ខេត្តត្បូងឃ្មុំត្រូវបានបង្កើត ឡើងដោយកាត់យកក្រុងចំនួន១ និងស្រុកចំនួន៦ ពីខេត្តកំពង់ចាមគឺ ក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកពញាក្រែក និងស្រុកមេមត់។
ជាក់ស្តែង ខេត្តមួយនេះកំពុងតែមានការអភិវឌ្ឍបណ្តើរៗ ដែលធ្វើឲ្យតម្លៃដីនៅខេត្តត្បូងឃ្មុំនាពេលបច្ចុប្បន្ននេះ កំពុងមានសន្ទុះឡើងខ្លាំងមែន ពិសេសដីដែលស្ថិតនៅចំណុចសំខាន់ៗមួយចំនួនដូចជាដីនៅទីរួមខេត្ត។
លោក សារី អ៊ីសា បានឲ្យដឹងថា ទីរួមខេត្តត្បូងឃ្មុំជាទីតាំងសម្រាប់តំបន់គម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងសាលាខេត្ត ដូចជា គម្រោងសាងសង់មណ្ឌលពាណិជ្ជកម្មជាតិ និងអន្តរជាតិ ប្រមូលម្តុំដោយសំណង់អគាររដ្ឋបាល សំណង់លំនៅឋាន តំបន់កម្សាន្តបែបប្រវត្តិសាស្ត្រ និងប្រមូលផ្តុំដោយអគារពាណិជ្ជកម្ម ផ្សារទំនើប ជិតមន្ទីរពេទ្យរដ្ឋ និងសាកលវិទ្យាល័យជាដើម។
វិស័យអចលនទ្រព្យនៅក្នុងទឹកដីខេត្តត្បូងឃ្មុំ មានការរីកចម្រើនលឿនស្ទើរតែមិនគួរឲ្យជឿ ជាពិសេសវិស័យដីឡូត៍មានសន្ទុះយ៉ាងខ្លាំង មានក្រុមហ៊ុនពុះដីឡូត៍ជាច្រើនលេចឡើងនៅខេត្តត្បូងឃ្មុំ ជាមួយនិងតម្លៃទៅតាមតំបន់។
បច្ចុប្បន្ននេះមានក្រុមនហ៊ុនចន្លោះពី៣០ទៅ៤០ កំពុងតែចូលមកវិនិយោគនៅក្នុងខេត្តថ្មីនេះ ដែលភាគច្រើនជាក្រុមហ៊ុនពុះដីឡូតិ៍លក់ និងមានការសាងសង់បុរីផងដែរ ដែលវាជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍ និងទាក់ទាញប្រជាពលរដ្ឋ ឱ្យងាកមកចាប់អារម្មណ៍ចូលមករស់នៅកាន់តែច្រើន។
បើយោងតាមរយៈ អភិបាលខេត្តត្បូងឃ្មុំបានមានប្រសាសន៍ ថា នៅក្នុងរយៈពេល៣-៥ឆ្នាំខាងមុខ ប្រជាពលរដ្ឋនឹងចូលទៅរស់នៅក្នុងទីរួមខេត្តត្បូងឃ្មុំរាប់ម៉ឺននាក់ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនកាន់តែច្រើន កំពុងចូលមកវិនិយោគក្នុងទឹកដីខេត្តត្បូងឃ្មុំ។
យ៉ាងណាមិញ លោក បានបញ្ជាក់ដែរថា ក្រុមហ៊ុនអចលនទ្រព្យដែលទៅវិនិយោគនៅក្នុងទឹកដីខេត្តត្បូងឃ្មុំមួយចំនួនដែលមានអញ្ញាប័ណ្ឌពីឃុំ សង្កាត់ ឬស្របច្បាប់ ហើយក៏មានក្រុមហ៊ុនអចលនទ្រព្យមួយចំនួនទៀតធ្វើការវិនិយោគ ដោយគ្មានការអនុម័តពីសំណាក់អជ្ញាធរ នៅក្នុងតំបន់ផងដែរ ដូចនេះ ត្រូវចេះស្វែងយល់ឲ្យបានច្បាស់ មុនពេលសម្រេចចិត្តទិញ៕