អ្នកវិភាគអចលនទ្រព្យបានវាយតម្លៃថា តម្លៃដីធ្លីបានកើនឡើងចាប់ពីចន្លោះ១០ទៅ១៥%នៅដើមឆ្នាំ២០១៩នេះ
ក្រុមអ្នកជំនាញបានលើកឡើងថា នៅដើមឆ្នាំ២០១៩នេះ តម្លៃដីធ្លីឆ្នាំនេះមានកំនើនជាវិជ្ជមាន ដោយតម្លៃបានកើនឡើងចន្លោះ១០ទៅ១៥% ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើតាមលោក ច្រឹក សុខនីម ប្រធានសមាគមវាយតម្លៃភ្នាក់ងារអចលនទ្រព្យកម្ពុជា បានថ្លែងប្រាប់ថា ជាទូទៅចំពោះវិស័យដីធ្លី ទោះតិច ឬច្រើន គឺតែងមានការកើនឡើងជាប់ជាប្រចាំ។ លោកបានបន្តទៀតថា “មិនថាទោះជានៅតំបន់ណានោះទេ ចំពោះតម្លៃដីាតែងមានការកើនឡើងជាប្រចាំឆ្នាំ ជាពិសេសដីដែលស្ថិតនៅតាមតំបន់ជាយក្រុង ដែលកំពុងតែមានការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ”។ លោកបានបន្តទៀតថា ដីនៅក្នុងតំបន់ក្រុងសម្រាប់ដើមឆ្នាំ២០១៩នេះ ហាក់មិនសូវជាមានការប្រែប្រួលនោះទេ ព្រោះតម្លៃដីក៏ដូចជាអចលនទ្រព្យផ្សេងមានការកើនឡើងខ្ពស់ដល់កំពូលរួចទៅហើយ ប៉ុន្តែបើដីដែលស្ថិតនៅតាមតំបន់ជាយក្រុងគឺមានឱកាសឡើងថ្លៃ។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅថ្ងៃដដែលនេះថា មិនថាចំពោះតែវិស័យដីធ្លីនោះទេ នៅដើមឆ្នាំ២០១៩នេះ តម្លៃអចលនទ្រព្យទាំងអស់សុទ្ធតែមានការកើនឡើង ខណៈដែលកំណើននៃការសាងសង់ ក៏មានការកើនឡើងរហូតដល់ប្រមាណ១៨,១%។
អ្នកនាងបន្តទៀតថា “បើនិយាយតែចំពោះវិស័យដីធ្លី គឺមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសដីដែលស្ថិតភាគខាងត្បូងនៃរាជធានីភ្នំពេញតែម្ដង ដោយសារតែនៅតំបន់នេះមានការអភិវឌ្ឍច្រើនលើផ្នែកហេដ្ឋារចនាសម្ព័ន្ឋ”។ អ្នកនាងបន្តថា “នៅភាគខាងត្បូងនេះមានការអភិវឌ្ឍ និងរីកចម្រើនខ្លាំង ដែលក្រៅពីមានភាពល្អប្រសើរពីមហាវិថីសម្តេចតេជោ៦០ម៉ែត្រដែលមានគំរោងផ្សារទំនើប និងបុរីលំនៅដ្ឋានជាច្រើននៅតំបន់នោះ”។
អ្នកនាង អាន សុធីតា បានបន្តថា បច្ចុប្បន្នគម្រោងផ្សារទំនើប AEON3 គម្រោងផ្សារទំនើបរបស់ក្រុមហ៊ុន ប៉េងហួត និងគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលមានតម្លៃរាប់លានដុល្លារនោះជាពិសេស គម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី ក៏មានការសាងសង់ផ្លូវជាច្រើនខ្សែដែលធ្វើឱ្យតំបន់នេះ កាន់តែមានសក្ដានុពលខ្លាំងជាងតំបន់ជាយក្រុងដទៃទៀត៕