ឧកញ៉ា​ សៀ រិទ្ធី ៖ ក្បួនចេះ​អចលនទ្រព្យ​ត្រូវ​ពូកែមើលទីតាំង​ ប្រភេទដីធ្លី ផ្ទះ អគារ​ខុនដូ អាគារពាណិជ្ជកម្ម​

អ្នកវិនិយោគអចលនទ្រព្យពូកែមិនត្រឹមតែចេះមើលពីទីតាំង ប្រភេទដីធ្លី ផ្ទះ អគារខុនដូ អគារពាណិជ្ជកម្ម និន្នាការអនាគត​នោះទេ តែក៏ជាអ្នកជំនាញលើការប្រើប្រាស់ហិរញ្ញវត្ថុដើម្បីវិនិយោគដែរ។

លោកឧកញ៉ា សៀ ឫទ្ធីបានលើកឡើងថា សម្រាប់អ្នកដែលមានហិរញ្ញវត្ថុបរិបូរណ៍មិនសូវជាជួបបញ្ហាក្នុងការវិនិយោគនោះទេ តែសម្រាប់អ្នកដែលមានហិរញ្ញវត្ថុស្ដួចស្ដើង វាទាមទារឲ្យអ្នកចេះប្រើប្រាស់វាឲ្យចំគោលដៅ ជាពិសេសគឺការចេះស្វែងរកដៃគូដើម្បីបណ្ដាក់ទុន វិនិយោគ។

អំឡុងពេលមានវិបត្តិ អ្នកដែលអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទិញអចលនវត្ថុ និងអាចពុះពារក្នុងការធ្លាក់ចុះនេះបាន នឹងអាចក្លាយជាទៅជាអ្នកមាន។ ស្ថិតនៅក្នុងកាលៈទេសៈនេះ លោកឧកញ៉ា សៀ ឫទ្ធី បានគូសបញ្ជាក់ថា ពេលមានវិបត្តិ គឺជាឱកាសក្លាយជាអ្នកមានសម្រាប់វិនិយោគិនប្រសិនបើពួកគាត់មានភាពវៃឆ្លាតក្នុងការវិនិយោគ។

នៅពេលនិយាយដល់ការខ្ចីធនាគារដើម្បីវិនិយោគ លោកឧកញ៉ាហាក់មិនសូវជំរុញឲ្យសហគ្រិនប្រើប្រាស់កម្ចីធនាគារច្រើននោះទេ តែលោកលើកទឹកចិត្តចំពោះភាពក្លាហានក្នុងការវិនិយោគ ដោយលោកលើកឡើងថា បើប្រើកម្ចីធនាគារវិនិយោគ គួរតែកុំឲ្យលើសពី៤០%នៃចំណូលរបស់ខ្លួន ទើបមិនសូវប្រឈមនឹងហានិភ័យ។

មនុស្សជាច្រើនតែងចង់មានចង់បាន លឿនក្នុងវិនិយោគអចលនទ្រព្យ តែលោកឧកញ៉ា បានលើកឡើងថា វាអាស្រ័យលើធនធានរបស់វិនិយោគិន។ សម្រាប់អ្នកមានលុយច្រើន​ចង់ចំណេញលឿន ពួកគេអាចទៅរកទិញដីល្អៗក្នុងតំបន់មាន​សក្ដានុពលមានតម្លៃខ្ពស់ តែពួកគេអាចលក់វិញបានលឿន និងចំណេញច្រើនដែរ តែសម្រាប់អ្នកមានធនធានតិចតួច ត្រូវពិចារណាឲ្យបានល្អិតល្អន់មុននឹងវិនិយោគ។

លោកបានឲ្យជាយោបល់ថា បើអ្នកចង់បានចំណេញច្រើនអ្នកអាចរកទិញដីនៅកន្លែងណាមួយដែលមានតម្លៃសមរម្យ ទីតាំងមានអំណោយផលគួរសម មានច្បាប់អនុញ្ញាត និងមិនមានជាប់ពាក់ព័ន្ធនឹងជម្លោះ ហើយចេះធ្វើបដិវត្តន៍ ឬដុសខាត់ដីនោះឲ្យល្អ រៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ រួចអ្នកអាចរៀបចំដីនោះពុះជាឡូតិ៍លក់បន្ត នោះអ្នកនឹងអាចចំណេញឆាប់ ដោយមិនចាំបាច់អភិវឌ្ឍជាសំណង់ដោយប្រើពេវេលា និងដើមទុនច្រើននោះទេ៕