នៅលើលោកនេះ មានមហាសេដ្ឋីច្រើនរូបណាស់ ដែលមានចាប់ផ្តើមចេញរកសុីដោយមានដើមទុនតិចហើយសព្វថ្ងៃក្រុមហ៊ុនពួកគាត់ ក្លាយជាក្រុមហ៊ុនធំៗបំផុតរបស់ពិភពលោក។ក្នុងចំណោម អ្នកទាំងនោះក៏មានលោកមហាសេដ្ឋីមានជាងគេបំផុតរបស់ចិនគឺលោក Jack ma ម្នាក់ដែរ។
ជាអតីតគ្រូបង្រៀន លោកអ្នកប្រហែលគិតថា ជំនាញជាគ្រូបង្រៀនរបស់ Jack Ma នោះបានជួយគាត់ដល់ការចាប់ផ្តើមរកសុីរបស់គាត់ហើយ តែតាមពិតទៅ មានជំនាញផ្សេងមួយទៀត សំខាន់បំផុតដែល Jack Ma បានប្រើយ៉ាងល្អ ក្នុងការកសាងអាជីវកម្មរបស់គាត់រហូតបានជោគជ័យខ្លាំង ដូចសព្វថ្ងៃជំនាញមួយនោះគឺជំនាញលក់។
លោកមហាសេដ្ឋីJack Ma ជាមនុស្សដែលពូកែលក់ណាស់ តែគាត់លក់បែបសហគ្រិន។គាត់មិនដូចអ្នកលក់ធម្មតាទេ ព្រោះគាត់មិនមែនលក់ផលិតផលធម្មតានោះទេ គឺគាត់លក់ក្តីស្រមៃ។ ចំណុចទី១ដែលទាំងអស់គ្នាធ្លាប់បានដឹងរួចមកហើយ គឺលោកមហាសេដ្ឋីចិនរូបនេះ បានលក់ក្តីស្រមៃក្នុងគម្រោងអាជីវកម្មដំបូងរបស់គាត់ ទៅមនុស្សដែលស្គាល់គាត់ដែលភាគច្រើនគឺកូនសិស្សគាត់តែម្តង។ ការលក់ក្តីស្រមៃទីមួយ បានធ្វើឲ្យគាត់អាចប្រមូលទុនបានប្រហែលជា៥ម៉ឺនដុល្លារចាប់ផ្តើមអាលីបាបា។
ការលក់ទី២ ដែលលោកមហាសេដ្ឋី Jack Ma បានធ្វើយ៉ាងល្អផងដែរនោះគឺការលក់ក្តីស្រមៃដដែលទៅសហគ្រិនអាជីវកម្មតូចៗ ដែលមានរាប់លានអាជីវកម្មនៅស្រុកចិន។ ជាលទ្ធផលក្នុងរយះពេល៣ឆ្នាំដំបូង គាត់បានលក់ដាច់ច្រើនណាស់ពោលគឺបានបញ្ចុះបញ្ចូលសហគ្រិនច្រើននាក់មកប្រើវេបសាយរបស់គាត់ដើម្បីលក់ទំនិញ។
តែយ៉ាងណាក្នុងកំទ្បុងពេលនោះគាត់គ្មានបានប្រាក់សូម្បីតែមួយរៀល ពីសហគ្រិនទាំងនោះក្រៅពីពាក្យអរគុណតែប៉ុណ្ណោះ។ រហូតមកដល់សព្វថ្ងៃ អាជីវកម្មតូចៗទាំងនោះបានកើនទ្បើងរហូតដល់ជាង១០លានអាជីវកម្មឯនោះបានចុះឈ្មោះប្រើអាលីបាបាដើម្បីលក់ទំនិញចេញ។
មិនទាន់អស់ទេ ការលក់ទី៣ ដែលលោកមហាសេដ្ឋី Jack Ma បានសម្រេចនោះការលក់ក្តីស្រមៃទៅដល់មហាសេដ្ឋីជប៉ុនលោក Masayoshi Son នៅឆ្នាំ២០០០។ វាជាលើកទី១ហើយដែលលោក Jack Ma អាចប្រមូលទុនចូលក្រុមហ៊ុនរបស់លោកបានយ៉ាងច្រើនបែបនេះ ហើយវាក៏ជាទំនុកចិត្តមួយធំផងដែរសម្រាប់បុគ្គលិកនិងរូបគាត់នៅកាលនោះ។
តែយ៉ាងណា អ្នកដែលចំណេញច្រើនចេញពីការលក់មួយនេះតាមពិតទៅគឺអ្នកទិញរបស់លោក Jack Ma ទៅវិញទេ ដោយរហូតមកដល់ពេលនេះ លុយដែលគាត់បានបង់ឲ្យទៅលោក Jack Ma ប្រមាណជា២០លានដុល្លារកាលនោះ ឥទ្បូវលុយនោះបានទ្បើងរហូតដល់ជាង១១០ពាន់លានដុល្លារឯនោះ។
ជាសរុបទៅជំនាញលក់ដែលលោក Jack Ma មាន បានធ្វើឲ្យអាជីវកម្មគាត់មានការរីកចម្រើនខ្លាំងខុសពីការរំពឹងគិតរបស់អ្នកជុំវិញគាត់ ដែលនាំគ្នាគិតថាគ្មានផ្លូវទេ អាជីវកម្មដែលមនុស្សពេញមួយនរគមិនស្គាល់ថាអ្វីផងនោះ។ ដូចនេះ សូមគ្រប់គ្នានាំគ្នាអភិវឌ្ឍជំនាញលក់ឲ្យខ្លាំងនោះអាជីវកម្មរបស់លោកអ្នក នឹងមានការរីកចម្រើនដូចអាជីវកម្មរបស់លោក Jack Ma ផងដែរ៕