សណ្ឋាគារមួយកំពុង​តែក្ស័យធុន​ងើបមុខមិនរួច​ ត្រូវ​បាន​កញ្ញាស្រស់ស្អាត​ម្នាក់អាយុ២៣ឆ្នាំ បានធ្វើ​ឲ្យ​រីកចម្រើន​បំផុត​

កញ្ញា វង្ស ម៉ី ម៉ី ជាម្ចាស់សណ្ឋាគារ OCC មានអាយុត្រឹមតែ២៣ឆ្នាំប៉ុណ្ណោះ បានកែប្រែវាសនាសណ្ឋាគារមួយនេះ ដែលបានជួប បញ្ហាច្រើន ស្ទើរតែដួលប៉ះជើង អាចងើបឈរ នៅលើទីផ្សារកំពុងប្រកួតប្រជែងឡើងវិញ។

កាលពីប៉ុន្មានឆ្នាំមុន មុនពេលកញ្ញា ម៉ី ម៉ី មកកាន់កាប់សណ្ឋាគារមួយនេះ ត្រូវបានម្តាយរបស់កញ្ញាជួល​ឲ្យអ្នកផ្សេងមកកាន់កាប់ ដោយ​ម្តាយ​របស់គាត់យកបានតែប្រាក់ឈ្នួលប៉ុណ្ណោះ ប៉ុន្តែអាជីវកម្មមួយនេះ បានកាន់តែដុនដាបទៅៗ ខាតស្ទើរតែរាល់ខែ រហូតធ្វើឲ្យអ្នក​ជួល​សម្រេចចិត្តផ្តាច់កុងត្រា ឈប់ធ្វើអាជីវកម្មមួយនេះទៀត។ ដោយការស្រឡាញ់សណ្ឋាគារមួយនេះ កញ្ញា ម៉ី ម៉ី មិនបាននៅស្ងៀមឡើយ ដោយបានសុំសណ្ឋាគារនេះពីម្តាយរបស់គាត់ មកគ្រប់គ្រង​ដោយ​ខ្លួន​ឯងផ្ទាល់ គិតមកពេលនេះ បានរយៈពេល១ឆ្នាំកន្លះហើយ។

CEO វ័យក្មេងរូបនេះបានប្រាប់ថា កត្តាដែលធ្វើឲ្យកញ្ញា អាចធ្វើឲ្យសណ្ឋាគារនេះ​ដំណើរការបាន​យ៉ាងរលូន​ដោយ​សារ​កត្តា៣យ៉ាងនេះ៖

១.កំណត់អតិថិជនគោលដៅ

មុននឹងចាប់ផ្តើមមកគ្រប់គ្រងសណ្ឋាគារនេះ កញ្ញាបានសិក្សារួចមកហើយ ពីកំហុសរបស់អ្នកគ្រប់គ្រងពីមុន ដែលទី១នោះគឺ មិនបានកំណត់អតិថិជនគោលដៅរបស់ខ្លួនច្បាស់លាស់។ ដូចនេះសម្រាប់សណ្ឋាគារ OCC កញ្ញា នឹងក្រុមការងារ បានកំណត់អតិថិជនគោលដៅ នោះគឺជនជាតិចិន និងជនបរទេស ព្រោះទីតាំងសណ្ឋាគារ នៅក្បែរនឹងព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នោះនៅពេលភ្ញៀវចុះពីយន្តហោះ គេមិនអាចធ្វើដំណើរទៅណាឆ្ងាយទេ គេត្រូវរកកន្លែងសម្រាកជិតៗ ព្រមទាំងមាន ភោជនីយដ្ឋាន នៅជុំវិញកន្លែងគេងផងដែរ។

២.​ការ​ធ្វើ​ទីផ្សារ​

សកម្មភាព​នៃការ​ធ្វើ​ទីផ្សារ​ដ៏​សំខាន់​មួយ​ គឺ​ការ​ផ្សព្វផ្សាយ​។ កញ្ញា​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​សណ្ឋាគារ​របស់​គាត់​តាម​រយៈ​គេហទំព័រ​ធំៗ​ ដែល​ជា​គេហទំព័រ​សម្រាប់​កក់​បន្ទប់​សណ្ឋាគារ​តាម​អ៊ីនធឺណិត​ ដែល​ភ្ញៀវ​បរទេស​និយម​ប្រើប្រាស់​។ លើស​ពី​នេះ​ កញ្ញា​ជ្រើសរើស ​ការ​ចូលរួម​ក្នុង​សមាគម​ និង​បណ្ដាញ​ធុរជន​ ដែល​ជា​វេទិកា​ផ្ដល់​ឱកាស​ឲ្យ​កញ្ញា​អាច​ពាំនាំ​នូវ​ស្លាក​សញ្ញា​នៃ​អាជីវកម្ម​របស់​ខ្លួន​ឲ្យ​ម្ចាស់​អាជីវកម្ម​ក្នុង​ប្រទេស​ជា​ច្រើន​ទៀត​បាន​ស្គាល់​។

