គ្រប់របស់ប្រើប្រាស់ យើងអាចយកប្រើតាមសមត្ថភាពរបស់ពួកវា ដូចមនុស្សយើងដែរ បើប្រើខុសសមត្ថភាព ពេលវេលាអាចនឹងបង្ករទៅជាទុក្ខទោស ឬគ្រោះថ្នាក់វិញបាន។ ជាក់ស្តែង ដីភក់ម៉េចនឹងអាចយកធ្វើជញ្ជាំងកើត បើមិនបានដុតកម្លោចទៅជាឥដ្ឋសិនទេ។
ស៊ីម៉ាអ៊ីថា គឺជាទីប្រឹក្សារបស់ ឆាវឆាវ និង ឆាវភី គេបានផ្តល់គំនិតយោបល់ច្រើន ក្នុងការដឹកនាំជាតិ និងកងទ័ពឱ្យទទួលបានជោគជ័យយ៉ាងច្រើនពីមួយសម័យទៅមួយសម័យ។ ប៉ុន្តែថ្វីបើគេមានសមត្ថភាពពិតមែន តែគេពុំចេះអួតអាងដូចអ្នកចេះដឹងខ្លះទេ មានតែធ្វើជាមិនដឹង ឬមិនចេះទៅវិញ។ គាត់បាននិយាយថា “មនុស្សចេះពិតប្រាកដ គឺគេធ្វើឱ្យអ្នកដទៃមើលមិនឃើញពីសមត្ថភាពរបស់ខ្លួន”។
តួយ៉ាង នៅក្នុងសម័យ “ប៉ុល ពត” ឬសម័យខ្មែរក្រហម អ្នកចេះដឹង អ្នកដែលមានកេរ្តិ៍ល្បីល្បាញដូចជាពួកតារាចម្រៀង តន្ត្រីករ មន្ត្រីរាជការ ។ល។ ត្រូវបានពួកខ្មែរក្រហម យកទៅសម្លាប់ចោលគ្មានសល់ នៅសល់តែអ្នកចេះដែលលាក់ពីអត្តសញ្ញាណ និងសមត្ថភាពពិតប្រាកដ ទើបបានអាចរក្សាជីវិតខ្លួនបាន។
ក៏ប៉ុន្តែ ជាក់ស្តែងការលើកឡើងរបស់ ស៊ឺម៉ាអុីថា “ដីភក់យកមកបៀកជញ្ជាំង គឺមិនជិតទេ”។ នៅក្នុងន័យនេះ គេចង់បង្ហាញថា មនុស្សដែលគ្មានសមត្ថភាព អ្នកដែលពូកែអួតអាងលើសពីការពិត ថ្ងៃណាមួយនឹងត្រូវបែកធ្លាយ ឬមិនអាចលាក់បាំងជិតបាន។ ម្យ៉ាងវិញទៀត អ្នកដែលគ្មានសមត្ថភាពពិប្រាកដ ប្រៀបដូចដីភក់នេះ ពេលភ្លៀងមកនឹងត្រូវរលាយអស់វិញ បើយើងយកមកធ្វើជញ្ជាំងការពារក្រុង។
ដូច្នេះហើយ បើចង់យកដីមកធ្វើជាជញ្ជាំង គឺត្រូវយកដីឥដ្ឋដែលបានដុតយ៉ាងឆ្អិត ទើបអាចយកមកធ្វើជញ្ជាំងការពារក្រុងបានរឹងមាំ និងយូរអង្វែងបាន។ ប្រសិនបើប្រើមនុស្ស កុំយកមនុស្សគ្មានសមត្ថភាពធ្វើរឿងសំខាន់ ឬកិច្ចការធំអាចនាំទុក្ខដល់ខ្លួនឯងដូចយកដីភក់ធ្វើជញ្ជាំងក្រុងអ៊ីចឹង៕