កែវ ឡង់ឌី ៖ សកម្មភាពរបស់យើងបានធ្វើ វានឹងបង្ហាញលទ្ធផលតាមហ្នឹង បើរកស៊ីអ្វីអ្នកនឹងទទួលបានផលនោះវិញ
និយាយជាភាសាមួយងាយស្រួលបំផុត ប៉ុន្តែការធ្វើពិតជាមិនងាយស្រូលដូចការនិយាយឡើយ ផ្ទុយទៅវិញការធ្វើ គឺវាមានភាពលំបាកបន្តិចតែប្រហែលជាទទួលលទ្ធផលច្រើនជាងការនិយាយ។ ចង់បានលទ្ធផលនៅថ្ងៃស្អែក លុះត្រាតែ Take Action នៅថ្ងៃនេះ ហើយព្យាយាមធ្វើនូវសកម្មភាពទាំងឡាយណាដែល អ្នកគិតថាជាផ្លូវត្រូវ ហើយមានប្រយោជន៍នាថ្ងៃអនាគតបាន។
លោក កែវ ឡង់ឌី បាននិទានរឿងខ្លីមួយថា៖ កាលពីព្រេងនាយ មានសេដ្ឋីម្នាក់ បានយកដុំថ្មដ៏ធំទៅដាក់បាំង នៅខាងមុខផ្លូវធ្វើដំណើរ ដោយបានបង្កប់មាសមួយដុំ ហើយមានអ្នកដំណើរច្រើនណាស់ជិះកាត់ហើយមើលរំលងពីដុំថ្មនេះ។ ពេលមួយបុរសម្នាក់បានឃើញដុំថ្មនោះ ហើយក៏បានលើកវាចេញយ៉ាងត្រដាបត្រដួស ស្រាប់តែឃើញមាសមួយដុំធំនោះ ពេលនោះគាត់និយាយថា សំណាងណាស់ថ្ងៃនេះខ្ញុំ សេដ្ឋីក៏ចេញមកប្រាប់បុរសនោះថា នេះមិនមែនជាសំណាងរបស់អ្នកទេអ្នកកម្លោះ “តែវាជាអ្វីដែលអ្នកទទួលបាននៅពេលដែលអ្នកធ្វើសកម្មភាព” បុរសនោះក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភ ក៏ដោយសារតែដុំថ្មនេះឯង។
រឿងនេះស្តែងបញ្ជាក់ថាលទ្ធផលពិតប្រាកដ គឺបានមកពីការធ្វើសកម្មភាព លោកកែវ ឡង់ឌី បានបន្តទៀតថា មិនចាច់ចាំពាក្យអ្វីច្រើនទេ ចាំតែរូបមន្តមួយម៉ាត់បានហើយគឺ “ធ្វើ” ត្រូវទន្ទេញពាក្យនេះឲ្យចាំជានិច្ច បើចង់បានសម្រេចនូវកិច្ចការអ្វីមួយ។ សម្រាប់ខ្លួនរបស់អ្នកវិញ អ្វីដែលអ្នកគិតតើអ្នកបានធ្វើវាហើយឫនៅ? បើនៅទេចាំពេលណាទៀត?