មនុស្សមួយចំនួនតែងតែចំណាយទៅលើសំភារះប្រើប្រាស់ប្រចាំថ្ងៃរបស់ខ្លួន អស់ជាច្រើនស្ទើរៀងរាល់ថ្ងៃ ហើយផលិតផលទាំងនោះគេអាចកំណត់គុណភាពបានដោយសារតែ ម៉ាកយីហោ និងបទពិសោធន៍ប្រើប្រាស់ពីពេលមុនៗមក។
ទាក់ទងនិងគុណភាពនៃផលិតផលនោះលោក Herbert Hainer គឺជា CEO របស់ក្រុមហ៊ុនផលិតសំភារះ និងសំលៀកបំពាក់ម៉ាកកីឡា Adidas លោកបានលើកឡើងថា “ផលិតផលដែលល្អបំផុតត្រូវតែមានគុណភាពខ្ពស់ស្មើ ឬលើសពីតម្លៃដែលភ្ញៀវចំណាយ”។
ជាការពិតណាស់នៅពេលមនុស្សម្នាក់ចំណាយលុយទៅទិញរបស់អ្វី គេតែងតែរំពឹងថា របស់ដែលគេបានទិញមកនេះ គឺមានគុណភាពល្អសមនិងបំណងដែលគេបានគិត។ ប៉ុន្តែបើសិនផលិតផលនោះយកទៅប្រើប្រាស់មិនបានប៉ុន្មានផងក៏ខូចគុណភាព និងមានបញ្ហាផ្សេងៗធ្វើអោយគេប្រើប្រាស់មិនកើតនោះក្រុមហ៊ុន ឬអាជីវកម្មរបស់អ្នក និងមានបញ្ហាជាក់ជាមិនខាន។ លោក Herbert Hainer បានលើកឡើងដែរថា Adidas បានផលិតឡើងជាពិសេសដោយយកចិត្តទុកដាក់លើគុណភាពជាចំបង ហើយគ្រប់ផលិតផលដែល Adidas ផលិតចេញគឺសំរិតសំរាំងបំផុត។
Adidas យកចិត្តទុកដាក់បំផុតទៅលើផលិតផលរបស់ខ្លួន ហើយអ្វីដែលជាគោលការណ៍របស់ក្រុមហ៊ុននេះគឺ គុណភាព គឺស្មើ ឬអាចលើសទៅនិងតម្លៃដែលអតិថិជនបានចំណាយក្នុងការទិញ។
ដោយសារតែមូលហេតុនេះហើយទើបក្រុមហ៊ុន Adidas អាចមានវត្តមាននៅលើទីផ្សារ និងទទួលបានប្រាក់ចំណូលរាប់លានដុល្លាពីការលក់ផលិតផលរបស់ខ្លួន។ ភាពទាក់ទាញមួយទៀតនៅពេលដែលអតិថិជន ប្រើប្រាស់ផលិតផលនេះ គឺពួកគេមានទំនុកចិត្ត ទៅលើផលិតផលនេះទាំងស្រុងដោយគ្មានការសង្ស័យអ្វីឡើយ។
មូលហេតុនេះក៏ដោយសារតែក្រុមហ៊ុន Adidas បានកសាងកេរ្តិ៍ឈ្មោះជាច្រើនឆ្នាំកន្លងមក ដោយផ្តោតទៅលើគុណភាពជាចំបង។ ដូច្នេះហើយបើសិនជាអ្នកចង់អោយផលិតផលរបស់អ្នកមានការគាំទ្ររនោះ អ្នកត្រូវតែច្បាស់ថា ផលិតផលរបស់អ្នកមានគុណភាពស្មើនិងតម្លៃដែលអតិថិជនបានចំណាយហើយឬនៅ៕