លោក លឹម ផារ៉ា ៖ អ្នកចង់មានមុខរបររកស៊ីផ្ទាល់ខ្លួន គួរសម្លឹងមើលសក្តានុពលនៃអាជីវកម្មសិន មុនសម្រេចចិត្តបើក
នាពេលបច្ចុប្បន្ននេះយុវជនខ្មែរភាគច្រើនហាក់ ដូចជាចាប់អារម្មណ៍ខ្លាំងណាស់ទៅលើវិស័យអាជីវកម្ម ដោយពួកគាត់អ្នកខ្លះរត់ទៅចាប់មុខរបរនេះ អ្នកខ្លះទៀតក៏ទៅចាប់មុខរបរនោះ ដែលមើលទៅវាហាក់ដូចជាពួកគាត់បានទទួលមនោគមន៍វិជ្ជាអ៊ីចឹង ព្រោះពួកគាត់មួយចំនួនដូចជាមិនបានកំណត់គោលដៅច្បាស់សម្រាប់ខ្លួនឯងនៅឡើយទេ។ ដូច្នេះ តើធ្វើយ៉ាងណាទើបយើងអាចដឹងថាអាជីវកម្មណាមួយស័ក្តិសមនឹងអ្នក?
ជាការឆ្លើយតមនឹងសំណួរខាងលើ លោក លឹម ផារ៉ា ស្ថាបនិក និងជានាយកគ្រប់គ្រងនៃសហគ្រាសគំនិតថ្មី ប្រាប់ថា “យើងត្រូវវិភាគលើសក្ដានុពលដែលនៅជុំវិញខ្លួនយើង ដូចជារូបខ្ញុំអ៊ីចឹង ហេតុអ្វីបានជាខ្ញុំជ្រើសរើសផលិតផលិតផលចេញពីផ្លែចេក នោះព្រោះតែនៅក្នុងតំបន់ខ្ញុំជាតំបន់កសិកម្ម ក្នុងស្រុកចម្ការលើ អ្នកណាក៏ស្គាល់ដែរថា ជាតំបន់កសិកម្មដែលសម្បូរដំណាំចេកដែរ ដូច្នេះនេះជាកេរ្តិ៍ឈ្មោះមួយ ដែលវាដូចជាទុនមួយសម្រាប់ជួយយើងដូច្នោះដែរ”។
ក្រៅពីចំណុចខាងលើលោក ផារ៉ា បានបន្តថា “បន្ថែមពីលើនោះយើងក៏ត្រូវដឹងដែរថា មុខរបរនោះវាត្រូវផ្គួបផ្សំនឹងសក្ដានុពលរបស់ខ្លួនយើងផងថា តើយើងស្រលាញ់មុខរបរនោះឬទេ? តើយើងមានចំណេះមានជំនាញក្នុងការធ្វើវាដែរទេ? ព្រោះដូចដែលយើងមើលឃើញហើយថា យុវជនមួយចំនួនហាក់ដូចជាមិនទាន់បានកំណត់គោលដៅរបស់ខ្លួនឲ្យច្បាស់នៅឡើយ ដោយពេលខ្លះគាត់ព្យាយាមធ្វើអ្វីទៅតាមគេប្រាប់ ដោយគាត់ភ្លេចគិតថាតើគាត់មានអ្វី? គាត់គួរធ្វើអ្វី? គាត់មានចំណេះជំនាញអ្វី? ដែលជួនកាលគាត់បែរជាបំភ្លេចនូវចំណេះជំនាញដែលគាត់បានរៀននៅក្នុងសាលាចោលទៅវិញ”។
លោកស្ថាបនិករូបនេះក៏បានចែករំលែកផងដែរថា ប្រសិនបើចង់ក្លាយខ្លួនជាសហគ្រិន ជាដំបូងយើងត្រូវស្វែងរកបទពិសោធន៍ជាមុនសិន ព្រោះអ្នកខ្លះធ្វើការងារឲ្យគេត្រឹមតែចង់បានប្រាក់ខែ ប៉ុន្តែនៅពេលដែលបញ្ចប់បែជាស្រម៉ៃថាខ្លួនចង់ក្លាយជាសហគ្រិន ហើយក៏ចាប់ផ្ដើមធ្វើវា ទាំងដែលមិនទាន់មានអ្វីជាដុំកំភួនផង។
និយាយក្នុងទឹកមុខស្មើរ លោក ផារ៉ា បញ្ជាក់ថា “កាលពីឆ្នាំ៩៩ ខ្ញុំធ្លាប់ធ្វើជាកម្មកររោងចក្រ ខ្ញុំទទួលបានប្រាក់ខែតែ៣០ដុល្លារទេ ប៉ុន្តែការងារដែលខ្ញុំធ្វើគឺស្មើរនឹងប្រាក់ខែ២,០០០ដុល្លារ ព្រោះខ្ញុំបានធ្វើការងារជំនួសមេៗចំនួន៥នាក់នៅទីនោះ ទោះបីជាប្រាក់ខែខ្ញុំតែ៣០ដុល្លារ ប៉ុន្តែខ្ញុំមិនដែលប្រកាន់ទេការងារអ្វីក៏ខ្ញុំធ្វើដែរ ទោះការងារចំណេះជំនាញ៧០០ដុល្លារគេប្រើឲ្យខ្ញុំធ្វើក៏ខ្ញុំធ្វើដែរ ពេលខ្លះធ្វើរហូតទាល់តែអ្នកប្រាក់ខែច្រើននោះឈប់ធ្វើព្រោះគេអាងយើងធ្វើជំនួស ដូច្នេះនេះសុទ្ធតែជាដើមទុនសម្រាប់យើង”៕