ការ​ប្រើប្រាស់​ទំនាក់ទំនង​ជាមួយ​ម្ចាស់​អាជីវកម្ម​ទាំង​ឡាយ​ ដើម្បី​បង្កើត​ជា​ឱកាស​ក្នុង​ការ​ទទួល​បាន​ការ​ណែនាំ​ភ្ញៀវ​បន្ថែម​មក​កាន់​សណ្ឋាគារ​របស់​ខ្លួន។ ជាក់ស្តែង​ សព្វ​ថ្ងៃ​កញ្ញា ​គឺ​ជា​សមាជិក​នៃ​បណ្ដាញ​ធុរជន​អន្តរជាតិ​(BNI​)​ ដែល​ស្ថិត​នៅ​ក្នុង​ជំពូក​ឈ្មោះ​ Eagles Chapter ផង​ដែរ។

៣. បុគ្គលិក

បុគ្គលិក គឺជាគ្រោងឆ្អឹង ជាសរសៃឈាម ជាគ្រឿងក្នុងនៃក្រុមហ៊ុន ដែលមិនអាចខ្វះបានឡើយ។ កញ្ញាបានបន្ថែមថា នៅពេលដែល​បុគ្គលិក​ណាខ្វះជំនាញ ខ្វះការតាំងចិត្ត ខ្វះបេះដូង ក្នុងការបំពេញកិច្ចការងារនោះ អាជីវកម្មមួយមិនអាចជោគជ័យបាននោះទេ។ អ្វីដែលកញ្ញាធ្វើ គឺត្រូវបណ្តុះបណ្តាលបុគ្គលិក លើកទឹកចិត្តឲ្យគាត់សិក្សាបន្ថែម ព្រម​ទាំងលើកលែងឲ្យគាត់ជានិច្ច។

ចំពោះបុគ្គលិកមានខ្លះ ចាស់ជាងកញ្ញាតិចជាង តែកញ្ញាមិនបានចាត់ទុកគាត់ជាកូនចៅនោះទេ តែចាត់ទុកពួកគាត់ជាដៃគូររកស៊ី ហើយតែងផ្តល់តម្លៃឲ្យគាត់ក្នុងការបញ្ចេញមតិ រិះគន់ដើម្បីស្ថាបនា លើកពីផលលំបាករបស់គាត់ លើកពីគំនិតរបស់គាត់ក្នុងអាជីវកម្ម​សណ្ឋា​គារ ដូចនេះហើយ ទើបធ្វើឲ្យគាត់មានអារម្មណ៍ថា មិនមែនធ្វើការឲ្យគេ តែដូចធ្វើការឲ្យខ្លួនឯង ពេលនោះអាជីវកម្មក៏រលូនទៅតាមនឹងផងដែរ។

៤.សេវាកម្ម

ម្ចាស់សណ្ឋាគារវ័យក្មេងរូបនេះ បានប្រាប់ថា សណ្ឋាគារ ជាប្រភេទអាជីវកម្មសេវាកម្ម ចុះបើសេវាកម្មយើងមិនល្អ សួរថាតើអ្នកណា​នឹងមក​ជួល​យើង មកប្រើប្រាស់សេវាកម្មរបស់យើងទៅ។ អ្វីដែលកញ្ញា និងក្រុមការងារត្រូវធ្វើនោះ គឺយើងត្រូវរៀបចំប្រព័ន្ធសេវាកម្ម ឲ្យមានស្តង់ដារ ដើម្បីធ្វើឲ្យងាយស្រួលដល់អតិថិជន ទាំងពេលកក់ ពេលមកស្នាក់នៅ ព្រមទាំងពេលចាកចេញ គឺព្រមជាមួយស្នាមញញឹមរបស់ភ្ញៀវជានិច្ច។ កញ្ញាបានបញ្ជាក់ថា នៅពេលដែលសេវា​កម្មយើងល្អ អតិថិជន និងណែនាំ ទៅកាន់អតិថិជនផ្សេងទៀត ដូចនេះអតិថិជនចាស់ក៏នៅ អតិថិជនថ្មីក៏មក ជាបន្តបន្ទាប់ មិនចេះដាច់សោះឡើយ។

គួរឲ្យដឹងផងដែរថា សណ្ឋាគា​ OCC HOTEL ជាសណ្ធាគារ នៅចំកណ្តាលក្រុង ជិតអាកាសយានដ្ឋានភំ្នពេញ ស្ថិតនៅ ខាងត្បូង ផ្សារទំនើប រតនាផ្លាហ្សា ផ្លូវណតប្រ៊ីជ៕