ប្រសិនបើអ្នកសម្រេចចិត្តខ្ចីលុយពីធនាគារយកទៅពង្រីកមុខរបរ អ្នកខ្លះយកទៅចាប់ផ្តើមអាជីវកម្ម ប៉ុន្តែភាគច្រើននៃពួកគាត់ គឺទទួលបរាជ័យក្នុងការរកស៊ី ហើយមានម្ចាស់អាជីវកម្មមិនតិចទេដែលត្រូវជំពាក់បំណុលធនាគារ ជាហេតុធ្វើឲ្យពួកគាត់អស់សង្ឃឹម និងពិបាកក្នុងការចាប់ផ្តើមអាជីវកម្មសាជាថ្មី។
មានចំណុចទាំង៧ដែលនាំឲ្យអ្នកខ្ចីលុយត្រូវរលាយទាំងអស់ ៖
១. គ្មានគម្រោងច្បាស់លាស់ អ្នករកស៊ីជោគជ័យ និងអាចឈរជើងបានយូរ ជាអ្នករកស៊ីដែលមានគម្រោងផែនការអាជីវកម្មច្បាស់លាស់ ហើយមានចក្ខុវិស័យ និងឆន្ទៈខ្ពស់។ ប្រសិនបើអ្នករកស៊ី ដើម្បីតែប្រាក់ចំណូល ហើយរកស៊ីឲ្យតែរស់ អ្នកនឹងរកស៊ីដោយអោបជាប់ការលំបាកជានិច្ច។
២. ខ្សោយខាងហិរញ្ញវត្ថុ ក្រុមហ៊ុន ឫអាជីវកម្មទាំងមូលអាចមានដំណើរការទៅមុខបានអាស្រ័យលើការគ្រប់គ្រងចរន្តសាច់ប្រាក់បានល្អ និងត្រឹមត្រូវ ពិសេសពេលមានបញ្ហាចំណូលតិចជាងចំណាយ តើត្រូវដោះស្រាយបែបណា? បើខ្សោយក្នុងការគ្រប់គ្រងហិរញ្ញវត្ថុហើយ អាជីវកម្មទាំងមូលនឹងត្រូវដួលរលំក្នុងរយៈពេលដ៏ខ្លី។
៣.ខ្សោយផ្នែកគ្រប់គ្រង អ្នករកស៊ីវ័យឆ្លាត មិនដែលធ្វើការងារទាំងអស់ដោយខ្លួនឯងឡើយ ព្រោះគាត់មិនមានសមត្ថភាព ឫ ជំនាញធ្វើការងារគ្រប់បែបយ៉ាងដោយខ្លួនឯងនោះទេ។ ម្ចាស់អាជីវកម្មវ័យឆ្លាត នឹងប្រើប្រាស់ប្រព័ន្ធនៃការគ្រប់គ្រងដែលមានប្រសិទ្ធិភាព ដើម្បីគ្រប់គ្រងអាជីវកម្មឲ្យមានដំណើរការទៅមុខ ពិសេសរៀបចំប្រព័ន្ធគ្រប់គ្រងលើបុគ្គលិក។
៤.ហេតុផលនៃការរកស៊ី អ្នកចាប់ផ្តើមរកស៊ីមួយចំនួន មិនមានហេតុផលច្បាស់លាស់ណាមួយនៃការចាប់ផ្តើមរកស៊ីរបស់ខ្លួនឡើយ។ អ្នកខ្លះគ្រាន់តែយល់ថា រកស៊ីមុខរបរនេះ ឬមុខរបរនោះវាទំនង វាងាយស្រួល ឃើញគេរកស៊ីចំណេញច្រើន រកស៊ីតាមគេ ឫ រកស៊ីគ្រាន់តែកុំឲ្យខ្លួនទំនេរ និងបាននៅជិតប្រពន្ធកូនជាដើម។ ហេតុផលទាំងនេះ មិនមែនជាមូលហេតុដ៏សាកសមក្នុងការចាប់ផ្តើមរកស៊ីឡើយ។
៥.ពង្រីកមុនពង្រឹង អាជីវកម្មដែលដួលរលំភាគច្រើន ខ្ចីលុយធនាគារយកទៅពង្រីកអាជីវកម្ម ពង្រីកសាខា ទាំងដែលអាជីវកម្មរបស់ខ្លួនមិនទាន់រឹងមាំ មិនទាន់មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់នៅឡើយ ដែលនេះបង្កឲ្យមានហានិភ័យដ៏ធំក្នុងការប្រកបអាជីវកម្ម ឫ ដំណើរការក្រុមហ៊ុន។
៦.ការផ្សព្វផ្សាយ អាជីវកម្មរបស់អ្នកអាចជោគជ័យបានអាស្រ័យលើការផ្សព្វផ្សាយដ៏មានប្រសិទ្ធិភាព និងចំគោលដៅ។ ការផ្សព្វផ្សាយដែលមានប្រសិទ្ធិភាពនឹងជួយឲ្យមនុស្សគ្រប់គ្នាដឹងថាអ្នកកំពុងធ្វើអ្វី ហើយក៏ជួយស្វែងរកដៃគូអាជីវកម្ម ឫ អតិថិជនឲ្យអ្នកផងដែរ៕