ជំទាវ កែវ មុំ ៖ បើកអាជីវកម្មដែលគ្មានផែនការអនាគតក៏ដោយ ប៉ុន្តែចំណុចខ្លាំង គឺស្ថិតនៅលើគំនិត និងបញ្ញា
ការបើកអាជីវកម្មមួយ ដើម្បីឆាប់ទទួលបានជោគជ័យ ពិតជារឿងមួយមានការលំបាកខ្លាំងបំផុត ប៉ុន្តែយើងត្រូវមានដំណោះស្រាយជានិច្ចចំពោះបញ្ហា ដែលមានការប្រឈម ពេលខ្លះយើងគ្មានផែនការអាជីវកម្មក៏ដោយ គួរតែមានភាពគំនិតឆ្លាតវៃ និងបញ្ញាស្មារតីខ្ពស់ក្នុងការទទួលខុសត្រូវ។
បើតាម ជំទាវកែវ មុំ នាយកគ្រប់គ្រងក្រុមហ៊ុន នំស្រួយលីលីបានមានប្រសាសន៍ថា ការធ្វើអាជីវកម្ម ទោះមិនបានកត់ត្រាគម្រោងអាជីវកម្មចេញជាក្រដាសទំព័រចេញមកក៏ដោយ។ ប៉ុន្តែគំនិត និងបញ្ញានៃការគិតត្រូវមើលឲ្យធ្លុះពីស្ថានភាព តើអ្វីដែលយើងចង់ធ្វើ? ថាបើដើរផ្លូវនេះ តើជួបបញ្ហា ឧបសគ្គអ្វីខ្លះ? នៅពេលដែលយើងគិតហើយ វិភាគថាភាពជោគជ័យបានយើង៧០ភាគរយ ទៅ៨០ភារយ ចឹងត្រូវតែឆ្ពោះដើរទៅមុខធ្វើទៅ។
លោកជំទាវ បន្តថារីឯបញ្ហាវាតែងតែមានហើយៗ ធ្វើអ្វីមួយក៏ដោយរឿងតូច ឬរឿងធំក៏ដោយគឺតែងតែមាន យើងត្រូវចាំថាពេលដែលចាប់ផ្តើមអាជីវកម្មដំបូងតែងតែមានបរាជ័យ បើចំពោះលោកជំទាវ វិញក៏ធ្លាប់បរាជ័យដែរ ទម្រាំបានអាជីវកម្មមួយទទួលជោគជ័យ គឺសុទ្ធតែឆ្លងនូវភាពបរាជ័យ នៃអាជីវកម្មជាច្រើនរួចមកហើយ ជួបព្យុះ ភ្លៀងផ្គររន្ទះ ប៉ុន្តែលោកជំទាវមិនបាក់ទឹកចិត្ត ចឹងកុំឲ្យចុះចាញ់ឲ្យសោះ ទោះបីជួបបញ្ហា ឧបសគ្គក្តី។
នាយកគ្រប់គ្រងក្រុមហ៊ុន នំស្រួយលីលីបានបន្ថែមទៀតថា នៅពេលដែលជួបឧបសគ្គ បញ្ហាម្តងហើយម្តងទៀត ជួបយ៉ាងណាក៏ដោយកុំបាក់ទឹកចិត្តឲ្យសោះ ហើយការណាដែលបាក់ទឹកចិត្តគឺមិនអាចទៅមុខបានទេ ប៉ុន្តែយើងត្រូវគិតថាបើមិនជួប បញ្ហានោះទេ ក៏គ្មានដំណោះស្រាយដែរ ហើយមិនអាចពង្រីកអាជីវកម្មទៅមុខបានដែរ។ រាស់ការដែលធ្វើអាជីវកម្មនេះ ដាច់ខាតត្រូវតែមានករពង្រីកអាជីវកម្មជារៀងរាស់៣ឆ្នាំម្តង យ៉ាងយឺតបំផុតគឺ៥ឆ្នាំ។
ជំទាវ កែវ មុំ មនុស្សម្នាក់ៗគឺមិនអាចចេះអស់នោះទេ គឺយើងត្រូវការរៀនរហូត៕