុស្ស​គ្រប់​គ្នា​រហូត ដើរ​និយាយ​សួស្តី​ចំពោះមនុស្ស​ទាំងអស់​គ្នាទេ ទាល់​តែ​គេ​ជា​មនុស្ស​ម្នាក់ ដែល​តែង​ធ្វើ​ខ្លួន​រីក​រាយ​រហូត​ទើប​អាច​សើច​ចេញគ្រប់​ពេល។ មនុស្សមួយ​ចំនួន​សឹង​ថា​យើង​សើច​ដាក់ និយាយរក​១០ដង​ហើយ​មិន​ចង់​តប​វិញ​ក៏​មាន។ តែ​ទោះ​ជា​យ៉ាង​ណា​ អ្វី​ដែល​អ្នក​គួរ​ធ្វើ​នៅកន្លែង​ការ​ងារ គឺមិនពិ​បាក​ពេក​ទេ​ដើម្បីឲ្យ​ទំនាក់ទំនង​អ្ន​ក និង​មិត្តរួម​ការ​ងារ​បាន​ប្រសើរ​គឺ ជួប​មុខគ្នា​ បើមិននិយាយ​អ្វី​សោះតែ​បាន​ញញឹម​ដាក់​គ្នា​គ្រប់​គ្រាន់​ហើយ។ ជាង​នេះ​ទៀតត្រឹម​ពាក្យ “អរុណ​សួស្តី” ពេល​ចូល​ធ្វើ​ការ​ និ​ងពាក្យ​ថា “​លាហើយ​” ពេល​ចប់​ម៉ោង​ការងារ គឺ​ល្អបំផុត​។

២.ចំនាយ​ពេល​ញ៉ាំ​អា​ហារ​ថ្ងៃ​ត្រង់​ជាមួយ​គ្នា​

បច្ចុ​ប្បន្ន​មនុស្ស​មានការ​ងារ​ធ្វើ​៩០% ហើយ​ដែល​តែ​ញ៉ាំអាហារ​ថ្ងៃ​ត្រង់​នៅ​កន្លែង​ការ​ងារ ទោះ​បី​មិន​ញ៉ាំ​នៅការិយាល័យ​ ក៏​ទៅញ៉ាំ​ជា​មួយ​មិត្ត​រួម​ការងារ​ដែរជាជាង​ការដែល​​ទៅ​ញ៉ាំ​នៅផ្ទះ។ ដូច្នេះ​ក្រៅពី​ម៉ោង​ការងារ​ ពេល​វេលា​ដែល​អ្នក​អាច​ជជែក​ជាមួយ​មិត្ត​រួម​ការងារ​បាន​ល្អ ​គឺ​មានតែ​ពេល​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ជា​មួ​តគ្នា​ប៉ុណ្ណោះ។ បើ​អ្នក​ចំណាយ​ពេល​វេលា​ញ៉ាំ​អាហារជាមួយ​មិត្ត​រួម​ការងារ អ្នក​អាច​ស្វែង​យល់​ពី​គេ​បាន​កាន់​តែ​ច្រើនចំពោះ​ចរិត​ផ្ទាល់​ខ្ឡួន​របស់​គេ​ អ្នក​នឹង​គេ​អាច​យល់​ពី​គ្នា​ទៅ​វិញ​ទៅមក​បាន​កាន់​តែ​ប្រសើរ។

៣.ស្វាគមន៍​អ្នក​ដែល​ចូល​ថ្មី

ចូល​ធ្វើ​ការ​នៅកន្លែង​ណាមួ​យ​ថ្មី​ថ្មោង មិន​ថាអ្នកដែល​មិនទាន់​ប្រលូក​ក្នុ​ងការ​ងារទេ សូម្បី​អ្នក​មានបទ​ពិសោធន៍​ពេញ​ទ្រូងក៏​មានការ​ពិបាក​ដែរ​។ វាជាកន្លែង​ថ្មី មនុស្ស​ថ្មី បរិយាយកាស​ថ្មី អ្វីៗគឺថ្មីទាំងអស់ ដូចនេះបើអ្នកជា​បុគ្គលិក​ដែល​កំពុង​បម្រើ​ការ​ងារ​នៅកន្លែង​នោះ​គួរ​ធ្វើ​ការ​ស្វាគមន៍​អ្នកចំណូល​ថ្មី ដូចជា​ការ​រៀប​រាប់​ពី​ខ្លួន​ឯង និង​តួ​នាទី​ទោះបី​ផ្នែក​ធនធាន​មនុស្ស​បាន​ធ្វើ​ការ​ណែ​នាំ (Orientation) ហើយ​ក៏​ពិ​ត​មែន។

៤.យក​ចិត្ត​ទុក​ដាក់ ឬ​ធ្វើ​ការ​ឲ្យ​តម្លៃ​លើ​ការ​អញ្ជើញណា​មួ​យ​ក្នុ​ងការ​រិយាល័យ​ ឬ​ស្ថាប័ន

វា​អាច​ជា​ការអញ្ជើញចូល​រួម​ពិ​ធីជប់​លៀង​ណា​មួយ​សម្រាប់​បុគ្គលិកពិធី​ខួប​កំណើត​ ដែល​មាន​រៀប​ចំតិច​តួចក្នុ​ង​ការិយាល័យ​ពី​សំណាក់​ផ្នែក​ធនធាន​មនុស្ស ឬ​ចូល​រួម​អប​អរ​នរណា​ម្នាក់​ក្នុ​ង​ឱកាស​អ្វី​មួយ​អ្នក​គួរ​តែ​ចំណាយ​ពេល​បន្តិច​ចូល​រួម ចៀស​វាង​ការ​ប្រើ​ពាក្យ​ថា “អត់​ទេខ្ញុំ​មិន​ចូល​រួម​ទេ អរគុណ” ឬ​ការ​បដិសេធ​បង្ហាញឲ្យ​ឃើញថា​អ្នក​​មិនពេញ​ចិត្ត​៕