ដើម្បី​ងាយ​ស្រួល​ក្នុង​ការខ្ចីប្រាក់ពីខាងធនាគារ​ មកវិនិយោគ​លើអាជីវកម្ម​ផ្ទាល់ខ្លួន​ ត្រូវ​សិក្សាដូចខាងក្រោមនេះ​

ការរកស៊ី មិនអាចមានលុយខ្លួនឯង១០០ភាគរយ សម្រាប់ធ្វើដើមទុននោះទេ ច្បាស់ណាស់ អ្នកប្រាកដជាខ្ចីលុយពីមិត្តភក្តិ បងប្អូន ឬធនាគារជាដើម ប៉ុន្តែការខ្ចីលុយធនាគារមក មិនមែនជារឿងងាយស្រួល​ឡើយ ទោះបីជាវាតម្រូវការរបស់យើងប៉ុណ្ណាក៏ដោយ។

ដោយឡែក លោកស្រី ហួន ច​ន្ទ្រា ភរិយាសហស្ថាបនិកភូមឋានធម្មជាតិ បានប្រាប់ថា ការខ្ចីលុយធនាគារមករកស៊ីជារឿងដែលមិនពិបាកនោះទេ ប្រសិនបើយើង​ដឹងពីក្បួនក្នុងការចរចារ។ ជាក់ស្តែង លោកស្រីតែងតែជាអ្នកចេញមុខ ខ្ចីលុយធនាគារ មកឲ្យស្វាមី យកទៅវិនិយោគអចលនទ្រព្យដោយប្រើក្បួនដូចខាងក្រោម៖​

១.មានគម្រោងអាជីវកម្មច្បាស់លាស់ (Specific Objective)

លោកស្រីបានពន្យល់ថា ខាងធនាគារ គេសប្បាយចិត្តនៅពេលដែលយើងទៅខ្ចីលុយគេ ព្រោះនឹងបានទទួលបានការប្រាក់ពីយើងត្រលប់ទៅវិញ ប៉ុន្តែគេមិនអាចឲ្យយើងខ្ចីងាយៗឡើយ ប្រសិនបើយើង មិនមានគោលដៅជាក់លាក់ ក្នុងការខ្ចីលុយទាំងនោះ ថាយកទៅធ្វើអ្វីឲ្យពិតប្រាកដ។ មួយវិញទៀត ទោះបីជាយើងមានគម្រោងផែនការអាជីវកម្មក៏ដោយ បើគេសិក្សាទៅ មិនអាចរីកចម្រើនទៅរួច ខាងធនាគារក៏គេមិនអាចឲ្យលុយមកយើងដែរ។

ជាក់ស្តែង នៅពេលដែលលោកស្រីទៅខ្ចីលុយសម្រាប់វិនិយោគគម្រោងរបស់ស្វាមី គឺលោកស្រីបាន រៀបចំពង្រៀងនូវគម្រោងអាជីវកម្ម បានយ៉ាងច្បាស់លាស់ ដើម្បីឲ្យខាងធនាគារគេសិក្សាទៅ គម្រោងមួយនេះល្អ ទើបគេសម្រេចចិត្ត ថាយើងអាចខ្ចីបាន។

២.រៀបចំរបាយការណ៍ ហិរញ្ញវត្ថុ ឲ្យបានច្បាស់លាស់ (Budget plan​)

កាលពីលោកស្រី និងស្វាមី ធ្វើជាបុគ្គលិកឲ្យគេ គឺលោកស្រីត្រូវមានលិខិតប្រាក់ខែ កំណត់ត្រា ចំណូលចំណាយឲ្យបានច្បាស់លាស់ ដើម្បីឲ្យខាងធនាគារគេសិក្សាថា យើងអាចមានលទ្ធិភាពសងទៅធនាគារបានដែររទេ ហើយអាចឲ្យយើងខ្ចីបានប៉ុន្មាន? តែយ៉ាងណា យើងត្រូវកំណត់ទឹកលុយឲ្យបានសមស្របទៅនឹងលទ្ធភាពរបស់យើងផងដែរ ដើម្បីទទួលបានទំនុកចិត្តពីធនាគារ។

៣.កសាងកេរ្តិ៍ឈ្មោះ​​ (Creditbility)

សំខាន់បំផុត គឺការកសាងកេរ្តិ៍ឈ្មោះខ្លួនឯង លោកស្រីបានពន្យល់ថា ធនាគារគេប្រយត្ន័បំផុតចំពោះ ប្រវត្តិយើងពីមុនមកថា តើធ្លាប់ខ្ចីលុយធនាគារ ហើយការសង មានការយឺតយ៉ាវធ្លាប់ខូចដែលទាំងអស់នេះ សុទ្ធតែជាចំណុចដែលត្រូវកសាងខ្លួនឯងឲ្យបានល្អ។​​ ដូច្នេះយើងត្រូវកសាងទំនុកចិត្ត​តាមរយះ​ការទទួលខុសត្រូវខ្ពស់ និងគោរពនូវគោលការរបស់​ធនាគារ។

៤.ស្វែងរកអ្នកធានា

លោកស្រីបានពន្យល់ថា អ្នកធានា ក៏រួមចំណែកសំខាន់ដើម្បីឲ្យដំណើរការនៃ ខ្ចីប្រាក់បានទៅលឿន យើងត្រូវស្វែងរកបុគ្គលណាម្នាក់ដែលជួយបន្ថែម ទំនុកចិត្តធនាគារ ព្រោះពួកគាត់នឹងជួយស្នើសុំទៅកាន់ធនាគារបន្ថែម ដើម្បីជម្រុ​ញ​ឲ្យដំណើរនោះ ធ្វើដោយរលូននិងរហ័ស។

៥.អត្រាការប្រាក់

រឿងការចចារអត្រាការប្រាក់ជារឿងសំខាន់បំផុត ត្បិតតែយើង ទៅខ្ចីលុយគេទៅរកស៊ីក៏ដោយក៏មិនត្រូវឲ្យខាងធនាគារ​មានប្រៀបលើយើងរឿងអត្រាការប្រាក់នោះដែរ អ្នកខ្ចីលុយធនាគារភាគច្រើនគិតថា ឲ្យតែគេឲ្យខ្ចីទោះខាងធនាគារកំណត់ អត្រាការប្រាក់ប៉ុន្មានក៏បាន ប៉ុន្តែយើងត្រូវប្រើភាពវ័យឆ្លាត ក្នុងការចរចារអំពីអត្រាការប្រាក់។

មុននឹងខ្ចីលុយធនាគារណាមួយ យើងត្រូវ ប្រមូលពត័មានឲ្យបានច្រើនបំផុត បើអាចទៅរួច ដើម្បីធ្វើការស្ទាបស្ទង់ថា តើធនាគារណា ដែលដែលនឹងផ្តល់អត្រាការប្រាក់ទាបសមរម្យដល់អ្នក ហើយនឹងផ្តល់នូវសេវាល្អ ងាយស្រួលដល់អ្នកផងដែរ៕