«ពាក្យពិត តែងពិបាកស្ដាប់ តែពាក្យផ្អែមវិញតែងតែមិនពិត»។
នេះជា សម្ដីរបស់លោក ឡៅ សឺ ដែលជាអ្នកប្រាជ្ញរបស់ចិន ក្នុងសម័យបុរាណ។ ក្នុងន័យនេះ លោកចង់ប្រាប់មនុស្សឲ្យយល់ច្បាស់អំពីមនុស្សដែលចូលចិត្តប្រើប្រាស់ពាក្យសម្ដី«ផ្អែម» តែមានលក្ខណៈពិសពុលនៅខាងក្នុង។
ជាធម្មជាតិរបស់មនុស្ស គឺចូលចិត្តសម្ដីផ្អែម និង សម្ដីដែលលើកសរសើរ ប៉ុន្តែភ្លេចគិតអំពីធាតុពិតរបស់សម្ដីទាំងនោះ ថាតើវាមានលក្ខណៈពិត ឬ អត់? ហើយហេតុអ្វីបានជាគេនិយាយផ្អែមបែបនេះ? សម្រាប់មនុស្សដែលចង់បានប្រយោជន៍ពីអ្នក ឬ ចង់បោកប្រាស់អ្នក ពួកគេមិនដែលប្រើប្រាស់ពាក្យសម្តីណាមួយធ្វើឲ្យទាស់ត្រចៀកនោះឡើយ គឺមានតែសរសើរ ហើយមហាសែនផ្អែម។
នៅពេលបានឮសម្ដីដ៏ផ្អែមនោះ មនុស្សជាច្រើនបែរជាភ្លេចគិតអំពីគោលបំណងរបស់អ្នកប្រើប្រាស់វាចាដ៏ផ្អែមនោះ អ៊ីចឹងហើយ ចុងក្រោយតែងតែទឹកភ្នែក ព្រោះលង់ជឿពាក្យគេដោយគ្មានការពិចារណាអ្វីទាំងអស់។
ដូច្នេះហើយ អ្នកត្រូវតែប្រយ័ត្នចំពោះមនុស្សពូកែសម្ដី។ សម្រាប់មនុស្សដែលចូលចិត្តនិយាយពាក្យពិតវិញ គឺតែងធ្វើឲ្យទើសត្រចៀកទាំងផង ព្រោះថា វាពិតពេក ប៉ុន្តែបើអ្នកសាកបើកបេះដូងដើម្បីទទួលស្ដាប់ ហើយយកមកពិចារណា ប្រហែលជាអាចមានប្រយោជន៍ច្រើន ព្រោះមនុស្សដែលនិយាយសម្ដីមិនសូវផ្អែមនោះ គឺមិនសូវមានគោលបំណងក្នុងការទាញយកប្រយោជន៍ពីអ្នកនោះឡើយ។
មិនមែនមានន័យថា ឲ្យតែមនុស្សសម្ដីផ្អែមដឹងតែជាមនុស្សបោកប្រាស់នោះទេ ប៉ុន្តែក្នុងនាមជាអ្នកស្ដាប់ គឺត្រូវតែប្រើខួរក្បាល ដើម្បីគិតថាតើ វាសមហេតុផល និង អាចទទួលយកបានឬទេ? មិនមែនគ្រាន់តែឮគេសរសើរនោះ បែរជាព្រមជាមួយគ្នា ដោយភ្លេចគិតឡើយ៕